គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 1:1-14 Khmer Standard Version (KHSV)

1. នេះ​ជា​សុន្ទរ‌កថា​ដែល​លោក​ម៉ូសេ​ថ្លែង​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង‌មូល នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ក្នុង​វាល​រហោ‌ស្ថាន​តំបន់​អារ៉ាបា នៅ​ទល់​មុខ​នឹង​ស៊ូភ ត្រង់​ចន្លោះ​ប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និង​ឌីសា‌ហាប។

2. ចាប់​ពី​ភ្នំ​ហោរែប​រហូត​ដល់​កាដេស-‌បារនា ដោយ​កាត់​តាម​តំបន់​ភ្នំ​សៀរ មាន​ចម្ងាយ​ផ្លូវ​ដើរ​ចំនួន​ដប់​មួយ​ថ្ងៃ។

3. នៅ​ឆ្នាំ​ទី​សែ‌សិប ថ្ងៃ​ទី​មួយ ខែ​ទី​ដប់​មួយ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​លោក​ថ្លែង​ប្រាប់​ពួក​គេ

4. គឺ​នៅ​ក្រោយ​ពេល​លោក​មាន​ជ័យ‌ជំនះ​លើ​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ជន‌ជាតិ​អាម៉ូរី គង់​នៅ​ក្រុង​ហេស‌បូន និង​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន គង់​នៅ​ក្រុង​អាសថា‌រ៉ូត និង​អេទ្រី។

5. កាល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ លោក​ម៉ូសេ​ចាប់​ផ្ដើម​បង្រៀន​ក្រឹត្យ‌វិន័យ*​ដូច​ត​ទៅ៖

6. «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង មាន​ព្រះ‌បន្ទូល​មក​យើង នៅ​ភ្នំ​ហោរែប​ថា “អ្នក​រាល់​គ្នា​ស្នាក់​នៅ​ភ្នំ​នេះ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។

7. ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​ស្រុក​ភ្នំ​របស់​ជន‌ជាតិ​អាម៉ូរី និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ ព្រម​ទាំង​តំបន់​អារ៉ា‌បា តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប តំបន់​ឆ្នេរ​សមុទ្រ ស្រុក​កាណាន ស្រុក​លីបង់ រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត។

8. មើល​ចុះ! យើង​ប្រគល់​ស្រុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ គឺ​ស្រុក​ដែល​យើង​ជា​ព្រះ‌អម្ចាស់​បាន​សន្យា​ប្រគល់​ឲ្យ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពូជ‌ពង្ស​ដែល​កើត​មក​តាម​ក្រោយ។ ដូច្នេះ ចូរ​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​ស្រុក​នោះ​ទៅ”។

9. នៅ​គ្រា​នោះ ខ្ញុំ​ធ្លាប់​ប្រាប់​អ្នក​រាល់​គ្នា​ថា “ខ្លួន​ខ្ញុំ​តែ​ម្នាក់​ពុំ​អាច​ទទួល​ខុស​ត្រូវ​លើ​អ្នក​រាល់​គ្នា​ទេ។

10. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង ហើយ​សព្វ​ថ្ងៃ អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។

11. សូម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​មួយ​ពាន់​ដង​លើស​នេះ​ទៅ​ទៀត សូម​ព្រះ‌អង្គ​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដូច​ព្រះ‌អង្គ​បាន​សន្យា​ចំពោះ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។

12. ប៉ុន្តែ ខ្លួន​ខ្ញុំ​ម្នាក់​ឯង​ពុំ​អាច​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​ក្ដី‌ក្ដាំ និង​ជម្លោះ​របស់​អ្នក​រាល់​គ្នា​បាន​ទេ។

13. ហេតុ​នេះ ចូរ​ជ្រើស​រើស​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ខ្ញុំ​នឹង​តែង‌តាំង​លោក​ទាំង​នោះ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា”។

14. ពេល​នោះ អ្នក​រាល់​គ្នា​បាន​ឆ្លើយ​មក​ខ្ញុំ​វិញ​ថា “សំណើ​របស់​លោក​សម​ហេតុ​សម​ផល​ណាស់”។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 1