ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 16 Khmer Standard Version (KHSV)

ពិធី​បុណ្យ​ចម្លង

1. «នៅ​ខែ​ចេត្រ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង* ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដ្បិត​នៅ​យប់​ខែ​ចេត្រ​នេះ​ហើយ ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

2. ចូរ​យក​ចៀម និង​គោ ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ក្នុង​ឱកាស​បុណ្យ​ចម្លង នៅ​កន្លែង​ដែល​ព្រះ‌អង្គ​នឹង​ជ្រើស​រើស​ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្តែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ។

3. ក្នុង​អំឡុង​ពេល​បុណ្យ​នេះ​មិន​ត្រូវ​បរិភោគ​នំប៉័ង​ដែល​មាន​ដាក់​មេ​ឡើយ គឺ​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ ជា​នំប៉័ង​នៃ​ទុក្ខ​លំបាក រំឭក​ពី​គ្រា​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​យ៉ាង​ប្រញាប់‌ប្រញាល់។ ធ្វើ​ដូច្នេះ អ្នក​នឹង​ចង​ចាំ​អស់​មួយ​ជីវិត អំពី​គ្រា​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

4. ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ​នោះ ក្នុង​ផ្ទះ​របស់​អ្នក និង​នៅ​លើ​ទឹក​ដី​ទាំង​មូល​របស់​អ្នក មិន​ត្រូវ​ឲ្យ​មាន​មេ‌ដំបែ​ឡើយ រីឯ​សាច់​របស់​សត្វ​ដែល​អ្នក​សម្លាប់​ធ្វើ​យញ្ញ‌បូជា​នៅ​ល្ងាច​ទី​មួយ ក៏​មិន​ត្រូវ​ទុក​មួយ​យប់​រហូត​ដល់​ព្រឹក​ដែរ។

5. អ្នក​មិន​អាច​ថ្វាយ​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​ចម្លង​នេះ នៅ​ត្រង់​កន្លែង​ណា​មួយ ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​មក​អ្នក​នោះ​ឡើយ

6. គឺ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​ចម្លង​នេះ នៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ជ្រើស​រើស​ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ ចូរ​ថ្វាយ​យញ្ញ‌បូជា​នៅ​ពេល​ល្ងាច ជា​ពេល​ថ្ងៃ​លិច គឺ​ចំ​នឹង​ពេល​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

7. ចូរ​ចំអិន​សាច់​ដែល​អ្នក​ថ្វាយ​ជា​យញ្ញ‌បូជា ហើយ​បរិភោគ​នៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស។ លុះ​ព្រលឹម​ឡើង អ្នក​អាច​វិល​ត្រឡប់​ទៅ​លំ‌នៅ‌ដ្ឋាន​របស់​អ្នក​វិញ។

8. អ្នក​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ​ចំនួន​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​ជា​ថ្ងៃ​បុណ្យ​ធំ សម្រាប់​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​មិន​ត្រូវ​ធ្វើ​កិច្ចការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ»។

បុណ្យ​សប្ដាហ៍ ឬ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប

9. «ត្រូវ​គិត​ពី​ថ្ងៃ​ដែល​អ្នក​ចាប់​ផ្ដើម​ច្រូត​ស្រូវ​ទៅ ចំនួន​ប្រាំ‌ពីរ​សប្ដាហ៍*

10. រួច​ហើយ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​សប្ដាហ៍​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ពេល​នោះ ចូរ​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត ដោយ​គិត​តាម​ភោគ‌ផល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។

11. ត្រូវ​ជប់‌លៀង​យ៉ាង​សប្បាយ​ជា​មួយ​កូន​ប្រុស​កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។ ត្រូវ​ជប់‌លៀង​បែប​នេះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្តែង​ព្រះ‌នាម​ព្រះ‌អង្គ។

12. ត្រូវ​ចង​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​នេះ»។

បុណ្យ​បារាំ

13. «ពេល​ណា​អ្នក​បោក​បែន​ស្រូវ និង​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​រួច​រាល់​ហើយ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ* ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។

14. ក្នុង​ឱកាស​ពិធី​បុណ្យ​នេះ អ្នក​ត្រូវ​ជប់‌លៀង​យ៉ាង​សប្បាយ​ជា​មួយ​កូន​ប្រុស​កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។

15. ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​ទទួល​ភោគ‌ផល​ច្រើន ហើយ​ប្រទាន​ពរ​អ្នក​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ អ្នក​នឹង​មាន​អំណរ​ឥត​ឧបមា។

16. បី​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ពេល​បុណ្យ​នំប៉័ង​ឥត​មេ បុណ្យ​សប្ដាហ៍ និង​បុណ្យ​បារាំ ត្រូវ​ឲ្យ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស។ ប៉ុន្តែ មិន​ត្រូវ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​ដៃ​ទទេ​ឡើយ។

17. ម្នាក់ៗ​ត្រូវ​យក​តង្វាយ​ទៅ​ជា​មួយ តាម​តែ​ខ្លួន​អាច​ធ្វើ​បាន ដោយ​គិត​តាម​ភោគ‌ផល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ»។

ការ​តែង‌តាំង​មេ​ដឹក​នាំ

18. «ត្រូវ​តែង‌តាំង​ឲ្យ​មាន​ចៅ‌ក្រម និង​អ្នក​ត្រួត‌ត្រា នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។ អ្នក​ទាំង​នោះ​នឹង​វិនិច្ឆ័យ​ប្រជា‌ជន​នៅ​តាម​កុល‌សម្ព័ន្ធ​នានា ដោយ​យុត្តិធម៌។

19. មិន​ត្រូវ​បំពាន​លើ​ច្បាប់ ឬ​វិនិច្ឆ័យ​នរណា​ម្នាក់​ដោយ​រើស​មុខ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ទទួល​សំណូក​ដែរ ដ្បិត​សំណូក​រមែង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​ទៅ​ជា​ខ្វាក់ ហើយ​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​និយាយ​វៀច​វេរ។

20. ត្រូវ​ស្វែង​រក​តែ​យុត្តិធម៌ ដើម្បី​ឲ្យ​អ្នក​មាន​ជីវិត ហើយ​កាន់​កាប់​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ»។

មិន​ត្រូវ​គោរព​ព្រះ​ក្លែង‌ក្លាយ

21. «កុំ​ដំ​ឡើង​បង្គោល​ឈើ​នៃ​ព្រះ‌អា‌សេរ៉ា​នៅ​ក្បែរ​អាសនៈ ដែល​អ្នក​សង់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ

22. ហើយ​ក៏​មិន​ត្រូវ​ដំឡើង​ស្តូប​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​គាប់​ព្រះ‌ហឫទ័យ​នោះ​ដែរ។