គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 1:35-45 Khmer Standard Version (KHSV)

35. “ក្នុង​ចំណោម​មនុស្ស​ដ៏​អាក្រក់​នៅ​ជំនាន់​នេះ គ្មាន​នរណា​ម្នាក់​អាច​ឃើញ​ស្រុក​ដ៏​ល្អ ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រគល់​ឲ្យ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ឡើយ

36. លើក‌លែង​តែ​កាលែប ជា​កូន​របស់​យេភូ‌នេ។ កាលែប​នឹង​ឃើញ​ស្រុក ហើយ​យើង​ប្រគល់​ស្រុក​ដែល​គាត់​បាន​ដើរ​កាត់​នោះ​ឲ្យ​គាត់ និង​កូន​ចៅ​របស់​គាត់ ដ្បិត​គាត់​បាន​ដើរ​តាម​ព្រះ‌អម្ចាស់ ឥត​ល្អៀង​ត្រង់​ណា​ឡើយ”។

37. ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះ‌អម្ចាស់​ក៏​ទ្រង់​ព្រះ‌ពិរោធ​នឹង​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “សូម្បី​តែ​អ្នក​ក៏​មិន​ចូល​ទៅ​ស្រុក​នោះ​ដែរ។

38. សហការី​របស់​អ្នក គឺ​យ៉ូស្វេ ជា​កូន​របស់​នូន នឹង​ចូល​ទៅ​ក្នុង​ស្រុក។ ដូច្នេះ ចូរ​ពង្រឹង​កម្លាំង​របស់​គាត់ ព្រោះ​គាត់​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​ទៅ​កាន់​កាប់​ស្រុក ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ។

39. រីឯ​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​ពោល​ថា ពួក​គេ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង កូន​របស់​អ្នក​រាល់​គ្នា​ដែល​សព្វ​ថ្ងៃ​ពុំ​ទាន់​ស្គាល់​ការ​អាក្រក់ ឬ​ល្អ​នៅ​ឡើយ គឺ​ពួក​គេ​ហើយ​ដែល​ចូល​ទៅ​ក្នុង​ស្រុក​នោះ យើង​នឹង​ប្រគល់​ស្រុក​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។

40. ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ចេញ​ដំណើរ​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន តម្រង់​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កក់​វិញ”។

41. ពេល​នោះ អ្នក​រាល់​គ្នា​ឆ្លើយ​មក​ខ្ញុំ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហេតុ​នេះ​យើង​ខ្ញុំ​នឹង​ឡើង​ទៅ​វាយ​យក​ស្រុក តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​បង្គាប់​យើង​ខ្ញុំ”។ ពេល​នោះ អ្នក​រាល់​គ្នា​ប្រដាប់​អាវុធ​រៀងៗ​ខ្លួន ព្រោះ​អ្នក​រាល់​គ្នា​គិត​ថា​ងាយ​ស្រួល​ក្នុង​ការ​វាយ​យក​តំបន់​ភ្នំ។

42. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រាប់​ពួក​គេ​កុំ​ឲ្យ​ឡើង​ទៅ​វាយ​យក​ស្រុក​នោះ​ឡើយ ដ្បិត​យើង​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ខ្មាំង​សត្រូវ​មុខ​ជា​វាយ​អ្នក​រាល់​គ្នា​ឲ្យ​បរា‌ជ័យ​មិន​ខាន”។

43. ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​ឡើយ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ដោយ​អួត‌អាង។

44. ពេល​នោះ ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​លើ​ភ្នំ លើក​ទ័ព​ចេញ​មក​តទល់​នឹង​អ្នក​រាល់​គ្នា ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា ដូច​ឃ្មុំ​ដេញ​ទិច។ ពួក​គេ​កម្ទេច​អ្នក​រាល់​គ្នា​នៅ​តំបន់​ភ្នំ​សៀរ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា​រហូត​ដល់​ហោម៉ា។

45. ពេល​ត្រឡប់​មក​វិញ អ្នក​រាល់​គ្នា​យំ​សោក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះ‌អង្គ​ពុំ​បាន​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​អ្នក​រាល់​គ្នា​ទេ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 1