គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 8:9-22 Khmer Standard Version (KHSV)

9. មាន​ស្នែង​មួយ​តូច​ដុះ​ចេញ​ពី​ស្នែង​មួយ ក្នុង​ចំណោម​ស្នែង​ទាំង​បួន ស្នែង​តូច​នោះ​កាន់​តែ​រីក​ធំ​ឡើងៗ ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ខាង​កើត និង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​ស្អាត​ជាង​គេ​បំផុត។

10. បន្ទាប់​មក ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​កង‌ពល​នៃ​ស្ថាន‌សួគ៌ ធ្វើ​ឲ្យ​ពួក​គេ​មួយ​ចំនួន និង​ផ្កាយ​ខ្លះ​ធ្លាក់​មក ហើយ​វា​ជាន់​ឈ្លី។

11. ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​ព្រះ‌ម្ចាស់‌សួគ៌ វា​ហាម​គេ​មិន​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ​ចំពោះ​ព្រះ‌អង្គ ព្រម​ទាំង​បន្ថោក​ទី‌សក្ការៈ​ថែម​ទៀត​ផង។

12. កង‌ពល និង​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ ធ្លាក់​ទៅ​ក្នុង​អំណាច​របស់​ស្នែង​នោះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ។ ស្នែង​នោះ​ជាន់​ឈ្លី​សេចក្ដី​ពិត អ្វីៗ​ដែល​វា​ធ្វើ​សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។

13. ខ្ញុំ​បាន​ឮ​អ្នក​ដ៏‌វិសុទ្ធ​មួ​រូប​កំពុង​តែ​និយាយ ហើយ​អ្នក​ដ៏‌វិសុទ្ធ​មួយ​រូប​ទៀត​ពោល​ទៅ​គាត់​ថា៖ «និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ស្ដី​អំពី​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ អំពើ​ឧក្រិដ្ឋ​ដែល​កំពុង​តែ​រាត‌ត្បាត​ទី‌សក្ការៈ និង​កង‌ពល ដែល​ត្រូវ​ស្នែង​នោះ​ជាន់​ឈ្លី​មាន​ដូច្នេះ រហូត​ដល់​ពេល​ណា»។

14. គាត់​ពោល​មក​ខ្ញុំ​ថា៖ «រហូត​ដល់​ពេល​ដែល​គេ​ខាន​បាន​ថ្វាយ​យញ្ញ‌បូជា​ពីរ​ពាន់​បី​រយ​ដង ដោយ​គិត​ទាំង​ព្រឹក ទាំង​ល្ងាច។ បន្ទាប់​មក គេ​នឹង​រៀបចំ​ទី‌សក្ការៈ​ឡើង​វិញ»។

15. នៅ​ពេល​ដែល​ខ្ញុំ ដានី‌យ៉ែល កំពុង​តែ​សម្លឹង​មើល​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ទាំង​រិះគិត​ចង់​យល់​អត្ថ‌ន័យ មាន​ម្នាក់​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស​ឈរ​នៅ​ពី​មុខ​ខ្ញុំ

16. ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​មនុស្ស​ម្នាក់ បន្លឺ​ចេញ​ពី​ទន្លេ​អ៊ូឡៃ​មក​ថា៖ «កាព្រី‌យ៉ែល​អើយ ចូរ​ពន្យល់​ប្រាប់​គាត់​អំពី​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​ផង»។

17. លោក​នោះ​ក៏​ចូល​មក​ជិត​កន្លែង​ដែល​ខ្ញុំ​ឈរ ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហើយ​ខ្ញុំ​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី។ លោក​ពោល​មក​ខ្ញុំ​ថា៖ «បុត្រ​មនុស្ស​អើយ ចូរ​ជ្រាប​ថា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ សម្តែង​អំពី​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​គ្រា​ចុង​ក្រោយ»។

18. ក្នុង​ពេល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ ខ្ញុំ​ក៏​លង់​ស្មារតី ហើយ​នៅ​តែ​អោន​មុខ​ដល់​ដី​ដដែល។ លោក​ពាល់​ខ្ញុំ រួច​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង នៅ​កន្លែង​ដែល​ខ្ញុំ​ឈរ​ពី​មុន។

19. បន្ទាប់​មក លោក​ពោល​ថា៖ «ខ្ញុំ​នឹង​ជម្រាប​ឲ្យ​លោក​ជ្រាប​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស ដ្បិត​ព្រះ‌អង្គ​បាន​កំណត់​ថ្ងៃ​ចុង​ក្រោយ​ទុក​ជា​ស្រេច​ហើយ។

20. ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​លោក​បាន​ឃើញ​នោះ គឺ​ស្ដេច​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស។

21. រីឯ​ពពែ​ឈ្មោល​ដែល​មាន​រោម​ពេញ​ខ្លួន គឺ​ស្ដេច​របស់​ជន‌ជាតិ​ក្រិក។ ស្នែង​ដ៏​ធំ​ដែល​ស្ថិត​នៅ​ចន្លោះ​ភ្នែក គឺ​ជា​ស្ដេច​ទី​មួយ។

22. ស្នែង​នេះ​បាន​បាក់ ហើយ​មាន​ស្នែង​បួន​ទៀត​ដុះ​ឡើង​ជំនួស គឺ​មាន​នគរ​បួន​កើត​ចេញ​ពី​ប្រជា‌ជាតិ​ក្រិក តែ​ពុំ​មាន​ឫទ្ធិ​អំណាច​ដូច​ស្ដេច​មុន​ទេ។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 8