គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 1:3-10 Khmer Standard Version (KHSV)

3. នៅ​ឆ្នាំ​ទី​សែ‌សិប ថ្ងៃ​ទី​មួយ ខែ​ទី​ដប់​មួយ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​លោក​ថ្លែង​ប្រាប់​ពួក​គេ

4. គឺ​នៅ​ក្រោយ​ពេល​លោក​មាន​ជ័យ‌ជំនះ​លើ​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ជន‌ជាតិ​អាម៉ូរី គង់​នៅ​ក្រុង​ហេស‌បូន និង​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន គង់​នៅ​ក្រុង​អាសថា‌រ៉ូត និង​អេទ្រី។

5. កាល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ លោក​ម៉ូសេ​ចាប់​ផ្ដើម​បង្រៀន​ក្រឹត្យ‌វិន័យ*​ដូច​ត​ទៅ៖

6. «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង មាន​ព្រះ‌បន្ទូល​មក​យើង នៅ​ភ្នំ​ហោរែប​ថា “អ្នក​រាល់​គ្នា​ស្នាក់​នៅ​ភ្នំ​នេះ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។

7. ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​ស្រុក​ភ្នំ​របស់​ជន‌ជាតិ​អាម៉ូរី និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ ព្រម​ទាំង​តំបន់​អារ៉ា‌បា តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប តំបន់​ឆ្នេរ​សមុទ្រ ស្រុក​កាណាន ស្រុក​លីបង់ រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត។

8. មើល​ចុះ! យើង​ប្រគល់​ស្រុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ គឺ​ស្រុក​ដែល​យើង​ជា​ព្រះ‌អម្ចាស់​បាន​សន្យា​ប្រគល់​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពូជ‌ពង្ស​ដែល​កើត​មក​តាម​ក្រោយ។ ដូច្នេះ ចូរ​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​ស្រុក​នោះ​ទៅ”។

9. នៅ​គ្រា​នោះ ខ្ញុំ​ធ្លាប់​ប្រាប់​អ្នក​រាល់​គ្នា​ថា “ខ្លួន​ខ្ញុំ​តែ​ម្នាក់​ពុំ​អាច​ទទួល​ខុស​ត្រូវ​លើ​អ្នក​រាល់​គ្នា​ទេ។

10. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង ហើយ​សព្វ​ថ្ងៃ អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 1