គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 1:23-34 Khmer Standard Version (KHSV)

23. ខ្ញុំ​យល់​ឃើញ​ថា​គំនិត​នោះ​ល្អ ខ្ញុំ​ក៏​ចាត់​មនុស្ស​ដប់‌ពីរ​នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​ម្នាក់​តំណាង​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​ទៅ។

24. ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​តម្រង់​ទៅ​តំបន់​ភ្នំ រហូត​ដល់​ជ្រលង​ភ្នំ​អែស‌កុល រួច​ពិនិត្យ​មើល​ស្រុក។

25. ពួក​គេ​បាន​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ​មក​បង្ហាញ​ពួក​យើង និង​រាយ‌ការណ៍​ប្រាប់​ពួក​យើង​ថា: “ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​មក​យើង ជា​ស្រុក​ល្អ​ណាស់”។

26. ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​ព្រម​ឡើង​ទៅ​ស្រុក​នោះ​ទេ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា

27. អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ក្នុង​តង់ត៍​របស់​អ្នក​រាល់​គ្នា ដោយ​ពោល​ថា “ព្រះ‌អម្ចាស់​ស្អប់​ពួក​យើង​ហើយ បាន​ជា​ព្រះ‌អង្គ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អាម៉ូរី និង​កម្ទេច​ពួក​យើង។

28. តើ​ឲ្យ​យើង​ខ្ញុំ​ឡើង​ទៅ​ណា? ពួក​យើង​គ្មាន​ទឹក​ចិត្ត​នឹង​ឡើង​ទៅ​ស្រុក​នោះ​ទេ ដ្បិត​បង‌ប្អូន​របស់​យើង​ខ្ញុំ​រាយ‌ការណ៍​ប្រាប់​ពួក​យើង ថា​ប្រជា‌ជន​នៅ​ស្រុក​នោះ​ខ្លាំង​ពូកែ ហើយ​មាន​មាឌ​ធំ​ជាង​ពួក​យើង។ រីឯ​ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ និង​មាន​កំពែង​ខ្ពស់​កប់​ពពក។ ពួក​យើង​ក៏​បាន​ឃើញ​កូន​ចៅ​អណាក់ នៅ​ស្រុក​នោះ​ដែរ”។

29. ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា: “កុំ​ភ័យ​តក់‌ស្លុត ហើយ​កុំ​ខ្លាច​ពួក​គេ​ឡើយ។

30. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យាង​នៅ​មុខ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​ប្រយុទ្ធ​ដើម្បី​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​ប្រយុទ្ធ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ នៅ​ស្រុក​អេស៊ីប​ដែរ។

31. ក្រោយ​មក នៅ​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​រហូត​មក​ដល់​កន្លែង​នេះ អ្នក​ឃើញ​ស្រាប់​ហើយ​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បី​អ្នក ដូច​ឪពុក​បី​កូន។

32. ប៉ុន្តែ នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ពុំ​បាន​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ

33. ថ្វី‌ដ្បិត​តែ​ព្រះ‌អង្គ​យាង​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​រក​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​បោះ​ជំរំ។ ព្រះ‌អង្គ​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ​នៅ​ពេល​យប់ ហើយ​ព្រះ‌អង្គ​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ពពក* នៅ​ពេល​ថ្ងៃ”។

34. ពេល​ឮ​ពាក្យ​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា:

សូមអានជំពូកពេញលេញ ទុតិយ‌កថា 1