គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 15:10-20 Khmer Standard Version (KHSV)

10. ចូរ​ជូន​ប្រាក់​ទៅ​គាត់​ដោយ​មិន​ទើស‌ទាល់ ដ្បិត​ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។

11. នៅ​ក្នុង​ស្រុក​តែងតែ​មាន​អ្នក​ក្រ​ជា‌និច្ច ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក ឲ្យ​មាន​ចិត្ត​ទូលាយ​ដល់​បង‌ប្អូន​របស់​អ្នក ដែល​ក្រីក្រ កំសត់ ទុគ៌ត នៅ​ក្នុង​ស្រុក»។

12. «ប្រសិន​បើ​មាន​បង‌ប្អូន​របស់​អ្នក ដែល​ជា​ជន‌ជាតិ​ហេប្រឺ ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី មក​លក់​ខ្លួន​ឲ្យ​អ្នក ត្រូវ​ឲ្យ​គេ​នៅ​បម្រើ​អ្នក​ប្រាំ​មួយ​ឆ្នាំ។ លុះ​ដល់​ឆ្នាំ​ទី​ប្រាំ‌ពីរ ត្រូវ​ដោះ​លែង​គេ​ឲ្យ​ទៅ​វិញ​ចុះ។

13. ប៉ុន្តែ កុំ​ដោះ​លែង​គេ​ឲ្យ​ទៅ​វិញ ដោយ​ដៃ​ទទេ​ឡើយ។

14. ត្រូវ​យក​ភោគ‌ផល​ជា​ព្រះ‌ពរ ដែល​អ្នក​ទទួល​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​មាន​ចៀម ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ផ្ដល់​ជា​អំណោយ​ដល់​គេ​ផង។

15. ត្រូវ​ចង​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ដូច្នេះ។

16. ប្រសិន​បើ​ខ្ញុំ​បម្រើ​របស់​អ្នក​ពោល​ថា គេ​មិន​ចង់​ចេញ​ពី​ផ្ទះ​របស់​អ្នក ព្រោះ​គេ​ស្រឡាញ់​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ពេញ​ចិត្ត​នឹង​រស់​នៅ​ជា​មួយ​អ្នក

17. ត្រូវ​យក​ដែក​ចោះ​ត្រចៀក​អ្នក​បម្រើ​នោះ នៅ​ទ្វារ​ផ្ទះ​របស់​អ្នក ហើយ​គេ​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រហូត​ត​ទៅ។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ស្រី​បម្រើ​ដែរ។

18. ពេល​ដោះ​លែង​ខ្ញុំ​បម្រើ អ្នក​មិន​ត្រូវ​នឹក​ស្ដាយ​ឡើយ ព្រោះ​គេ​បាន​នៅ​បម្រើ​អ្នក​អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ ហើយ​ធ្វើ​ការ​ឲ្យ​អ្នក​បាន​ផល​ពីរ​ដង​លើស​កម្មករ ដែល​អ្នក​ជួល​មក​ធ្វើ​ការ​ទៅ​ទៀត។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ»។

19. «ត្រូវ​ញែក​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​អ្នក គឺ​កូន​គោ​ឈ្មោល និង​កូន​ចៀម​ឈ្មោល ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ប្រើ​កូន​ដំបូង​របស់​គោ សម្រាប់​ភ្ជួរ​រាស់ ហើយ​ក៏​មិន​ត្រូវ​កាត់​រោម​កូន​ដំបូង​របស់​ចៀម​ដែរ។

20. រៀង​រាល់​ឆ្នាំ ចូរ​បរិភោគ​កូន​ដំបូង​នៃ​ហ្វូង​សត្វ​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​នឹង​ជ្រើស​រើស។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 15