គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 12:23-32 Khmer Standard Version (KHSV)

23. ប៉ុន្តែ មិន​ត្រូវ​បរិភោគ​ឈាម​ជា​ដាច់​ខាត ដ្បិត​ឈាម​ជា​ជីវិត។ ដូច្នេះ មិន​ត្រូវ​បរិភោគ​ជីវិត​ជា​មួយ​សាច់​ឡើយ។

24. កុំ​បរិភោគ​ឈាម​ឲ្យ​សោះ ចូរ​ចាក់​ឈាម​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។

25. កុំ​បរិភោគ​ឈាម​ឲ្យ​សោះ ធ្វើ​ដូច្នេះ អ្នក និង​កូន​ចៅ​របស់​អ្នក​នៅ​ជំនាន់​ក្រោយ មុខ​ជា​មាន​សុភមង្គល ដោយ​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

26. ចំណែក​ឯ​សត្វ​ដែល​អ្នក​ញែក​ទុក​ដោយ​ឡែក​ថ្វាយ​ព្រះ‌អម្ចាស់ ឬ​តង្វាយ​លា​បំណន់ ត្រូវ​នាំ​យក​ទៅ​ថ្វាយ​នៅ​កន្លែង​ដែលព្រះ‌អម្ចាស់​ជ្រើស​រើស។

27. ចំពោះ​តង្វាយ​ដុត​ទាំង​មូល ត្រូវ​យក​ទាំង​សាច់​ទាំង​ឈាម​ទៅ​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ រីឯ​យញ្ញ‌បូជា​វិញ ត្រូវ​ប្រោះ​ឈាម​របស់​សត្វ​ដែល​អ្នក​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក រួច​អ្នក​បរិភោគ​សាច់​ចុះ។

28. ចូរ​ស្ដាប់ និង​កាន់​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក និង​កូន​ចៅ​របស់​អ្នក នៅ​ជំនាន់​ក្រោយ មាន​សុភមង្គល​រហូត​ត​ទៅ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ និង​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

29. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​កំចាត់​ប្រជា‌ជាតិ​នានា​ចេញ​អស់​ពី​ស្រុក ដែល​អ្នក​ត្រូវ​ចូល​ទៅ​កាន់​កាប់។ ពេល​នោះ អ្នក​អាច​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក រួច​ចូល​ទៅ​រស់​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ។

30. ពេល​ណា​ប្រជា‌ជាតិ​ទាំង​នោះ​រលាយ​សូន្យ​បាត់​ពី​មុខ​របស់​អ្នក​ហើយ ចូរ​ប្រយ័ត្ន ក្រែង​លោ​អ្នក​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ ដោយ​យក​តម្រាប់​តាម​ពួក​គេ។ មិន​ត្រូវ​សាក​សួរ​ចង់​ដឹង​អំពី​ព្រះ​របស់​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​សួរ​អំពី​របៀប​ដែល​ពួក​គេ​គោរព​បម្រើ​ព្រះ​របស់​ខ្លួន ក្នុង​គោល​បំណង​ធ្វើ​ដូច​ពួក​គេ​ដែរ។

31. មិន​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក តាម​របៀប​ថ្វាយ‌បង្គំ​ព្រះ​របស់​ប្រជា‌ជាតិ​នានា​ឡើយ។ ប្រជា‌ជាតិ​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង ដើម្បី​គោរព​បម្រើ​ព្រះ​របស់​ខ្លួន​ជា​អំពើ​ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ។ សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ ក៏​ពួក​គេ​យក​ទៅ​ដុត​ជា​សក្ការ‌បូជា​ដល់​ព្រះ​ទាំង​នោះ​ដែរ។

32. ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​បន្ថែម ឬ​បន្ថយ​អ្វី​ឡើយ»។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 12