គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 9:10-21 Khmer Standard Version (KHSV)

10. យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​ធ្វើ​តាម​វិន័យ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង​ខ្ញុំ តាម​រយៈ​អស់​លោក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើយ។

11. ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​បំពាន​លើ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ហើយ​ងាក​ចេញ ពុំ​ព្រម​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដាសា ទំនាយ​ផ្សេងៗ ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អង្គ។

12. ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ និង​ចំពោះ​អ្នក​ដឹក​នាំ​ដែល​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​មួយ​យ៉ាង​ធំ កើត​មាន​ដល់​យើង​ខ្ញុំ ហើយ​នៅ​ក្រោម​មេឃ​នេះ​ពុំ​ដែល​មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​ឡើង​ដូច​ទុក្ខ​វេទនា ដែល​ក្រុង​យេរូ‌សាឡឹម​បាន​ជួប​ប្រទះ​នោះ​ឡើយ។

13. ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង​ខ្ញុំ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ តែ​យើង​ខ្ញុំ​ពុំ​បាន​ទូល‌អង្វរ​សុំ​សេចក្ដី​សន្ដោស​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​បែរ​ចេញ​ពី​កំហុស ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​សេចក្ដី​ពិត​ដែរ។

14. ព្រះ‌អម្ចាស់​មិន​រារែក​នឹង​ដាក់​ទោស​យើង​ខ្ញុំ​ទេ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​សុចរិត​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តែ​យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​ឡើយ។

15. ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ល្បី​រន្ទឺ​ដូច​សព្វ​ថ្ងៃ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​មាន​ទោស។

16. ឱ​ព្រះ‌អម្ចាស់​អើយ អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើ​សុទ្ធ​តែ​សុចរិត​ទាំង​អស់ ហេតុ​នេះ សូម​បំបែរ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌អង្គ ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ចេញ​ពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​ទៅ ដ្បិត​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​មាក់‌ងាយ​ក្រុង​យេរូ‌សាឡឹម និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​កំហុស​របស់​បុព្វបុរស​យើង​ខ្ញុំ។

17. ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ​ដែល​ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ផង។ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ សូម​សម្តែង​ព្រះ‌ហឫទ័យ​ប្រណី​មេត្តា​ចំពោះ​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ ដែល​ត្រូវ​គេ​បំផ្លាញ​នេះ​ផង។

18. ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ សូម​ទត​មើល​ក្រុង​បាក់​បែក ដែល​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​នេះ​ផង! យើង​ខ្ញុំ​អង្វរ​ព្រះ‌អង្គ ដោយ​មិន​ពឹង​ផ្អែក​លើ​អំពើ​សុចរិត​របស់​យើង​ខ្ញុំ​ទេ តែ​យើង​ខ្ញុំ​សូម​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ដ៏​ធំ‌ធេង​របស់​ព្រះ‌អង្គ។

19. ព្រះ‌អម្ចាស់​អើយ សូម​ស្ដាប់​យើង​ខ្ញុំ! ព្រះ‌អម្ចាស់​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង! ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ​ឡើយ! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ទីក្រុង និង​ប្រជា‌រាស្ត្រ​នេះ ជា​កម្មសិទ្ធិ​របស់​ព្រះ‌អង្គ”។

20. ខ្ញុំ​បាន​រៀប​រាប់​ទូល‌អង្វរ​ព្រះ‌អង្គ​ត​ទៅ​មុខ​ទៀត ខ្ញុំ​បាន​សារភាព​អំពើ​បាប​របស់​ខ្ញុំ ព្រម​ទាំង​បាប​របស់​ប្រជា‌ជាតិ​អ៊ីស្រា‌អែល ហើយ​ខ្ញុំ​ក៏​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ខ្ញុំ ស្ដី​អំពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។

21. ពេល​ខ្ញុំ​កំពុង​តែ​អធិស្ឋាន​នៅ​ឡើយ ស្រាប់​តែ​ទេវតា*​កាព្រី‌យ៉ែល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​និមិត្ត​ដ៏​អស្ចារ្យ កាល​ពី​មុន​នោះ ហោះ​ចូល​មក​ជិត​ខ្ញុំ​យ៉ាង​រហ័ស ចំ​ពេល​ថ្វាយ​តង្វាយ​វេលា​ល្ងាច។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 9