គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 1:40-46 Khmer Standard Version (KHSV)

40. ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ចេញ​ដំណើរ​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន តម្រង់​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កក់​វិញ”។

41. ពេល​នោះ អ្នក​រាល់​គ្នា​ឆ្លើយ​មក​ខ្ញុំ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហេតុ​នេះ​យើង​ខ្ញុំ​នឹង​ឡើង​ទៅ​វាយ​យក​ស្រុក តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​បង្គាប់​យើង​ខ្ញុំ”។ ពេល​នោះ អ្នក​រាល់​គ្នា​ប្រដាប់​អាវុធ​រៀងៗ​ខ្លួន ព្រោះ​អ្នក​រាល់​គ្នា​គិត​ថា​ងាយ​ស្រួល​ក្នុង​ការ​វាយ​យក​តំបន់​ភ្នំ។

42. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រាប់​ពួក​គេ​កុំ​ឲ្យ​ឡើង​ទៅ​វាយ​យក​ស្រុក​នោះ​ឡើយ ដ្បិត​យើង​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ខ្មាំង​សត្រូវ​មុខ​ជា​វាយ​អ្នក​រាល់​គ្នា​ឲ្យ​បរា‌ជ័យ​មិន​ខាន”។

43. ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​ឡើយ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ដោយ​អួត‌អាង។

44. ពេល​នោះ ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​លើ​ភ្នំ លើក​ទ័ព​ចេញ​មក​តទល់​នឹង​អ្នក​រាល់​គ្នា ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា ដូច​ឃ្មុំ​ដេញ​ទិច។ ពួក​គេ​កម្ទេច​អ្នក​រាល់​គ្នា​នៅ​តំបន់​ភ្នំ​សៀរ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា​រហូត​ដល់​ហោម៉ា។

45. ពេល​ត្រឡប់​មក​វិញ អ្នក​រាល់​គ្នា​យំ​សោក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះ‌អង្គ​ពុំ​បាន​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​អ្នក​រាល់​គ្នា​ទេ។

46. អ្នក​រាល់​គ្នា​ក៏​រស់​នៅ​ត្រង់​កាដេស​នោះ​អស់​រយៈ​ពេល​ជា​យូរ​ថ្ងៃ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 1