គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 15:1-8 Khmer Standard Version (KHSV)

1. «ប្រាំ‌ពីរ​ឆ្នាំ​ម្ដង អ្នក​ត្រូវ​តែ​លុប​បំណុល។

2. ការ​លុប​បំណុល​នេះ​ត្រូវ​អនុវត្ត​ដូច​ត​ទៅ: ម្ចាស់​បំណុល​ទាំង‌ឡាយ​ដែល​បាន​ឲ្យ​ប្រាក់​អ្នក​ដទៃ​ខ្ចី ត្រូវ​លុប​បំណុល​នោះ។ កាល​ណា​គេ​ប្រកាស​ការ​លុប​បំណុល ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ ម្ចាស់​បំណុល​មិន​ត្រូវ​ទាម‌ទារ​ឲ្យ​អ្នក​ដទៃ ដែល​ជា​បង‌ប្អូន​រួម​ជាតិ​របស់​ខ្លួន សង​ប្រាក់​វិញ​ឡើយ។

3. អ្នក​អាច​ទាម‌ទារ​ឲ្យ​ជន​បរទេស​សង​ប្រាក់ តែ​ត្រូវ​លុប​បំណុល​ឲ្យ​បង‌ប្អូន ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក។

4. ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​មាន​ជន​ក្រីក្រ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​អ្នក​យ៉ាង​បរិបូណ៌ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ឲ្យ​អ្នក​កាន់​កាប់​ទុក​ជា​ចំណែក​មត៌ក។

5. ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​នៅ​ថ្ងៃ​នេះ។

6. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អ្នក។ អ្នក​អាច​ចង​ការ​ប្រាក់​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន តែ​អ្នក​មិន​ត្រូវ​ខ្ចី​ប្រាក់​ពី​ពួក​គេ​ទេ អ្នក​នឹង​ត្រួត‌ត្រា​លើ​ប្រជា‌ជាតិ​ជា​ច្រើន តែ​ពួក​គេ​នឹង​មិន​ត្រួត‌ត្រា​លើ​អ្នក​ឡើយ។

7. ក្នុង​បណ្ដា​ក្រុង​នៃ​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ប្រសិន​បើ​មាន​បង‌ប្អូន​ខ្លះ​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ មិន​ត្រូវ​មាន​ចិត្ត​កំណាញ់ ឥត​រវី‌រវល់​ជួយ​បង‌ប្អូន​ដែល​ក្រ​នោះ​ឡើយ។

8. ផ្ទុយ​ទៅ​វិញ ត្រូវ​ជួយ​គាត់ ដោយ​ឲ្យ​ខ្ចី​ប្រាក់​តាម​ចំនួន​ដែល​គាត់​ត្រូវ​ការ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 15