គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 9:16-27 Khmer Standard Version (KHSV)

16. ឱ​ព្រះ‌អម្ចាស់​អើយ អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើ​សុទ្ធ​តែ​សុចរិត​ទាំង​អស់ ហេតុ​នេះ សូម​បំបែរ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌អង្គ ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ចេញ​ពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​ទៅ ដ្បិត​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​មាក់‌ងាយ​ក្រុង​យេរូ‌សាឡឹម និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​កំហុស​របស់​បុព្វបុរស​យើង​ខ្ញុំ។

17. ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ផង។ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ សូម​សម្តែង​ព្រះ‌ហឫទ័យ​ប្រណី​មេត្តា​ចំពោះ​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ ដែល​ត្រូវ​គេ​បំផ្លាញ​នេះ​ផង។

18. ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ សូម​ទត​មើល​ក្រុង​បាក់​បែក ដែល​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​នេះ​ផង! យើង​ខ្ញុំ​អង្វរ​ព្រះ‌អង្គ ដោយ​មិន​ពឹង​ផ្អែក​លើ​អំពើ​សុចរិត​របស់​យើង​ខ្ញុំ​ទេ តែ​យើង​ខ្ញុំ​សូម​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ដ៏​ធំ‌ធេង​របស់​ព្រះ‌អង្គ។

19. ព្រះ‌អម្ចាស់​អើយ សូម​ស្ដាប់​យើង​ខ្ញុំ! ព្រះ‌អម្ចាស់​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង! ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ​ឡើយ! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ទីក្រុង និង​ប្រជា‌រាស្ត្រ​នេះ ជា​កម្មសិទ្ធិ​របស់​ព្រះ‌អង្គ”។

20. ខ្ញុំ​បាន​រៀប​រាប់​ទូល‌អង្វរ​ព្រះ‌អង្គ​ត​ទៅ​មុខ​ទៀត ខ្ញុំ​បាន​សារភាព​អំពើ​បាប​របស់​ខ្ញុំ ព្រម​ទាំង​បាប​របស់​ប្រជា‌ជាតិ​អ៊ីស្រា‌អែល ហើយ​ខ្ញុំ​ក៏​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ខ្ញុំ ស្ដី​អំពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។

21. ពេល​ខ្ញុំ​កំពុង​តែ​អធិស្ឋាន​នៅ​ឡើយ ស្រាប់​តែ​ទេវតា*​កាព្រី‌យ៉ែល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​និមិត្ត​ដ៏​អស្ចារ្យ កាល​ពី​មុន​នោះ ហោះ​ចូល​មក​ជិត​ខ្ញុំ​យ៉ាង​រហ័ស ចំ​ពេល​ថ្វាយ​តង្វាយ​វេលា​ល្ងាច។

22. លោក​មក​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «លោក​ដានី‌យ៉ែល​អើយ ខ្ញុំ​មក​ពេល​នេះ ដើម្បី​ណែ‌នាំ​លោក​ឲ្យ​បាន​យល់។

23. នៅ​ពេល​លោក​ចាប់​ផ្ដើម​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល ហើយ​ខ្ញុំ​នាំ​យក​មក​ជម្រាប​លោក ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់។ សូម​ពិចារណា​ព្រះ‌បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ចុះ។

24. ព្រះ‌អង្គ​បាន​កំណត់​ពេល​ប្រាំ‌ពីរ​ឆ្នាំ ចិត‌សិប​ដង សម្រាប់​ប្រជា‌ជន និង​ក្រុង​ដ៏‌វិសុទ្ធ​របស់​លោក ដើម្បី​លុប​បំបាត់​អំពើ​ទុច្ចរិត បញ្ឈប់​អំពើ​បាប លើក‌លែង​កំហុស នាំ​មក​នូវ​សេចក្ដី​សុចរិត​អស់‌កល្ប​ជា‌និច្ច ហើយ​សម្រេច​តាម​សេចក្ដី​ដែល​មាន​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ និង​តាម​សេចក្ដី​ដែល​ព្យាការី​បាន​ថ្លែង​ទុក ព្រម​ទាំង​ចាក់​ប្រេង​លើ​ទី‌សក្ការៈ​បំផុត ដើម្បី​ញែក​ទុក​ថ្វាយ​ព្រះ‌អម្ចាស់។

25. ដូច្នេះ សូម​ជ្រាប ហើយ​យល់​អត្ថ‌ន័យ​នេះ​ចុះ! ចាប់​ពី​ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ស្ដី​អំពី​ការ​រៀប‌ចំ​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រហូត​ដល់​ពេល​ស្ដេច​ដែល​ជា​ព្រះ‌មេស្ស៊ី*​យាង​មក​ដល់ មាន​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង ហើយ​នៅ​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​ទៀត គេ​នឹង​សង់​ទីក្រុង និង​កំពែង​ឡើង​វិញ តែ​គ្រា​នោះ ជា​គ្រា​មួយ​ដ៏​សែន​វេទនា។

26. លុះ​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​នោះ​កន្លង​ផុត​ទៅ លោក​ដែល​គេ​ចាក់​ប្រេង​អភិសេក នឹង​ត្រូវ​គេ​ដក​ជីវិត គ្មាន​នរណា​ការ‌ពារ​លោក​ទេ។ ប្រជា‌ជាតិ​របស់​ស្ដេច​មួយ​អង្គ​នឹង​លើក​គ្នា​មក​កម្ទេច​ទីក្រុង និង​ទី‌សក្ការៈ។ នៅ​ទី​បញ្ចប់ ស្ដេច​នោះ​នឹង​ទទួល​ទោស​ពី​ព្រះ‌ជាម្ចាស់។ ប៉ុន្តែ ស្ដេច​នោះ​នឹង​បន្ត​ធ្វើ​សឹក​បំផ្លិច‌បំផ្លាញ រហូត​ដល់​សោយ​ទិវង្គត​ដូច​បាន​កំណត់​ទុក។

27. ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ស្ដេច​នោះ​នឹង​បង្ខំ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន​ចុះ​សន្ធិ‌សញ្ញា​យ៉ាង​តឹង‌រ៉ឹង ហើយ​នៅ​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ស្ដេច​បញ្ឈប់​លែង​ឲ្យ​មាន​ការ​ថ្វាយ​យញ្ញ‌បូជា ឬ​ថ្វាយ​តង្វាយ​ទៀត​ហើយ។ មេ​បំផ្លាញ​នេះ​នឹង​ប្រព្រឹត្ត​អំពើ​ចង្រៃ​គួរ​ស្អប់​ខ្ពើម​បំផុត គឺ​រហូត​ទាល់​តែ​មហន្ត‌រាយ​ធ្លាក់​ទៅ​លើ​មេ​បំផ្លាញ​វិញ ដូច​បាន​កំណត់​ទុក»។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 9