ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 11 Khmer Standard Version (KHSV)

ព្រះ‌អម្ចាស់​ជួយ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីប និង​នៅ​វាល​រហោ‌ស្ថាន

1. «ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ហើយ​ចូរ​ស្ដាប់​តាម​បង្គាប់ កាន់​តាម​ច្បាប់ វិន័យ និង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ជា‌និច្ច។

2. ថ្ងៃ​នេះ ចូរ​ធ្វើ​តាម​ការ​ណែ‌នាំ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ភាព​ដ៏​ឧត្ដុង្គ‌ឧត្ដម ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះ‌អង្គ។ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់ និង​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់​ទេ។

3. អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះ‌អង្គ​ធ្វើ​នៅ​ស្រុក​អេស៊ីប ប្រឆាំង​នឹង​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប និង​ប្រជា‌ជន​ក្នុង​ស្រុក​នោះ​ទាំង​មូល​ដែរ។

4. ព្រះ‌អង្គ​បាន​ប្រហារ​កង‌ទ័ព​អេស៊ីប ទាំង​កង​ពល​សេះ ទាំង​រទេះ​ចំបាំង ដោយ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​កក់ គ្រប​ពី​លើ​ពួក​គេ នៅ​ពេល​ពួក​គេ​ដេញ​តាម​អ្នក​រាល់​គ្នា។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​គេ​បរា‌ជ័យ រហូត​មក​ដល់​សព្វ​ថ្ងៃ។

5. ព្រះ‌អង្គ​បាន​ជួយ​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថាន រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​មក​ដល់​ទី​នេះ។

6. ព្រះ‌អង្គ​បាន​ប្រហារ​ដាថាន និង​អប៊ី‌រ៉ាម ជា​កូន​របស់​អេលាប ក្នុង​កុល‌សម្ព័ន្ធ​រូបេន ដោយ​ឲ្យ​ដី​ស្រូប​ពួក​គេ ទាំង​ក្រុម​គ្រួសារ ទាំង​តង់ត៍ និង​អស់​អ្នក​ដែល​សម​គំនិត​ជា​មួយ​ពួក​គេ នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។

7. អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ការ​អស្ចារ្យ​ដ៏​ធំៗ ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ។

8. ដូច្នេះ ត្រូវ​កាន់​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ទៅ​ចាប់​យក​ស្រុក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទៅ​កាន់​កាប់​ជា​កម្មសិទ្ធិ

9. ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺន‌យូរ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​ប្រទាន​ឲ្យ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ដែល​ជា​ពូជ‌ពង្ស គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ»។

ព្រះ‌អម្ចាស់​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ទឹក​ដី​សន្យា

10. «ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់​នេះ​មិន​ដូច​ស្រុក​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​មក​នោះ​ទេ។ នៅ​ស្រុក​អេស៊ីប ពេល​អ្នក​រាល់​គ្នា​សាប​ព្រោះ​គ្រាប់​ពូជ​ហើយ ត្រូវ​បាច​ទឹក​បញ្ចូល​ស្រែ ដូច​ស្រោច​ច្បារ​ដំណាំ​ដែរ។

11. រីឯ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់​ជា​ស្រុក​មាន​ភ្នំ និង​ជ្រលង​ភ្នំ ហើយ​មាន​ភ្លៀង​ស្រោច​ស្រព​ដី​ស្រែ​ចម្ការ។

12. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ស្រុក​នោះ គឺ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មើល​ថែ​ទាំ​ស្រុក​នោះ​ជា‌និច្ច។

13. ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​គោរព​បម្រើ​ព្រះ‌អង្គ​អស់​ពី​ចិត្ត អស់​ពី​គំនិត

14. “យើង​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា តាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវ និង​ភ្លៀង​នៅ​ចុង​រដូវ។ ពេល​នោះ អ្នក​នឹង​ប្រមូល​បាន​ភោគ‌ផល គឺ​ស្រូវ​ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង។

15. យើង​នឹង​ធ្វើ​ឲ្យ​ស្មៅ​ដុះ​នៅ​តាម​ទីវាល សម្រាប់​ហ្វូង​សត្វ​របស់​អ្នក​ដែរ។ ដូច្នេះ អ្នក​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌”។

16. ចូរ​ប្រយ័ត្ន កុំ​បណ្ដោយ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​វង្វេង​ចេញ​ពី​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ឡើយ។

17. បើ​មិន​ដូច្នេះ​ទេ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​បង្ខាំង​មេឃ មិន​ឲ្យ​បង្អុរ​ភ្លៀង រីឯ​ដី​ក៏​មិន​បង្កើត​ភោគ‌ផល ហើយ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​យ៉ាង​ឆាប់ៗ នៅ​ក្នុង​ស្រុក​ដ៏​ល្អ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា។

18. ត្រូវ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​ដក់​នៅ​ក្នុង​ចិត្ត ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា​ជា‌និច្ច។ ត្រូវ​ចង​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក​រាល់​គ្នា។

19. ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អំពី​ព្រះ‌បន្ទូល​នេះ គឺ​ត្រូវ​និយាយ​ឲ្យ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​អ្នក​ធ្វើ​ដំណើរ ពេល​អ្នក​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។

20. ចូរ​សរសេរ​ព្រះ‌បន្ទូល​នេះ​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​របស់​អ្នក និង​លើ​ក្លោង​ទ្វារ​ក្រុង។

21. ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ប្រគល់​ឲ្យ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ដូច​ផ្ទៃ​មេឃ​ស្ថិត​នៅ​លើ​ផែនដី។

22. ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់ និង​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ នូវ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រគល់​ឲ្យ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ហើយ​ជំពាក់​ចិត្ត​លើ​ព្រះ‌អង្គ

23. ព្រះ‌អម្ចាស់​នឹង​បណ្ដេញ​ប្រជា‌ជាតិ​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​របស់​ប្រជា‌ជាតិ​នានា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក​រាល់​គ្នា​មក​ធ្វើ​ជា​កម្មសិទ្ធិ។

24. អ្នក​រាល់​គ្នា​ដាក់​ជើង​លើ​កន្លែង​ណា ដី​កន្លែង​នោះ​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា។ ព្រំ‌ប្រទល់​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង​ចាប់​ពី​វាល​រហោ‌ស្ថាន រហូត​ដល់​ស្រុក​លីបង់ និង​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ។

25. គ្មាន​នរណា​ម្នាក់​អាច​តទល់​នឹង​អ្នក​រាល់​គ្នា​ឡើយ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ឆ្លង​កាត់ ភិត‌ភ័យ និង​កោត​ខ្លាច​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សន្យា។

26. ឥឡូវ​នេះ ខ្ញុំ​ដាក់​ព្រះ‌ពរ និង​បណ្ដាសា​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជ្រើស​រើស។

27. ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ព្រះ‌ពរ។

28. ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្ហាញ​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន។

29. ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ នោះ​អ្នក​ត្រូវ​ប្រកាស​អំពី​ព្រះ‌ពរ​នៅ​លើ​ភ្នំ​កេរិ‌ស៊ីម និង​បណ្ដាសា​នៅ​លើ​ភ្នំ​អេបាល។

30. ភ្នំ​ទាំង​ពីរ​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​នៅ​តាម​ផ្លូវ​ទៅ​ទិស​ខាង​លិច ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាប​អារ៉ា‌បា ទល់​មុខ​នឹង​គីល‌កាល់ ជិត​ដើម​ជ្រៃ​ម៉ូរេ។

31. អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ រួច​ហើយ​ត្រូវ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចាប់​យក​នោះ។

32. អ្នក​រាល់​គ្នា​ត្រូវ​កាន់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។