គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 1:29-38 Khmer Standard Version (KHSV)

29. ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា: “កុំ​ភ័យ​តក់‌ស្លុត ហើយ​កុំ​ខ្លាច​ពួក​គេ​ឡើយ។

30. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យាង​នៅ​មុខ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​ប្រយុទ្ធ​ដើម្បី​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​ប្រយុទ្ធ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ នៅ​ស្រុក​អេស៊ីប​ដែរ។

31. ក្រោយ​មក នៅ​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​រហូត​មក​ដល់​កន្លែង​នេះ អ្នក​ឃើញ​ស្រាប់​ហើយ​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បី​អ្នក ដូច​ឪពុក​បី​កូន។

32. ប៉ុន្តែ នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ពុំ​បាន​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ

33. ថ្វី‌ដ្បិត​តែ​ព្រះ‌អង្គ​យាង​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​រក​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​បោះ​ជំរំ។ ព្រះ‌អង្គ​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ​នៅ​ពេល​យប់ ហើយ​ព្រះ‌អង្គ​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ពពក* នៅ​ពេល​ថ្ងៃ”។

34. ពេល​ឮ​ពាក្យ​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា:

35. “ក្នុង​ចំណោម​មនុស្ស​ដ៏​អាក្រក់​នៅ​ជំនាន់​នេះ គ្មាន​នរណា​ម្នាក់​អាច​ឃើញ​ស្រុក​ដ៏​ល្អ ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រគល់​ឲ្យ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ឡើយ

36. លើក‌លែង​តែ​កាលែប ជា​កូន​របស់​យេភូ‌នេ។ កាលែប​នឹង​ឃើញ​ស្រុក ហើយ​យើង​ប្រគល់​ស្រុក​ដែល​គាត់​បាន​ដើរ​កាត់​នោះ​ឲ្យ​គាត់ និង​កូន​ចៅ​របស់​គាត់ ដ្បិត​គាត់​បាន​ដើរ​តាម​ព្រះ‌អម្ចាស់ ឥត​ល្អៀង​ត្រង់​ណា​ឡើយ”។

37. ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះ‌អម្ចាស់​ក៏​ទ្រង់​ព្រះ‌ពិរោធ​នឹង​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “សូម្បី​តែ​អ្នក​ក៏​មិន​ចូល​ទៅ​ស្រុក​នោះ​ដែរ។

38. សហការី​របស់​អ្នក គឺ​យ៉ូស្វេ ជា​កូន​របស់​នូន នឹង​ចូល​ទៅ​ក្នុង​ស្រុក។ ដូច្នេះ ចូរ​ពង្រឹង​កម្លាំង​របស់​គាត់ ព្រោះ​គាត់​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​ទៅ​កាន់​កាប់​ស្រុក ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 1