គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 12:11-19 Khmer Standard Version (KHSV)

11. ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​តង្វាយ​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បាន​បង្គាប់ ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​កន្លែង​ដែល​ព្រះ‌អង្គ​នឹង​ជ្រើស​រើស​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្តែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​មាន​តង្វាយ​ដុត​ទាំង​មូល​យញ្ញ‌បូជា តង្វាយ​មួយ​ភាគ​ដប់ តង្វាយ​ពិសេស និង​តង្វាយ​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​សន្យា​ថ្វាយ​ព្រះ‌អម្ចាស់។

12. អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រីក‌រាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា រួម​ជា​មួយ​កូន​ប្រុស កូន​ស្រី និង​អ្នក​បម្រើ​ប្រុស​ស្រី ព្រម​ទាំង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ដ្បិត​ពួក​លេវី​គ្មាន​ទឹក​ដី​ជា​ចំណែក​មត៌ក ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ។

13. ចូរ​ប្រយ័ត្ន មិន​ត្រូវ​យក​តង្វាយ​ដុត​របស់​អ្នក​ទៅ​ថ្វាយ​នៅ​តាម​កន្លែង​ទាំង​ប៉ុន្មាន ដែល​អ្នក​ឃើញ​នោះ​ឡើយ

14. គឺ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​របស់​អ្នក តែ​នៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់​ជ្រើស​រើស ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​មួយ​របស់​អ្នក។ នៅ​ទី​នោះ អ្នក​ត្រូវ​ធ្វើ​តាម​នូវ​អ្វីៗ​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក។

15. ក៏​ប៉ុន្តែ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ឲ្យ​អ្នក​ទៅ​រស់​នៅ អ្នក​អាច​សម្លាប់​សត្វ​បរិភោគ តាម​ចិត្ត​ប៉ង‌ប្រាថ្នា។ មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​បរិសុទ្ធ​អាច​បរិភោគ​សាច់​នេះ ដូច​ជា​បរិភោគ​សាច់​ក្ដាន់ ឬ​សាច់​ឈ្លូស​ដែរ។

16. ចំណែក​ឯ​ឈាម​វិញ កុំ​បរិភោគ​ឡើយ ត្រូវ​ចាក់​ឈាម​នោះ​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។

17. រីឯ​តង្វាយ​មួយ​ភាគ​ដប់​ដែល​អ្នក​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង ឬ​កូន​ដំបូង​របស់​គោ និង​ចៀម ឬ​តង្វាយ​ផ្សេងៗ​ទៀត ដូច​ជា​តង្វាយ​លា​បំណន់ តង្វាយ​ស្ម័គ្រ​ចិត្ត និង​តង្វាយ​ពិសេស អ្នក​ពុំ​អាច​បរិភោគ​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឡើយ។

18. ត្រូវ​បរិភោគ​តង្វាយ​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស គឺ​បរិភោគ​ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក។ ត្រូវ​សប្បាយ​រីក‌រាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ‌សារ​ភោគ‌ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ទទួល។

19. ដរាប​ណា​អ្នក​រស់​នៅ​លើ​ទឹក​ដី​របស់​អ្នក ចូរ​ប្រយ័ត្ន កុំ​បំភ្លេច​ពួក​លេវី​ឡើយ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 12