គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 18:6-18 Khmer Standard Version (KHSV)

6. ប្រសិន​បើ​ពួក​លេវី​ម្នាក់​ចាក​ចេញ​ពី​ក្រុង​ណា​មួយ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ជា​កន្លែង​ដែល​ខ្លួន​រស់​នៅ ហើយ​មាន​បំណង​ទៅ​នៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់​ជ្រើស​រើស

7. គាត់​អាច​បំពេញ​មុខ‌ងារ​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដូច​ពួក​លេវី​ឯ​ទៀតៗ​ជា​បង‌ប្អូន​របស់​ខ្លួន ដែល​ធ្វើ​ការ​នៅ​ទី‌សក្ការៈ​នោះ

8. ហើយ​គាត់​ក៏​អាច​ទទួល​អាហារ​មួយ​ចំណែក​ស្មើ​នឹង​ពួក​លេវី​ឯ​ទៀតៗ ថែម​ពី​លើ​អ្វីៗ​ដែល​គាត់​លក់​បាន»។

9. «កាល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ មិន​ត្រូវ​រៀន​យក​តម្រាប់​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង​នោះ​ឡើយ។

10. ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន​ទៅ​បូជា​ក្នុង​ភ្លើង។ មិន​ត្រូវ​ឲ្យ​មាន​នរណា​ម្នាក់ បញ្ជាន់​រូប ទស្សន៍‌ទាយ ប្រព្រឹត្ត​មន្ត‌អាគម ឬ​អំពើ​អាប‌ធ្មប់

11. ធ្វើ​អំពើ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ទៅ​រក​គ្រូ​អន្ទង​ខ្មោច ទៅ​រក​គ្រូ​ទាយ មើល​ជោគ‌រាសី និង​ខាប​ព្រលឹង​ដែរ

12. ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ទុក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ជា​មនុស្ស​គួរ​ស្អប់​ខ្ពើម។ ព្រោះ​តែ​ប្រជា‌ជាតិ​នានា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ហើយ បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។

13. អ្នក​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ជា‌និច្ច។

14. ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​អ្នក​នឹង​ដេញ​ចេញ​ពី​ទឹក​ដី តែងតែ​ស្ដាប់​ពាក្យ​របស់​គ្រូ​ទស្សន៍‌ទាយ និង​គ្រូ​ធ្មប់។ ចំណែក​ឯ​អ្នក​វិញ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​ឲ្យ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ឡើយ។

15. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ក្នុង​ចំណោម​អ្នក ហើយ​លោក​ជា​បង‌ប្អូន​របស់​អ្នក។ ចូរ​នាំ​គ្នា​ស្ដាប់​តាម​ព្យាការី​នោះ​ចុះ

16. ដ្បិត​នៅ​ថ្ងៃ​អ្នក​ជួប‌ជុំ​គ្នា​នៅ​ហោរែប អ្នក​បាន​ទូល​សូម​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បែប​នេះ​ឯង គឺ​អ្នក​ពោល​ថា “សូម​កុំ​ឲ្យ​យើង​ខ្ញុំ​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ត​ទៅ​ទៀត ហើយ​ក៏​កុំ​ឲ្យ​យើង​ខ្ញុំ​ឃើញ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នេះ​ដែរ ក្រែង​លោ​យើង​ខ្ញុំ​ត្រូវ​ស្លាប់”។

17. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “សេចក្ដី​ដែល​ពួក​គេ​និយាយ​ពិត​ជា​ត្រឹម​ត្រូវ​មែន។

18. យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​អ្នក ងើប​ឡើង​ពី​ក្នុង​ចំណោម​បង‌ប្អូន​របស់​ខ្លួន យើង​នឹង​ដាក់​ព្រះ‌បន្ទូល​របស់​យើង​ក្នុង​មាត់​របស់​ព្យាការី​នោះ លោក​នឹង​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 18