គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 16:11-18 Khmer Standard Version (KHSV)

11. ត្រូវ​ជប់‌លៀង​យ៉ាង​សប្បាយ​ជា​មួយ​កូន​ប្រុស​កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។ ត្រូវ​ជប់‌លៀង​បែប​នេះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្តែង​ព្រះ‌នាម​ព្រះ‌អង្គ។

12. ត្រូវ​ចង​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​នេះ»។

13. «ពេល​ណា​អ្នក​បោក​បែន​ស្រូវ និង​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​រួច​រាល់​ហើយ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ* ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។

14. ក្នុង​ឱកាស​ពិធី​បុណ្យ​នេះ អ្នក​ត្រូវ​ជប់‌លៀង​យ៉ាង​សប្បាយ​ជា​មួយ​កូន​ប្រុស​កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។

15. ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​ទទួល​ភោគ‌ផល​ច្រើន ហើយ​ប្រទាន​ពរ​អ្នក​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ អ្នក​នឹង​មាន​អំណរ​ឥត​ឧបមា។

16. បី​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ពេល​បុណ្យ​នំប៉័ង​ឥត​មេ បុណ្យ​សប្ដាហ៍ និង​បុណ្យ​បារាំ ត្រូវ​ឲ្យ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស។ ប៉ុន្តែ មិន​ត្រូវ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​ដៃ​ទទេ​ឡើយ។

17. ម្នាក់ៗ​ត្រូវ​យក​តង្វាយ​ទៅ​ជា​មួយ តាម​តែ​ខ្លួន​អាច​ធ្វើ​បាន ដោយ​គិត​តាម​ភោគ‌ផល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ»។

18. «ត្រូវ​តែង‌តាំង​ឲ្យ​មាន​ចៅ‌ក្រម និង​អ្នក​ត្រួត‌ត្រា នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។ អ្នក​ទាំង​នោះ​នឹង​វិនិច្ឆ័យ​ប្រជា‌ជន​នៅ​តាម​កុល‌សម្ព័ន្ធ​នានា ដោយ​យុត្តិធម៌។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 16