គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 10:6-22 Khmer Standard Version (KHSV)

6. ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​ប្អៀរ៉ូត-‌បេនេ‌យ៉ា‌កាន​ឆ្ពោះ​ទៅ​ម៉ូសេ‌រ៉ា។ នៅ​ទី​នោះ លោក​អើរ៉ុន​បាន​ទទួល​មរណ‌ភាព ហើយ​គេ​ក៏​បញ្ចុះ​សព​លោក។ លោក​អេ‌ឡា‌សារ ជា​កូន បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ​បន្ត​ពី​លោក។

7. បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​គុត‌កូថា ហើយ​ចេញ​ពី​គុត‌កូថា ឆ្ពោះ​ទៅ​កាន់​យ៉ុត‌បា‌ថា ជា​ស្រុក​ដែល​មាន​ទឹក​អូរ​ច្រើន។

8. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី​ទុក​ដោយ​ឡែក ដើម្បី​ឲ្យ​ពួក​គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់ ឲ្យ​ពួក​គេ​បម្រើ​ព្រះ‌អង្គ និង​ជូន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាម​ព្រះ‌អង្គ ដូច​ពួក​គេ​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

9. ហេតុ​នេះ​ហើយ​បាន​ជា​ពួក​លេវី​គ្មាន​ចំណែក​មត៌ក​អ្វី រួម​ជា​មួយ​បង‌ប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​ផ្ទាល់​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មាន​ព្រះ‌បន្ទូល​ប្រាប់​ពួក​គេ។

10. «ខ្ញុំ​ស្ថិត​នៅ​លើ​ភ្នំ​ចំនួន​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​ដូច​ពី​មុន។ ព្រះ‌អម្ចាស់​យល់​ព្រម​ស្ដាប់​តាម​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​សា​ជា​ថ្មី ព្រះ‌អង្គ​មិន​ចង់​បំផ្លាញ​អ្នក​ទេ។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “ចូរ​ក្រោក​ឡើង ដើរ​នាំ​មុខ​ប្រជា‌ជន​នេះ។ ចូរ​ឲ្យ​ពួក​គេ​ចូល​កាន់​កាប់​ទឹក​ដី ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ​ថា នឹង​ប្រគល់​ឲ្យ​ពួក​គេ”»។

12. ឥឡូវ​នេះ អ៊ីស្រា‌អែល​អើយ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​អ្នក​ស្រឡាញ់ និង​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត។

13. ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​ផ្សេងៗ​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​អ្នក​មាន​សុភមង្គល។

14. ផ្ទៃ​មេឃ អាកាស‌វេហាស៍​ដ៏​ខ្ពស់​បំផុត និង​ផែនដី ព្រម​ទាំង​អ្វីៗ​នៅ​ទី​នោះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

15. ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ព្រះ‌អម្ចាស់​ជំពាក់​ព្រះ‌ហឫទ័យ និង​ស្រឡាញ់​តែ​បុព្វបុរស​របស់​អ្នក​ប៉ុណ្ណោះ។ ក្រោយ​មក ព្រះ‌អង្គ​ក៏​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ដែល​ជា​ពូជ‌ពង្ស​របស់​ពួក​លោក​ដែរ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់​ហើយ។

16. ចូរ​ថ្វាយ​ចិត្ត​គំនិត​ទៅ​ព្រះ‌អង្គ ហើយ​កុំ​មាន​ចិត្ត​រឹង‌រូស​ឲ្យ​សោះ

17. ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ព្រះ​នានា ជា​ព្រះ‌អម្ចាស់​លើ​ព្រះ‌អម្ចាស់​នានា។ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្ដម ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​គួរ​ឲ្យ​ស្ញែង​ខ្លាច។ ព្រះ‌អង្គ​មិន​រើស​មុខ​នរណា​ឡើយ ហើយ​ក៏​មិន​ទទួល​សំណែន​ពី​នរណា​ដែរ។

18. ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ព្រះ‌អង្គ​ស្រឡាញ់​ជន​បរទេស ព្រម​ទាំង​ប្រគល់​អាហារ និង​សម្លៀក‌បំពាក់​ឲ្យ​ពួក​គេ។

19. អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។

20. «ចូរ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រូវ​គោរព​បម្រើ​ព្រះ‌អង្គ ជំពាក់​ចិត្ត​លើ​ព្រះ‌អង្គ ហើយ​ស្បថ​ក្នុង​នាម​ព្រះ‌អង្គ​តែ​ប៉ុណ្ណោះ។

21. ចូរ​លើក​តម្កើង​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ ព្រះ‌អង្គ​ជា​ព្រះ​របស់​អ្នក គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​ចំណោម​អ្នក ដូច​អ្នក​បាន​ឃើញ​ស្រាប់។

22. កាល​បុព្វបុរស​របស់​អ្នក​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប ពួក​គេ​មាន​គ្នា​តែ​ចិត‌សិប​នាក់​ប៉ុណ្ណោះ។ ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​ឲ្យ​អ្នក​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ»។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 10