គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 6:11-24 Khmer Standard Version (KHSV)

11. ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ក៏​លើក​គ្នា​ចូល​មក ឃើញ​លោក​ដានី‌យ៉ែល​កំពុង​តែ​ទូល‌អង្វរ​ព្រះ​របស់​លោក។

12. ពួក​គេ​នាំ​គ្នា​ចូល​ទៅ​គាល់​ស្ដេច ទូល​អំពី​រាជ​បំរាម​នោះ​ថា៖ «បពិត្រ​ព្រះ‌រាជា! តើ​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​លេខា​លើ​បំរាម​ថា ក្នុង​រយៈ​ពេល​សាម‌សិប​ថ្ងៃ បើ​អ្នក​ណា​ទូល‌អង្វរ​ព្រះ ឬ​មនុស្ស ក្រៅ​ពី​ព្រះ‌ករុណា អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ​មែន​ឬ?»។ ព្រះ‌មហា‌ក្សត្រ​ឆ្លើយ​ថា៖ «ត្រូវ​ហើយ! យើង​បាន​សម្រេច​ដូច្នេះ​មែន គឺ​ស្រប​តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ពែរ្ស ដែល​មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ»។

13. ពួក​គេ​ក៏​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជា លោក​ដានី‌យ៉ែល​ជា​អ្នក​ដែល​គេ​ជន្លៀស​មក​ពី​ស្រុក​យូដា ពុំ​បាន​អើពើ​នឹង​ព្រះ‌ករុណា ហើយ​ក៏​មិន​គោរព​តាម​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​ដែរ! គឺ​លោក​នៅ​តែ​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង»។

14. កាល​ស្ដេច​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ទ្រង់​ព្រួយ​ព្រះ‌ហឫទ័យ​ជា​ខ្លាំង។ ព្រះ‌រាជា​ចង់​ដោះ​លែង​លោក​ដានី‌យ៉ែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ទ្រង់​រិះ​រក​មធ្យោ‌បាយ​ដោះ​លែង​លោក​ដានី‌យ៉ែល។

15. ប៉ុន្តែ នាម៉ឺន​មន្ត្រី​ទាំង​នោះ​លើក​គ្នា​មក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌រាជា! សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស រាជ​បំរាម និង​រាជ‌ក្រឹត្យ​ទាំង​ប៉ុន្មាន ដែល​មាន​ឡាយ​ព្រះ‌ហស្ដ​លេខា​របស់​ព្រះ‌មហា‌ក្សត្រ​មិន​អាច​ប្រែ‌ប្រួល​បាន​ជា​ដាច់​ខាត!»។

16. ព្រះ‌មហា‌ក្សត្រ​បញ្ជា​ឲ្យ​គេ​នាំ​លោក​ដានី‌យ៉ែល​ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ព្រះ​របស់​លោក​នឹង​សង្គ្រោះ​ជីវិត​លោក​ជា​មិន​ខាន ព្រោះ​លោក​បាន​គោរព​បម្រើ​ព្រះ‌អង្គ​ដោយ​ចិត្ត​ព្យាយាម»។

17. គេ​យក​ផ្ទាំង​ថ្ម​មួយ​ផ្ទាំង​មក​សន្ធប់​មាត់​រូង ហើយ​ព្រះ‌មហា‌ក្សត្រ​ប្រថាប់​ត្រា​ព្រះ‌ទម្រង់​លើ​ថ្ម​នោះ ពួក​មន្ត្រី​របស់​ស្ដេច​ក៏​បោះ​ត្រា​ចិញ្ចៀន​របស់​គេ​លើ​ថ្ម​នោះ​ដែរ។ ដូច្នេះ គ្មាន​នរណា​អាច​សង្គ្រោះ​លោក​ដានី‌យ៉ែល​បាន​ឡើយ។

18. បន្ទាប់​មក ព្រះ‌មហា‌ក្សត្រ​យាង​ចូល​រាជ​វាំង​វិញ ទ្រង់​យាង​ចូល​ក្រឡា‌បន្ទំ ដោយ​មិន​ព្រម​សោយ​អ្វី​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ពួក​ស្នំ​ចូល​មក​ជិត​ដែរ។ យប់​នោះ ទ្រង់​ផ្ទំ​មិន​លក់​ទាល់​តែ​សោះ។

19. ព្រះ‌រាជា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​ប្រញាប់‌ប្រញាល់​យាង​ឆ្ពោះ​ទៅ​រូង​តោ។

20. ទ្រង់​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​លោក​ដានី‌យ៉ែល ដោយ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «លោក​ដានី‌យ៉ែល​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អើយ តើ​ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​លោក​ឲ្យ​រួច​ពី​តោ​ឬ​ទេ?»។

21. លោក​ដានី‌យ៉ែល​ទូល​ទៅ​ស្ដេច​វិញ​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ!

22. ព្រះ​របស់​ទូលបង្គំ​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​មក​បិទ​មាត់​តោ ដូច្នេះ វា​មិន​បាន​ធ្វើ​បាប​ទូលបង្គំ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ជ្រាប​ថា ទូលបង្គំ​គ្មាន​ទោសពៃរ៍​អ្វី​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ទេ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះ‌ករុណា​ដែរ»។

23. ពេល​នោះ ព្រះ‌មហា‌ក្សត្រ​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​ក្រៃ‌លែង ទ្រង់​បញ្ជា​ឲ្យ​គេ​យក​លោក​ដានី‌យ៉ែល​ចេញ​ពី​រូង​មក​វិញ គេ​ក៏​យក​លោក​ចេញ​មក​ឃើញ​ថា លោក​គ្មាន​របួស​អ្វី​សោះ ដ្បិត​លោក​មាន​ជំនឿ​លើ​ព្រះ​របស់​លោក។

24. បន្ទាប់​មក ព្រះ‌មហា‌ក្សត្រ​បញ្ជា​ឲ្យ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​លោក​ដានី‌យ៉ែល​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ​ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេច‌ខ្ទី​អស់។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 6