គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 1:14-22 Khmer Standard Version (KHSV)

14. ពេល​នោះ អ្នក​រាល់​គ្នា​បាន​ឆ្លើយ​មក​ខ្ញុំ​វិញ​ថា “សំណើ​របស់​លោក​សម​ហេតុ​សម​ផល​ណាស់”។

15. ខ្ញុំ​ក៏​បាន​ជ្រើស​រើស​មេ​ដឹក​នាំ​ពី​ក្នុង​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា គឺ​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ តែង‌តាំង​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​មួយ​ពាន់​នាក់ មេ​ដឹក​នាំ​លើ​មួយ​រយ​នាក់ មេ​ដឹក​នាំ​លើ​ហា‌សិប​នាក់ និង​មេ​ដឹក​នាំ​លើ​ដប់​នាក់ ព្រម​ទាំង​ឲ្យ​មាន​ពួក​តំរួត​មើល​ខុស​ត្រូវ​លើ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។

16. នៅ​គ្រា​នោះ ខ្ញុំ​បាន​បញ្ជា​ដល់​ពួក​ចៅ‌ក្រម​របស់​អ្នក​រាល់​គ្នា​ថា “ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា នៅ​ពេល​ពួក​គេ​មាន​រឿង‌រ៉ាវ​ជា​មួយ​ជន​រួម​ជាតិ​របស់​ខ្លួន ឬ​ជា​មួយ​ជន​បរទេស ត្រូវ​កាត់​ក្ដី​ឲ្យ​ពួក​គេ​ម្នាក់ៗ​ដោយ​យុត្តិធម៌។

17. ក្នុង​ការ​កាត់​ក្ដី​កុំ​រើស​មុខ​នរណា​ឡើយ គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​អ្នក​តូច​ក៏​ដូច​អ្នក​ធំ​ដែរ កុំ​ខ្លាច​នរណា​ឲ្យ​សោះ ដ្បិត​ការ​វិនិច្ឆ័យ​ស្ថិត​នៅ​លើ​ព្រះ‌ជាម្ចាស់។ ប្រសិន​បើ​រឿង‌រ៉ាវ​នោះ​ពិបាក​កាត់​ក្ដី​ពេក ចូរ​បញ្ជូន​មក​ខ្ញុំ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​ពិនិត្យ​មើល”។

18. នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា អំពី​ច្បាប់​ទម្លាប់​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម»។

19. «បន្ទាប់​មក យើង​ចាក​ចេញ​ពី​ភ្នំ​ហោរែបឆ្លង​កាត់​វាល​រហោ‌ស្ថាន​ទាំង​មូល​នេះ ជា​វាល​រហោ‌ស្ថាន​ដ៏​ធំ​គួរ​ឲ្យ​ស្ញែង​ខ្លាច ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។ យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភ្នំ​របស់​ជន‌ជាតិ​អាម៉ូរី ដូច​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់។ ពេល​មក​ដល់​កាដេស-‌បារនា

20. ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា: “អ្នក​រាល់​គ្នា​មក​ដល់​ភ្នំ​របស់​ជន‌ជាតិ​អាម៉ូរី ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​មក​យើង។

21. មើល៍​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ស្រុក​នេះ​ឲ្យ​អ្នក​ហើយ ចូរ​ឡើង​ទៅ​កាន់​កាប់​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុព្វបុរស​អ្នក បាន​សន្យា​ចំពោះ​អ្នក កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​ឡើយ!”។

22. ពេល​នោះ អ្នក​រាល់​គ្នា​បាន​ចូល​មក​ជិត​ខ្ញុំ ហើយ​ប្រាប់​ថា: “សូម​ចាត់​មនុស្ស​ឲ្យ​ទៅ​មុន​ពួក​យើង ដើម្បី​ពិនិត្យ​មើល​ស្រុក រួច​រាយ‌ការណ៍​ប្រាប់​យើង​ខ្ញុំ​អំពី​ស្ថាន​ភាព​ផ្លូវ និង​ក្រុង​នានា​ដែល​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ”។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 1