គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 14:3-22 Khmer Standard Version (KHSV)

3. «កុំ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ*​ឡើយ

4. សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន គឺ​មាន​គោ ចៀម និង​ពពែ

5. ឈ្លូស ក្ដាន់ រមាំង ពពែ​ភ្នំ ប្រើស ទន្សោង ទ្រាយ។

6. អ្នក​រាល់​គ្នា​អាច​បរិភោគ​សត្វ​ទាំង​អស់​ដែល​មាន​ក្រចក​ជើង​ឆែក​ជា​ពីរ ហើយ​ជា​សត្វ​ទំពា‌អៀង។

7. ប៉ុន្តែ ក្នុង​ចំណោម​សត្វ​ដែល​ទំពា‌អៀង ឬ​សត្វ​ដែល​មាន​ក្រចក​ជើង​ឆែក​នោះ មិន​ត្រូវ​បរិភោគ​សត្វ​អូដ្ឋ ទន្សាយ​គល់ និង​ទន្សាយ​ថ្ម​ឡើយ ដ្បិត​សត្វ​ទាំង​នេះ​ទំពា‌អៀង តែ​គ្មាន​ក្រចក​ជើង​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ។

8. រីឯ​ជ្រូក​ក៏​មិន​ត្រូវ​បរិភោគ​ដែរ ព្រោះ​វា​មាន​ក្រចក​ជើង​ឆែក តែ​មិន​ទំពា‌អៀង​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ គឺ​កុំ​បរិភោគ​សាច់​វា ហើយ​ក៏​កុំ​ប៉ះ‌ពាល់​ខ្មោច​វា​ដែរ។

9. ក្នុង​ចំណោម​សត្វ​រស់​នៅ​ក្នុង​ទឹក អ្នក​រាល់​គ្នា​អាច​បរិភោគ​ត្រី​ទាំង​អស់ ដែល​មាន​ព្រុយ និង​មាន​ស្រកា។

10. ចំណែក​ឯ​ត្រី​ដែល​គ្មាន​ព្រុយ និង​គ្មាន​ស្រកា កុំ​បរិភោគ​ឡើយ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ។

11. អ្នក​អាច​បរិភោគ​សត្វ​ស្លាប​បរិសុទ្ធ​ទាំង​អស់។

12. ប៉ុន្តែ ចំពោះ​សត្វ​ដែល​អ្នក​រាល់​គ្នា​មិន​អាច​បរិភោគ គឺ​ត្មាត ខ្លែង‌ស្រាក និង​ខ្លែង

13. ល្អូត រអាត ស្ទាំង និង​ពពួក​សត្វ​ប្រភេទ​នេះ

14. ក្អែក​គ្រប់​ប្រភេទ

15. អូទ្រីច ទីទុយ រំពេ ប្រមង់ និង​ពពួក​សត្វ​ប្រភេទ​នេះ

16. គូក មៀម អក

17. ទុង ក្អែក​ទឹក ស្មោញ

18. កុក ក្រសារ និង​ពពួក​សត្វ​ប្រភេទ​នេះ ព្រម​ទាំង​ត្រសេះ និង​ប្រចៀវ។

19. អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​សត្វ​ល្អិត​ដែល​មាន​ស្លាប​ទាំង​អស់ ជា​សត្វ​មិន​បរិសុទ្ធ គឺ​មិន​ត្រូវ​បរិភោគ​ឡើយ។

20. អ្នក​រាល់​គ្នា​បរិភោគ​បាន​តែ​សត្វ​ស្លាប​ណា​ដែល​បរិសុទ្ធ។

21. មិន​ត្រូវ​បរិភោគ​សាច់​សត្វ ដែល​ងាប់​ដោយ​ឯក​ឯង​ឡើយ ត្រូវ​ឲ្យ​សត្វ​នោះ​ទៅ​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​បរិភោគ ឬ​លក់​ឲ្យ​សាសន៍​ដទៃ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។

22. «រៀង​រាល់​ឆ្នាំ ត្រូវ​ញែក​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​អ្នក​ចំនួន​មួយ​ភាគ​ដប់ ទុក​ជា​តង្វាយ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 14