គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 7:1-10 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះ‌ចៅ​បេលសា‌សារ ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លោក​ដានី‌យ៉ែល​បាន​យល់​សុបិន​នៅ​ពេល​សម្រាន្ដ គឺ​ព្រលឹង​របស់​លោក​និមិត្ត​ឃើញ​ការ​អស្ចារ្យ ដែល​លោក​លើក​យក​ចំណុច​សំខាន់ៗ មក​សរសេរ​រៀប​រាប់​ដូច​ត​ទៅ:

2. លោក​ដានី‌យ៉ែល​មាន​ប្រសាសន៍​ថា៖ «ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​ខ្យល់​ទាំង​បួន​ទិស​បក់​ពី​មេឃ​មក​លើ​មហា​សមុទ្រ។

3. ពេល​នោះ ស្រាប់​តែ​មាន​សត្វ​ដ៏​ធំ​សម្បើម​បួន​ក្បាល​ប្លែកៗ​ពី​គ្នា ផុស​ចេញ​ពី​មហា​សមុទ្រ។

4. សត្វ​ទី​មួយ​មាន​រូប​រាង​ដូច​តោ ហើយ​មាន​ស្លាប​ដូច​ឥន្ទ្រី។ ពេល​ខ្ញុំ​កំពុង​តែ​មើល​នោះ ខ្ញុំ​ឃើញ​គេ​ដក​ស្លាប​វា ហើយ​លើក​វា​ឡើង​ផុត​ពី​ដី​ឲ្យ​ឈរ​ជើង​ពីរ​ដូច​មនុស្ស រួច​គេ​ឲ្យ​វា​មាន​ចិត្ត​ដូច​មនុស្ស។

5. សត្វ​ទី​ពីរ​មាន​រូប​រាង​ដូច​ខ្លា‌ឃ្មុំ វា​ឈរ​លើ​ជើង​ម្ខាង ព្រម​ទាំង​ពាំ​ឆ្អឹង​ជំនីរ​បី​ក្នុង​មាត់​ផង។ មាន​គេ​ប្រាប់​វា​ថា “ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើន​ទៅ!”។

6. ខ្ញុំ​សម្លឹង​មើល​ទៅ ឃើញ​សត្វ​មួយ​ទៀត មាន​រូប​រាង​ដូច​ខ្លា‌រខិន នៅ​លើ​ខ្នង​វា​មាន​ស្លាប​បួន ហើយ​វា​មាន​ក្បាល​បួន​ដែរ វា​បាន​ទទួល​អំណាច​គ្រប់‌គ្រង​លើ​ពិភព​លោក។

7. បន្ទាប់​មក ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​ឃើញ​សត្វ​ទី​បួន​ដែល​មាន​រូប​រាង​គួរ​ព្រឺ​ស្ញែង​ខ្លាច។ វា​មាន​កម្លាំង​ដ៏​ខ្លាំង​ក្លា​អស្ចារ្យ ធ្មេញ​វា​ជា​ដែក​ដ៏​ធំៗ វា​ត្របាក់​ស៊ី វា​កម្ទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់​ផង។ សត្វ​នេះ​មាន​រូប​រាង​ខុស​ប្លែក​ពី​សត្វ​មុនៗ គឺ​វា​មាន​ស្នែង​ដប់។

8. ខ្ញុំ​សង្កេត​មើល​ស្នែង​ទាំង​នោះ ស្រាប់​តែ​ឃើញ​មាន​ស្នែង​មួយ​ទៀត​តូច​ជាង​គេ ដុះ​ចេញ​ពី​កណ្ដាល​ចំណោម​ស្នែង​ទាំង​ដប់។ គេ​ដក​ស្នែង​មុនៗ​បី​ចេញ​ពី​មុខ​ស្នែង​តូច។ ស្នែង​នេះ​មាន​ភ្នែក​ដូច​ភ្នែក​មនុស្ស ហើយ​មាន​មាត់​ពោល​ចេញ​មក​នូវ​ពាក្យ​ព្រហើន​កោង​កាច»។

9. «ពេល​នោះ ខ្ញុំ​នៅ​តែ​គន់​មើល​ត​ទៅ​ទៀត ឃើញ​គេ​យក​រាជ​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ គង់​នៅ​លើ​បល្ល័ង្ក​មួយ ទ្រង់​មាន​ព្រះ‌ភូសា​ពណ៌​ស​ដូច​កប្បាស ហើយ​ព្រះ‌កេសា​របស់​ព្រះ‌អង្គ​ស​ដូច​សំឡី។ បល្ល័ង្ក​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង ហើយ​មាន​កង់​កំពុង​ឆេះ​សន្ធោ‌សន្ធៅ។

10. មាន​ទន្លេ​មួយ​ហូរ​សុទ្ធ​តែ​ភ្លើង ចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់​គោរព​បម្រើ​ព្រះ‌អង្គ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។ ពេល​នោះ ចៅ‌ក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 7