គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 12:15-22 Khmer Standard Version (KHSV)

15. ក៏​ប៉ុន្តែ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ឲ្យ​អ្នក​ទៅ​រស់​នៅ អ្នក​អាច​សម្លាប់​សត្វ​បរិភោគ តាម​ចិត្ត​ប៉ង‌ប្រាថ្នា។ មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​បរិសុទ្ធ​អាច​បរិភោគ​សាច់​នេះ ដូច​ជា​បរិភោគ​សាច់​ក្ដាន់ ឬ​សាច់​ឈ្លូស​ដែរ។

16. ចំណែក​ឯ​ឈាម​វិញ កុំ​បរិភោគ​ឡើយ ត្រូវ​ចាក់​ឈាម​នោះ​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។

17. រីឯ​តង្វាយ​មួយ​ភាគ​ដប់​ដែល​អ្នក​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង ឬ​កូន​ដំបូង​របស់​គោ និង​ចៀម ឬ​តង្វាយ​ផ្សេងៗ​ទៀត ដូច​ជា​តង្វាយ​លា​បំណន់ តង្វាយ​ស្ម័គ្រ​ចិត្ត និង​តង្វាយ​ពិសេស អ្នក​ពុំ​អាច​បរិភោគ​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឡើយ។

18. ត្រូវ​បរិភោគ​តង្វាយ​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស គឺ​បរិភោគ​ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក។ ត្រូវ​សប្បាយ​រីក‌រាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ‌សារ​ភោគ‌ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ទទួល។

19. ដរាប​ណា​អ្នក​រស់​នៅ​លើ​ទឹក​ដី​របស់​អ្នក ចូរ​ប្រយ័ត្ន កុំ​បំភ្លេច​ពួក​លេវី​ឡើយ។

20. នៅ​ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ពង្រីក​ទឹក​ដី​របស់​អ្នក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អ្នក​ហើយ ប្រសិន​បើ​អ្នក​នឹក​ភ្នក​ចង់​បរិភោគ​សាច់ នោះ​អ្នក​អាច​បរិភោគ​តាម​ចិត្ត​ប៉ង‌ប្រាថ្នា។

21. ប្រសិន​បើ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស​សម្រាប់​សម្តែង​ព្រះ‌នាម​ព្រះ‌អង្គ ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក នោះ​អ្នក​អាច​សម្លាប់​គោ ឬ​ចៀម​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​អ្នក តាម​របៀប​ដូច​ខ្ញុំ​បាន​បង្គាប់​ទុក រួច​បរិភោគ​សាច់​នៅ​កន្លែង​ដែល​អ្នក​រស់​នៅ តាម​ចិត្ត​ប៉ង‌ប្រាថ្នា។

22. ចូរ​បរិភោគ​សាច់​សត្វ​នោះ ដូច​គេ​បរិភោគ​សាច់​ក្ដាន់ និង​សាច់​ឈ្លូស​ដែរ គឺ​ទាំង​មនុស្ស​មិន​បរិសុទ្ធ ទាំង​មនុស្ស​បរិសុទ្ធ អាច​បរិភោគ​ដូច​គ្នា។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 12