1. «នេះជាច្បាប់ និងវិន័យផ្សេងៗ ដែលអ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាម ជារៀងរាល់ថ្ងៃអស់មួយជីវិត នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រគល់ឲ្យទុកជាកម្មសិទ្ធិ។
2. ត្រូវលុបបំបាត់កន្លែងសក្ការៈទាំងប៉ុន្មាន ដែលប្រជាជាតិនានាថ្វាយសក្ការបូជាដល់ព្រះរបស់គេ នៅតាមភ្នំតូចធំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី ឥតទុកឲ្យនៅសល់ឡើយ។
3. ចូរផ្ដួលរំលំអាសនៈរបស់ពួកគេ ចូរកម្ទេចស្តូបរបស់ពួកគេ ចូរដុតបំផ្លាញបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងរំលំរូបបដិមានៃព្រះរបស់ពួកគេ និងលុបបំបាត់ឈ្មោះរបស់ព្រះនានាឲ្យអស់ពីកន្លែងនោះផង។
4. ក្នុងការគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា មិនត្រូវយកតម្រាប់តាមជាតិសាសន៍ទាំងនោះឡើយ។
5. អ្នករាល់គ្នាត្រូវតែទៅថ្វាយបង្គំព្រះអម្ចាស់ នៅកន្លែងដែលព្រះអង្គបានជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធទាំងអស់របស់អ្នករាល់គ្នា ទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ។