4. ក្នុងការគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា មិនត្រូវយកតម្រាប់តាមជាតិសាសន៍ទាំងនោះឡើយ។
5. អ្នករាល់គ្នាត្រូវតែទៅថ្វាយបង្គំព្រះអម្ចាស់ នៅកន្លែងដែលព្រះអង្គបានជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធទាំងអស់របស់អ្នករាល់គ្នា ទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ។
6. ត្រូវយកតង្វាយដុតទាំងមូល* យញ្ញបូជា តង្វាយមួយភាគដប់ តង្វាយពិសេស តង្វាយលាបំណន់ ឬតង្វាយស្ម័គ្រចិត្ត ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នករាល់គ្នា ទៅថ្វាយព្រះអង្គនៅកន្លែងនោះ។
7. ត្រូវបរិភោគនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ត្រង់កន្លែងនោះដែរ គឺអ្នករាល់គ្នាត្រូវសប្បាយរួមជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នា ដោយសារព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានពរឲ្យអ្នករាល់គ្នាទទួលផលពីកិច្ចការ ដែលអ្នករាល់គ្នាធ្វើ។
8. នៅពេលខាងមុខ មិនត្រូវប្រព្រឹត្តដូចយើងប្រព្រឹត្តនៅពេលនេះឡើយ គឺនៅទីនេះ យើងម្នាក់ៗប្រព្រឹត្តតាមតែខ្លួនយល់ឃើញថាល្អ
9. ដ្បិតអ្នករាល់គ្នាមិនទាន់ចូលទៅដល់កន្លែងសុខសាន្ត ជាទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យជាកេរមត៌កនៅឡើយទេ។
10. អ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ទៅរស់នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នា ទុកជាកេរមត៌ក។ ព្រះអង្គនឹងឲ្យអ្នករាល់គ្នាបានសម្រាក ដោយរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញ ហើយអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្ត។