គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 6:17-27 Khmer Standard Version (KHSV)

17. គេ​យក​ផ្ទាំង​ថ្ម​មួយ​ផ្ទាំង​មក​សន្ធប់​មាត់​រូង ហើយ​ព្រះ‌មហា‌ក្សត្រ​ប្រថាប់​ត្រា​ព្រះ‌ទម្រង់​លើ​ថ្ម​នោះ ពួក​មន្ត្រី​របស់​ស្ដេច​ក៏​បោះ​ត្រា​ចិញ្ចៀន​របស់​គេ​លើ​ថ្ម​នោះ​ដែរ។ ដូច្នេះ គ្មាន​នរណា​អាច​សង្គ្រោះ​លោក​ដានី‌យ៉ែល​បាន​ឡើយ។

18. បន្ទាប់​មក ព្រះ‌មហា‌ក្សត្រ​យាង​ចូល​រាជ​វាំង​វិញ ទ្រង់​យាង​ចូល​ក្រឡា‌បន្ទំ ដោយ​មិន​ព្រម​សោយ​អ្វី​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ពួក​ស្នំ​ចូល​មក​ជិត​ដែរ។ យប់​នោះ ទ្រង់​ផ្ទំ​មិន​លក់​ទាល់​តែ​សោះ។

19. ព្រះ‌រាជា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​ប្រញាប់‌ប្រញាល់​យាង​ឆ្ពោះ​ទៅ​រូង​តោ។

20. ទ្រង់​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​លោក​ដានី‌យ៉ែល ដោយ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «លោក​ដានី‌យ៉ែល​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អើយ តើ​ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​លោក​ឲ្យ​រួច​ពី​តោ​ឬ​ទេ?»។

21. លោក​ដានី‌យ៉ែល​ទូល​ទៅ​ស្ដេច​វិញ​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ!

22. ព្រះ​របស់​ទូលបង្គំ​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​មក​បិទ​មាត់​តោ ដូច្នេះ វា​មិន​បាន​ធ្វើ​បាប​ទូលបង្គំ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ជ្រាប​ថា ទូលបង្គំ​គ្មាន​ទោសពៃរ៍​អ្វី​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ទេ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះ‌ករុណា​ដែរ»។

23. ពេល​នោះ ព្រះ‌មហា‌ក្សត្រ​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​ក្រៃ‌លែង ទ្រង់​បញ្ជា​ឲ្យ​គេ​យក​លោក​ដានី‌យ៉ែល​ចេញ​ពី​រូង​មក​វិញ គេ​ក៏​យក​លោក​ចេញ​មក​ឃើញ​ថា លោក​គ្មាន​របួស​អ្វី​សោះ ដ្បិត​លោក​មាន​ជំនឿ​លើ​ព្រះ​របស់​លោក។

24. បន្ទាប់​មក ព្រះ‌មហា‌ក្សត្រ​បញ្ជា​ឲ្យ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​លោក​ដានី‌យ៉ែល​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ​ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេច‌ខ្ទី​អស់។

25. ព្រះ‌បាទ​ដារី‌យូស​ចេញ​រាជ‌សារ​មួយ​ប្រកាស​ប្រាប់​ប្រជា‌ជន ប្រជា‌ជាតិ និង​មនុស្ស​គ្រប់​ភាសា ដែល​រស់​នៅ​លើ​ផែនដី​ទាំង​មូល​ថា៖«សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌!

26. យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ គឺ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ទួ‌ទាំង​រាជា‌ណាចក្រ​របស់​យើង ត្រូវ​តែ​គោរព​កោត​ខ្លាច​ព្រះ​របស់​លោក​ដានី‌យ៉ែលដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅហើយ​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​មិន​សាប‌សូន្យ​ឡើយព្រះ‌អង្គ​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។

27. ព្រះ‌អង្គ​សង្គ្រោះ និង​រំដោះ​មនុស្ស​លោកព្រះ‌អង្គ​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ​បាដិហារិយ៍នៅ​លើ​មេឃ និង​នៅ​លើ​ផែនដីគឺ​ព្រះ‌អង្គ​នេះ​ហើយ​ដែល​បាន​សង្គ្រោះលោក​ដានី‌យ៉ែល​ឲ្យ​រួច​ពី​ក្រញាំ​តោ»។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 6