14. ផ្ទៃមេឃ អាកាសវេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងអ្វីៗនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។
15. ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន ព្រះអម្ចាស់ជំពាក់ព្រះហឫទ័យ និងស្រឡាញ់តែបុព្វបុរសរបស់អ្នកប៉ុណ្ណោះ។ ក្រោយមក ព្រះអង្គក៏បានជ្រើសរើសអ្នករាល់គ្នា ដែលជាពូជពង្សរបស់ពួកលោកដែរ ដូចអ្នករាល់គ្នាឃើញនៅថ្ងៃនេះស្រាប់ហើយ។
16. ចូរថ្វាយចិត្តគំនិតទៅព្រះអង្គ ហើយកុំមានចិត្តរឹងរូសឲ្យសោះ
17. ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទ្រង់ជាព្រះលើព្រះនានា ជាព្រះអម្ចាស់លើព្រះអម្ចាស់នានា។ ព្រះអង្គជាព្រះដ៏ឧត្ដម ប្រកបដោយព្រះចេស្ដា និងគួរឲ្យស្ញែងខ្លាច។ ព្រះអង្គមិនរើសមុខនរណាឡើយ ហើយក៏មិនទទួលសំណែនពីនរណាដែរ។
18. ព្រះអង្គរកយុត្តិធម៌ឲ្យក្មេងកំព្រា និងស្ត្រីមេម៉ាយ ព្រះអង្គស្រឡាញ់ជនបរទេស ព្រមទាំងប្រគល់អាហារ និងសម្លៀកបំពាក់ឲ្យពួកគេ។
19. អ្នករាល់គ្នាត្រូវស្រឡាញ់ជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។
20. «ចូរគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រូវគោរពបម្រើព្រះអង្គ ជំពាក់ចិត្តលើព្រះអង្គ ហើយស្បថក្នុងនាមព្រះអង្គតែប៉ុណ្ណោះ។
21. ចូរលើកតម្កើងតែព្រះអង្គប៉ុណ្ណោះ ព្រះអង្គជាព្រះរបស់អ្នក គឺព្រះអង្គហើយដែលបានធ្វើការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងចំណោមអ្នក ដូចអ្នកបានឃើញស្រាប់។
22. កាលបុព្វបុរសរបស់អ្នកចុះទៅនៅស្រុកអេស៊ីប ពួកគេមានគ្នាតែចិតសិបនាក់ប៉ុណ្ណោះ។ ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើឲ្យអ្នកមានចំនួនច្រើនដូចផ្កាយនៅលើមេឃ»។