គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 11:19-30 Khmer Standard Version (KHSV)

19. ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អំពី​ព្រះ‌បន្ទូល​នេះ គឺ​ត្រូវ​និយាយ​ឲ្យ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​អ្នក​ធ្វើ​ដំណើរ ពេល​អ្នក​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។

20. ចូរ​សរសេរ​ព្រះ‌បន្ទូល​នេះ​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​របស់​អ្នក និង​លើ​ក្លោង​ទ្វារ​ក្រុង។

21. ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ប្រគល់​ឲ្យ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ដូច​ផ្ទៃ​មេឃ​ស្ថិត​នៅ​លើ​ផែនដី។

22. ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់ និង​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ នូវ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រគល់​ឲ្យ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ហើយ​ជំពាក់​ចិត្ត​លើ​ព្រះ‌អង្គ

23. ព្រះ‌អម្ចាស់​នឹង​បណ្ដេញ​ប្រជា‌ជាតិ​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​របស់​ប្រជា‌ជាតិ​នានា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក​រាល់​គ្នា​មក​ធ្វើ​ជា​កម្មសិទ្ធិ។

24. អ្នក​រាល់​គ្នា​ដាក់​ជើង​លើ​កន្លែង​ណា ដី​កន្លែង​នោះ​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា។ ព្រំ‌ប្រទល់​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង​ចាប់​ពី​វាល​រហោ‌ស្ថាន រហូត​ដល់​ស្រុក​លីបង់ និង​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ។

25. គ្មាន​នរណា​ម្នាក់​អាច​តទល់​នឹង​អ្នក​រាល់​គ្នា​ឡើយ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ឆ្លង​កាត់ ភិត‌ភ័យ និង​កោត​ខ្លាច​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សន្យា។

26. ឥឡូវ​នេះ ខ្ញុំ​ដាក់​ព្រះ‌ពរ និង​បណ្ដាសា​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជ្រើស​រើស។

27. ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ព្រះ‌ពរ។

28. ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្ហាញ​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន។

29. ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ នោះ​អ្នក​ត្រូវ​ប្រកាស​អំពី​ព្រះ‌ពរ​នៅ​លើ​ភ្នំ​កេរិ‌ស៊ីម និង​បណ្ដាសា​នៅ​លើ​ភ្នំ​អេបាល។

30. ភ្នំ​ទាំង​ពីរ​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​នៅ​តាម​ផ្លូវ​ទៅ​ទិស​ខាង​លិច ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាប​អារ៉ា‌បា ទល់​មុខ​នឹង​គីល‌កាល់ ជិត​ដើម​ជ្រៃ​ម៉ូរេ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 11