គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 18:12-22 Khmer Standard Version (KHSV)

12. ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ទុក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ជា​មនុស្ស​គួរ​ស្អប់​ខ្ពើម។ ព្រោះ​តែ​ប្រជា‌ជាតិ​នានា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ហើយ បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។

13. អ្នក​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ជា‌និច្ច។

14. ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​អ្នក​នឹង​ដេញ​ចេញ​ពី​ទឹក​ដី តែងតែ​ស្ដាប់​ពាក្យ​របស់​គ្រូ​ទស្សន៍‌ទាយ និង​គ្រូ​ធ្មប់។ ចំណែក​ឯ​អ្នក​វិញ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​ឲ្យ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ឡើយ។

15. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ក្នុង​ចំណោម​អ្នក ហើយ​លោក​ជា​បង‌ប្អូន​របស់​អ្នក។ ចូរ​នាំ​គ្នា​ស្ដាប់​តាម​ព្យាការី​នោះ​ចុះ

16. ដ្បិត​នៅ​ថ្ងៃ​អ្នក​ជួប‌ជុំ​គ្នា​នៅ​ហោរែប អ្នក​បាន​ទូល​សូម​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បែប​នេះ​ឯង គឺ​អ្នក​ពោល​ថា “សូម​កុំ​ឲ្យ​យើង​ខ្ញុំ​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ត​ទៅ​ទៀត ហើយ​ក៏​កុំ​ឲ្យ​យើង​ខ្ញុំ​ឃើញ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នេះ​ដែរ ក្រែង​លោ​យើង​ខ្ញុំ​ត្រូវ​ស្លាប់”។

17. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “សេចក្ដី​ដែល​ពួក​គេ​និយាយ​ពិត​ជា​ត្រឹម​ត្រូវ​មែន។

18. យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​អ្នក ងើប​ឡើង​ពី​ក្នុង​ចំណោម​បង‌ប្អូន​របស់​ខ្លួន យើង​នឹង​ដាក់​ព្រះ‌បន្ទូល​របស់​យើង​ក្នុង​មាត់​របស់​ព្យាការី​នោះ លោក​នឹង​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់។

19. អ្នក​ណា​មិន​ស្ដាប់​ពាក្យ​ដែល​លោក​ថ្លែង ក្នុង​នាម​យើង​ទេ យើង​នឹង​ដាក់​ទោស​អ្នក​នោះ។

20. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្យាការី​ណា​ម្នាក់​ហ៊ាន​ថ្លែង​ពាក្យ​អ្វី​មួយ​ក្នុង​នាម​យើង ជា​ពាក្យ​ដែល​យើង​មិន​បាន​បង្គាប់​ឲ្យ​ថ្លែង ឬ​ប្រសិន​បើ​គេ​ថ្លែង​ពាក្យ​ក្នុង​នាម​ព្រះ​ដទៃ​ទៀត ព្យាការី​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់”។

21. អ្នក​ប្រហែល​ជា​សួរ​ថា តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ដឹង​ថា ពាក្យ​ណា​មួយ​ដែល​មិន​មែន​មក​ពី​ព្រះ‌អម្ចាស់។

22. ពេល​ព្យាការី​ណា​ម្នាក់​ថ្លែង​ពាក្យ​ក្នុង​នាម​របស់​ព្រះ‌អម្ចាស់ តែ​មិន​ឃើញ​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង ដូច​ពាក្យ​គេ​ប្រកាស​ទេ បាន​សេចក្ដី​ថា​ពាក្យ​នោះ​មិន​មែន​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ។ ព្យាការី​នោះ​ហ៊ាន​និយាយ​ដោយ​ចិត្ត​ឯង ដូច្នេះ កុំ​ខ្លាច​គេ​ឲ្យ​សោះ»។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 18