គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 7:16-28 Khmer Standard Version (KHSV)

16. ខ្ញុំ​ក៏​ខិត​ទៅ​ជិត​បុរស​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ក្បែរ​បល្ល័ង្ក ហើយ​សួរ​គាត់​ឲ្យ​ពន្យល់​អត្ថ‌ន័យ​ពិត​ប្រាកដ​នៃ​ហេតុ‌ការណ៍​ទាំង​នោះ។ គាត់​ក៏​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​ហេតុ‌ការណ៍​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ​នោះ ដូច​ត​ទៅ:

17. សត្វ​ធំ​សម្បើម​ទាំង​បួន​នោះ គឺ​ព្រះ‌មហា‌ក្សត្រ​បួន​អង្គ ដែល​នឹង​ឡើង​គ្រង​រាជ្យ​លើ​ផែនដី​នេះ។

18. បន្ទាប់​មក ប្រជា‌ជន​ដ៏‌វិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​ទទួល​រាជ​សម្បត្តិ​នោះ ហើយ​ពួក​គេ​គ្រង​ព្រះ‌រាជ្យ​ដ៏​ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ជា​អង្វែង​ត​រៀង​ទៅ។

19. ក្រោយ​មក ខ្ញុំ​ក៏​សួរ​ចង់​ដឹង​ឲ្យ​ច្បាស់​អំពី​សត្វ​ទី​បួន ដែល​ខុស​ប្លែក​ពី​សត្វ​ឯ​ទៀតៗ គឺ​មាន​រូប‌រាង​គួរ​ស្ញែង​ខ្លាច មាន​ធ្មេញ​ដែក មាន​ក្រចក​លង្ហិន ហើយ​ត្របាក់​ស៊ី​កម្ទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់។

20. ខ្ញុំ​ក៏​ចង់​ដឹង​អំពី​ស្នែង​ទាំង​ដប់​នៅ​លើ​ក្បាល​សត្វ​នោះ និង​អំពី​ស្នែង​មួយ​ទៀត​ដែល​ដុះ​ឡើង​ធ្វើ​ឲ្យ​ជ្រុះ​ស្នែង​បី។ ស្នែង​ក្រោយ​នេះ​មាន​ភ្នែក និង​មាន​មាត់​ពោល​ពាក្យ​ព្រហើន​កោង‌កាច ហើយ​ឃើញ​ហាក់​ដូច​ជា​ធំ​ជាង​ស្នែង​ឯ​ទៀតៗ។

21. ខ្ញុំ​បាន​ឃើញ​ស្នែង​នេះ​កំពុង​តែ​ច្បាំង​នឹង​ប្រជា‌ជន​ដ៏‌វិសុទ្ធ ហើយ​មាន​ប្រៀប​លើ​ពួក​គេ

22. រហូត​ដល់​ពេល​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ​យាង​មក ដើម្បី​រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ពេល​នោះ ជា​ពេល​កំណត់​ដែល​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ត្រូវ​ទទួល​រាជ​សម្បត្តិ។

23. បុរស​នោះ​ប្រាប់​ខ្ញុំ​ថា សត្វ​ទី​បួន គឺ​រាជា‌ណាចក្រ​ទី​បួន​ដែល​នឹង​កើត​ឡើង នៅ​លើ​ផែនដី។ រាជា‌ណាចក្រ​នោះ​ប្លែក​ពី​រាជា‌ណាចក្រ​ឯ​ទៀតៗ គឺ​រាជា‌ណាចក្រ​នោះ​នឹង​ត្របាក់​លេប ជាន់​ឈ្លី និង​កិន​កម្ទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ។

24. រីឯ​ស្នែង​ទាំង​ដប់ គឺ​ស្ដេច​ដប់​អង្គ​ដែល​នឹង​ឡើង​គ្រង​រាជ្យ ក្នុង​រាជា‌ណាចក្រ​នោះ។ បន្ទាប់​មក មាន​ស្ដេច​មួយ​អង្គ ដែល​ប្លែក​ពី​ស្ដេច​មុនៗ​ឡើង​គ្រង​រាជ្យ​ក្រោយ​គេ​បង្អស់ ហើយ​ទម្លាក់​ស្ដេច​បី​អង្គ​ទៀត​ចោល។

25. ស្ដេច​អង្គ​នេះ​នឹង​មាន​រាជ‌ឱង្ការ​ប្រឆាំង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ស្ដេច​នឹង​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ហើយ​មាន​បំណង​នឹង​ផ្លាស់​ប្ដូរ​ពេល​កំណត់​ធ្វើ​ពិធី​បុណ្យ និង​ផ្លាស់​ប្ដូរ​ក្រឹត្យ‌វិន័យ​ទៀត​ផង។ ទ្រង់​នឹង​ធ្វើ​បាប​ប្រជា‌ជន​ដ៏‌វិសុទ្ធ​អស់​រយៈ​ពេល​មួយ​វស្សា ពីរ​វស្សា និង​ពាក់​កណ្ដាល​វស្សា។

26. បន្ទាប់​មក ពេល​វិនិច្ឆ័យ​ទោស​ក៏​មក​ដល់ គេ​នឹង​ដក​អំណាច​គ្រប់‌គ្រង​ចេញ​ពី​ស្ដេច​នោះ ហើយ​រាជ្យ​នេះ​នឹង​ត្រូវ​គេ​បំផ្លាញ​ឲ្យ​វិនាស​សូន្យ​រហូត​ត​ទៅ។

27. ប្រជា‌ជន​ដ៏‌វិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​ទទួល​រាជ្យ អំណាច​គ្រប់‌គ្រង និង​ទ្រព្យ​សម្បត្តិ​នៃ​រាជា‌ណាចក្រ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ទាំង​មូល។ រាជ្យ​របស់​គេ​ជា​រាជ្យ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច មេ​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​បម្រើ ហើយ​ស្ដាប់​បង្គាប់​ប្រជា‌ជន​ដ៏‌វិសុទ្ធ​នោះ។

28. «សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ខ្ញុំ ដានី‌យ៉ែល ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហេតុ‌ការណ៍​ដែល​ខ្ញុំ​បាន​ដឹង​នៅ​ក្នុង​ចិត្ត បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លេក‌ស្លាំង តែ​ខ្ញុំ​រក្សា​ពាក្យ‌ពេចន៍​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត»។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 7