ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 8 Khmer Standard Version (KHSV)

លោក​ដានី‌យ៉ែល​សុបិន​និមិត្ត​ឃើញ​ពពែ និង​ចៀម

1. នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះចៅ​បេលសា‌សារ ខ្ញុំ​ដានី‌យ៉ែល​បាន​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មួយ បន្ទាប់​ពី​សុបិន​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ពី​លើក​មុន។

2. ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នេះ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​ហាក់​បី​ដូច​ជា​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​ក្រុង​ដ៏​សំខាន់​របស់​អាណា‌ខេត្ត​អេឡាំ។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ​នោះ ខ្ញុំ​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​អ៊ូឡៃ។

3. ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ចៀម​ឈ្មោល​មួយ​ឈរ​នៅ​មាត់​ទន្លេ។ ចៀម​នោះ​មាន​ស្នែង​ពីរ ស្នែង​ទាំង​ពីរ​នេះ​វែង​ណាស់ ហើយ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយ​ទៀត តែ​ស្នែង​ដែល​វែង​នេះ​ដុះ​ក្រោយ​គេ។

4. ខ្ញុំ​ឃើញ​ចៀម​នោះ​វ័ធ​ប្រហារ​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង តែ​គ្មាន​សត្វ​ណា​មួយ​អាច​តទល់​នឹង​វា​បាន​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំដោះ​អ្នក​រង​គ្រោះ​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ដែរ។ វា​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត ហើយ​អំណាច​របស់​វា​កាន់​តែ​ចម្រើន​ធំ​ឡើង​ជា‌និច្ច។

5. ពេល​ខ្ញុំ​កំពុង​តែ​រិះគិត ខ្ញុំ​ឃើញ​មាន​ពពែ​ឈ្មោល​មួយ​ចេញ​ពី​ទិស​ខាង​លិច​មក វា​បោល​កាត់​ផែនដី​យ៉ាង​លឿន ជើង​វា​ឥត​ប៉ះ​ដី​សោះ​ឡើយ។ ពពែ​នេះ​មាន​ស្នែង​មួយ​គួរ​ឲ្យ​ស្ញប់‌ស្ញែង ដុះ​នៅ​ចន្លោះ​ភ្នែក​ទាំង​ពីរ។

6. ពពែ​នេះ​បាន​មក​ដល់​ជិត​ចៀម​ស្នែង​ពីរ​ឈរ​នៅ​មាត់​ទន្លេ ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន រួច​សម្រុក​ទៅ​រក​ចៀម​យ៉ាង​ពេញ​ទំហឹង។

7. ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម ទាំង​កំរោល វា​ជល់​ចៀម​នោះ​បាក់​ស្នែង​ទាំង​ពីរ ហើយ​ចៀម​ឥត​មាន​កម្លាំង​តទល់​នឹង​វា​វិញ​ឡើយ។ វា​ផ្ដួល​ចៀម​ទៅ​លើ​ដី​ហើយ​ជាន់​កម្ទេច ដោយ​គ្មាន​នរណា​អាច​រំដោះ​ចៀម​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ឡើយ។

8. ពពែ​ឈ្មោល​នោះ​កាន់​តែ​ធំ​ឡើងៗ ហើយ​ពេល​វា​កំពុង​តែ​មាន​អំណាច​ខ្លាំង‌ក្លា ស្នែង​ធំ​របស់​វា​ក៏​បាក់ រួច​មាន​ស្នែង​បួន​ទៀត​គួរ​ឲ្យ​ស្ញប់‌ស្ញែង​ដុះ​ឡើង​ជំនួស បែរ​មុខ​ទៅ​រក​ទិស​ទាំង​បួន។

9. មាន​ស្នែង​មួយ​តូច​ដុះ​ចេញ​ពី​ស្នែង​មួយ ក្នុង​ចំណោម​ស្នែង​ទាំង​បួន ស្នែង​តូច​នោះ​កាន់​តែ​រីក​ធំ​ឡើងៗ ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ខាង​កើត និង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​ស្អាត​ជាង​គេ​បំផុត។

