2. ថ្ងៃនេះ ចូរធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងភាពដ៏ឧត្ដុង្គឧត្ដម ឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ។ កូនចៅរបស់អ្នករាល់គ្នាមិនបានស្គាល់ និងឃើញស្នាព្រះហស្ដរបស់ព្រះអម្ចាស់ទេ។
3. អ្នករាល់គ្នាក៏បានឃើញទីសម្គាល់ និងការអស្ចារ្យផ្សេងៗ ដែលព្រះអង្គធ្វើនៅស្រុកអេស៊ីប ប្រឆាំងនឹងព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប និងប្រជាជនក្នុងស្រុកនោះទាំងមូលដែរ។
4. ព្រះអង្គបានប្រហារកងទ័ពអេស៊ីប ទាំងកងពលសេះ ទាំងរទេះចំបាំង ដោយធ្វើឲ្យទឹកសមុទ្រកក់ គ្របពីលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា។ ព្រះអម្ចាស់បានធ្វើឲ្យគេបរាជ័យ រហូតមកដល់សព្វថ្ងៃ។
5. ព្រះអង្គបានជួយអ្នករាល់គ្នានៅវាលរហោស្ថាន រហូតទាល់តែអ្នករាល់គ្នាមកដល់ទីនេះ។
6. ព្រះអង្គបានប្រហារដាថាន និងអប៊ីរ៉ាម ជាកូនរបស់អេលាប ក្នុងកុលសម្ព័ន្ធរូបេន ដោយឲ្យដីស្រូបពួកគេ ទាំងក្រុមគ្រួសារ ទាំងតង់ត៍ និងអស់អ្នកដែលសមគំនិតជាមួយពួកគេ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល។
7. អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវការអស្ចារ្យដ៏ធំៗ ដែលព្រះអម្ចាស់បានធ្វើ។
8. ដូច្នេះ ត្រូវកាន់តាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំងទៅចាប់យកស្រុក ដែលអ្នករាល់គ្នាត្រូវឆ្លងទៅកាន់កាប់ជាកម្មសិទ្ធិ
9. ហើយឲ្យអ្នករាល់គ្នាមានអាយុយឺនយូរនៅក្នុងស្រុក ដែលព្រះអម្ចាស់បានសន្យាប្រទានឲ្យបុព្វបុរសរបស់អ្នករាល់គ្នា និងអ្នករាល់គ្នាដែលជាពូជពង្ស គឺស្រុកដ៏សម្បូណ៌សប្បាយ»។
10. «ស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់នេះមិនដូចស្រុកអេស៊ីបដែលអ្នករាល់គ្នាចាកចេញមកនោះទេ។ នៅស្រុកអេស៊ីប ពេលអ្នករាល់គ្នាសាបព្រោះគ្រាប់ពូជហើយ ត្រូវបាចទឹកបញ្ចូលស្រែ ដូចស្រោចច្បារដំណាំដែរ។
11. រីឯស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់ជាស្រុកមានភ្នំ និងជ្រលងភ្នំ ហើយមានភ្លៀងស្រោចស្រពដីស្រែចម្ការ។
12. ព្រះអម្ចាស់ ជាព្រះរបស់អ្នក យកព្រះហឫទ័យទុកដាក់នឹងស្រុកនោះ គឺចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ ព្រះអម្ចាស់ ជាព្រះរបស់អ្នក មើលថែទាំស្រុកនោះជានិច្ច។
13. ប្រសិនបើអ្នករាល់គ្នាកាន់តាមបទបញ្ជា ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នាថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយគោរពបម្រើព្រះអង្គអស់ពីចិត្ត អស់ពីគំនិត
14. “យើងនឹងប្រទានឲ្យមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នា តាមរដូវកាល គឺភ្លៀងនៅដើមរដូវ និងភ្លៀងនៅចុងរដូវ។ ពេលនោះ អ្នកនឹងប្រមូលបានភោគផល គឺស្រូវស្រាទំពាំងបាយជូរថ្មី និងប្រេង។
15. យើងនឹងធ្វើឲ្យស្មៅដុះនៅតាមទីវាល សម្រាប់ហ្វូងសត្វរបស់អ្នកដែរ។ ដូច្នេះ អ្នកមានអាហារបរិភោគយ៉ាងបរិបូណ៌”។
16. ចូរប្រយ័ត្ន កុំបណ្ដោយឲ្យចិត្តរបស់អ្នករាល់គ្នាវង្វេងចេញពីព្រះអម្ចាស់ ទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃឡើយ។
17. បើមិនដូច្នេះទេ ព្រះអម្ចាស់មុខជាព្រះពិរោធទាស់នឹងអ្នករាល់គ្នា ព្រះអង្គនឹងបង្ខាំងមេឃ មិនឲ្យបង្អុរភ្លៀង រីឯដីក៏មិនបង្កើតភោគផល ហើយអ្នករាល់គ្នាមុខជាត្រូវវិនាសយ៉ាងឆាប់ៗ នៅក្នុងស្រុកដ៏ល្អដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា។
18. ត្រូវទុកឲ្យព្រះបន្ទូលដែលខ្ញុំថ្លែងប្រាប់ដក់នៅក្នុងចិត្ត ក្នុងគំនិតរបស់អ្នករាល់គ្នាជានិច្ច។ ត្រូវចងព្រះបន្ទូលទាំងនេះជាសញ្ញា ជាប់នៅដៃ ហើយដាក់នៅលើថ្ងាសរបស់អ្នករាល់គ្នា។