គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 13:1-15 Khmer Standard Version (KHSV)

1. «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​ណា​ម្នាក់ ប្រកាស​អំពី​ទី​សម្គាល់ ឬ​ឫទ្ធិ‌បាដិ‌ហារិយ៍​អ្វី​មួយ

2. បើ​ទី​សម្គាល់ ឬ​ឫទ្ធិ‌បាដិ‌ហារិយ៍​នោះ​កើត​មាន​មែន តែ​ជន​នោះ​បបួល​អ្នក​ទៅ​ជំពាក់​ចិត្ត និង​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់

3. កុំ​ស្ដាប់​ពាក្យ​របស់​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​នោះ​ឡើយ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចង់​ល្បង‌ល​មើល​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ដឹង​ថា តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អស់​ពី​ចិត្ត អស់​ពី​គំនិត ឬ​យ៉ាង​ណា។

4. ចូរ​ជំពាក់​ចិត្ត​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចូរ​កោត​ខ្លាច​ព្រះ‌អង្គ កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ស្ដាប់​បង្គាប់​ព្រះ‌អង្គ ហើយ​គោរព​បម្រើ​ព្រះ‌អង្គ និង​ស្រឡាញ់​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ។

5. រីឯ​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​នោះ​វិញ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​បាន​និយាយ​បំផុស‌បំផុល​ប្រជា‌ជន ឲ្យ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ទាស‌ភាព។ ជន​នោះ​ចង់​នាំ​អ្នក​ចេញ​ពី​មាគ៌ា​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​ឲ្យ​អ្នក​ដើរ​តាម។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

6. ប្រសិន​បើ​បង‌ប្អូន​បង្កើត​របស់​អ្នក ឬ​កូន​ប្រុស កូន​ស្រី ឬ​ភរិយា​ជា​ទី​ស្រឡាញ់​របស់​អ្នក ឬ​ក៏​មិត្ត‌ភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​អ្នក មក​បបួល​អ្នក​ដោយ​ស្ងាត់ៗ​ឲ្យ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់

7. គឺ​ព្រះ​របស់​ជាតិ​សាសន៍​នានា​ដែល​នៅ​ជុំ‌វិញ​អ្នក ទោះ​បី​នៅ​ជិត ឬ​ឆ្ងាយ​ដាច់​ស្រយាល​ក្ដី

8. កុំ​យល់​ស្រប​ជា​មួយ​គេ កុំ​ស្ដាប់​តាម​គេ​ឡើយ។ កុំ​អាណិត​អាសូរ ឬ​ត្រា​ប្រណី​ជន​នោះ​ឲ្យ​សោះ ហើយ​ក៏​មិន​ត្រូវ​ការពារ​គេ​ដែរ។

9. ផ្ទុយ​ទៅ​វិញ ត្រូវ​តែ​ប្រហារ​ជីវិត​ជន​នោះ គឺ​អ្នក​លើក​ដៃ​ប្រហារ​មុន​គេ បន្ទាប់​មក ទើប​ប្រជា‌ជន​ប្រហារ​តាម​ក្រោយ។

10. ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ជន​នេះ ព្រោះ​គេ​ចង់​ទាក់‌ទាញ​អ្នក​ឲ្យ​ចេញ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

11. ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​រឿង​នេះ នាំ​គ្នា​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ដូច្នេះ នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។

12. ក្នុង​បណ្ដា​ក្រុង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​រស់​នៅ ប្រសិន​បើ​អ្នក​ឮ​ដំណឹង​ថា

13. មាន​ជន​ពាល​ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក នាំ​គ្នា​បបួល​អ្នក​ក្រុង​ឲ្យ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់។

14. ពេល​នោះ អ្នក​ត្រូវ​ស៊ើប‌សួរ និង​តាម​ដាន​មើល ព្រម​ទាំង​សាក​សួរ​ដំណឹង​ឲ្យ​ច្បាស់​លាស់​ថា តើ​ការ​នោះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្ដុតាង​ថា អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នោះ​ពិត​ជា​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន

15. ត្រូវ​ប្រហារ​អ្នក​ក្រុង​ទាំង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ក្រុង​នោះ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គឺ​ត្រូវ​កម្ទេច​របស់​របរ​នៅ​ក្នុង​ទីក្រុង និង​សម្លាប់​ហ្វូង​សត្វ​ដោយ​មុខ​ដាវ ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 13