10. បន្ទាប់​មក ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​កង‌ពល​នៃ​ស្ថាន‌សួគ៌ ធ្វើ​ឲ្យ​ពួក​គេ​មួយ​ចំនួន និង​ផ្កាយ​ខ្លះ​ធ្លាក់​មក ហើយ​វា​ជាន់​ឈ្លី។

11. ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​ព្រះ‌ម្ចាស់‌សួគ៌ វា​ហាម​គេ​មិន​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ​ចំពោះ​ព្រះ‌អង្គ ព្រម​ទាំង​បន្ថោក​ទី‌សក្ការៈ​ថែម​ទៀត​ផង។

12. កង‌ពល និង​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ ធ្លាក់​ទៅ​ក្នុង​អំណាច​របស់​ស្នែង​នោះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ។ ស្នែង​នោះ​ជាន់​ឈ្លី​សេចក្ដី​ពិត អ្វីៗ​ដែល​វា​ធ្វើ​សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។

13. ខ្ញុំ​បាន​ឮ​អ្នក​ដ៏‌វិសុទ្ធ​មួ​រូប​កំពុង​តែ​និយាយ ហើយ​អ្នក​ដ៏‌វិសុទ្ធ​មួយ​រូប​ទៀត​ពោល​ទៅ​គាត់​ថា៖ «និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ស្ដី​អំពី​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ អំពើ​ឧក្រិដ្ឋ​ដែល​កំពុង​តែ​រាត‌ត្បាត​ទី‌សក្ការៈ និង​កង‌ពល ដែល​ត្រូវ​ស្នែង​នោះ​ជាន់​ឈ្លី​មាន​ដូច្នេះ រហូត​ដល់​ពេល​ណា»។

14. គាត់​ពោល​មក​ខ្ញុំ​ថា៖ «រហូត​ដល់​ពេល​ដែល​គេ​ខាន​បាន​ថ្វាយ​យញ្ញ‌បូជា​ពីរ​ពាន់​បី​រយ​ដង ដោយ​គិត​ទាំង​ព្រឹក ទាំង​ល្ងាច។ បន្ទាប់​មក គេ​នឹង​រៀបចំ​ទី‌សក្ការៈ​ឡើង​វិញ»។

15. នៅ​ពេល​ដែល​ខ្ញុំ ដានី‌យ៉ែល កំពុង​តែ​សម្លឹង​មើល​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ទាំង​រិះគិត​ចង់​យល់​អត្ថ‌ន័យ មាន​ម្នាក់​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស​ឈរ​នៅ​ពី​មុខ​ខ្ញុំ

16. ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​មនុស្ស​ម្នាក់ បន្លឺ​ចេញ​ពី​ទន្លេ​អ៊ូឡៃ​មក​ថា៖ «កាព្រី‌យ៉ែល​អើយ ចូរ​ពន្យល់​ប្រាប់​គាត់​អំពី​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​ផង»។

17. លោក​នោះ​ក៏​ចូល​មក​ជិត​កន្លែង​ដែល​ខ្ញុំ​ឈរ ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហើយ​ខ្ញុំ​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី។ លោក​ពោល​មក​ខ្ញុំ​ថា៖ «បុត្រ​មនុស្ស​អើយ ចូរ​ជ្រាប​ថា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ សម្តែង​អំពី​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​គ្រា​ចុង​ក្រោយ»។

18. ក្នុង​ពេល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ ខ្ញុំ​ក៏​លង់​ស្មារតី ហើយ​នៅ​តែ​អោន​មុខ​ដល់​ដី​ដដែល។ លោក​ពាល់​ខ្ញុំ រួច​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង នៅ​កន្លែង​ដែល​ខ្ញុំ​ឈរ​ពី​មុន។

19. បន្ទាប់​មក លោក​ពោល​ថា៖ «ខ្ញុំ​នឹង​ជម្រាប​ឲ្យ​លោក​ជ្រាប​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស ដ្បិត​ព្រះ‌អង្គ​បាន​កំណត់​ថ្ងៃ​ចុង​ក្រោយ​ទុក​ជា​ស្រេច​ហើយ។

20. ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​លោក​បាន​ឃើញ​នោះ គឺ​ស្ដេច​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស។

21. រីឯ​ពពែ​ឈ្មោល​ដែល​មាន​រោម​ពេញ​ខ្លួន គឺ​ស្ដេច​របស់​ជន‌ជាតិ​ក្រិក។ ស្នែង​ដ៏​ធំ​ដែល​ស្ថិត​នៅ​ចន្លោះ​ភ្នែក គឺ​ជា​ស្ដេច​ទី​មួយ។

22. ស្នែង​នេះ​បាន​បាក់ ហើយ​មាន​ស្នែង​បួន​ទៀត​ដុះ​ឡើង​ជំនួស គឺ​មាន​នគរ​បួន​កើត​ចេញ​ពី​ប្រជា‌ជាតិ​ក្រិក តែ​ពុំ​មាន​ឫទ្ធិ​អំណាច​ដូច​ស្ដេច​មុន​ទេ។

23. នៅ​ចុង​រជ្ជកាល​របស់​នគរ​ទាំង​បួន គឺ​នៅ​ពេល​ដែល​មនុស្ស​ពាល​ប្រព្រឹត្ត​អំពើ​បាប​ដល់​កម្រិត នឹង​មាន​ស្ដេច​មួយ​អង្គ​ទៀត​ឡើង​គ្រង​រាជ្យ ស្ដេច​នេះ​ព្រហើន​កោង‌កាច​ណាស់ ហើយ​ប៉ិន‌ប្រសប់​ខាង​បោក​ប្រាស់​ទៀត​ផង។

24. អំណាច​របស់​ស្ដេច​នេះ​នឹង​រឹង‌ប៉ឹង​កាន់​តែ​ខ្លាំង​ឡើងៗ តែ​មិន​មែន​ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ផ្ទាល់​ទេ។ ស្ដេច​នេះ​នឹង​បំផ្លាញ​អ្វីៗ​ទាំង​អស់​គួរ​ឲ្យ​ព្រឺ​ខ្លាច ការ​អ្វី​ដែល​ស្ដេច​ធ្វើ​សុទ្ធ​តែ​បាន​សម្រេច ស្ដេច​នឹង​កម្ទេច​ពួក​មាន​អំណាច​ខ្លាំង​ពូកែ ហើយ​កម្ទេច​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ទៀត​ផង។

25. ពេល​បាន​ចម្រុង‌ចម្រើន ព្រោះ​តែ​កល‌ល្បិច​ដ៏​ប៉ិន‌ប្រសប់ ស្ដេច​ក៏​មាន​ចិត្ត​ព្រហើន គឺ​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន​ដែល​កំពុង​រស់​នៅ​ដោយ​សុខ‌សាន្ត។ សូម្បី​តែ​ព្រះ‌មហា‌ក្សត្រ​លើ​ក្សត្រ​ទាំង​អស់ ក៏​ស្ដេច​ហ៊ាន​ប្រឆាំង​ដែរ តែ​ស្ដេច​នោះ​នឹង​ត្រូវ​រលំ ដោយ​គ្មាន​នរណា​ផ្ដួល​ឡើយ។

26. រីឯ​កំណត់​ពេល​ព្រឹក និង​ល្ងាច ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ពិត​ជា​មាន​មែន។ សូម​លោក​លាក់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​ឲ្យ​ជិត ដ្បិត​ព្រឹត្តិ‌ការណ៍​នោះ​នឹង​កើត​មាន​ទៅ​អនាគត​ដ៏​យូរ‌លង់​ខាង​មុខ»។

27. ខ្ញុំ ដានី‌យ៉ែល ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ និង​មាន​ជំងឺ​ជា​ច្រើន​ថ្ងៃ។ បន្ទាប់​មក ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​បំពេញ​មុខ‌ងារ​ថ្វាយ​ព្រះ‌រាជា​ត​ទៅ​ទៀត។ ប៉ុន្តែ និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត​ជា​ខ្លាំង ព្រោះ​គ្មាន​នរណា​អាច​យល់​បាន​ឡើយ។