ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 6 Khmer Standard Version (KHSV)

លោក​ដានី‌យ៉ែល​នៅ​ក្នុង​រូង​តោ

1. ព្រះចៅ​ដារី‌យូស​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​មេ‌ទ័ព​មួយ​រយ​ម្ភៃ​រូប​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។

2. ស្ដេច​តែង‌តាំង​មហា​មន្ត្រី​បី​រូប​ឲ្យ​ធ្វើ​ជា​ប្រមុខ​លើ​មេ‌ទ័ព​ទាំង​នោះ។ មេ‌ទ័ព​ទាំង​អស់​ត្រូវ​ធ្វើ​របាយ‌ការណ៍​ជូន​មហា​មន្ត្រី ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​ស្ដេច។ លោក​ដានី‌យ៉ែល​ជា​មហា‌មន្ត្រី​មួយ​រូប​ក្នុង​ចំណោម​មហា‌មន្ត្រី​ទាំង​បី។

3. ក្នុង​ចំណោម​មហា‌មន្ត្រី​ទាំង​បី​រូប និង​មេ‌ទ័ព​ទាំង​អស់ លោក​ដានី‌យ៉ែល​ប្រសើរ​ជាង​គេ ព្រោះ​លោក​មាន​ប្រាជ្ញា​ឈ្លាស‌វៃ​បំផុត។ ព្រះ‌រាជា​មាន​បំណង​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។

4. ពេល​នោះ មហា‌មន្ត្រី​ឯ​ទៀតៗ និង​ពួក​មេ‌ទ័ព​រិះ​រក​មូល​ហេតុ​ណា​មួយ ដែល​ជាប់​ទាក់ទង​នឹង​ការ‌ងារ​ក្នុង​រាជា‌ណាចក្រ ដើម្បី​ចោទ​ប្រកាន់​លោក​ដានី‌យ៉ែល តែ​ពួក​គេ​ពុំ​អាច​រក​ឃើញ​មូល​ហេតុ ឬ​កំហុស​ណា​មួយ​បាន​ទេ ដ្បិត​លោក​ដានី‌យ៉ែល​ជា​មនុស្ស​ស្មោះ​ត្រង់​នឹង​ការ‌ងារ មិន​ដែល​ធ្វេស‌ប្រហែស ឬ​មាន​កំហុស​ណា​មួយ​ឡើយ។

5. អ្នក​ទាំង​នោះ​ពិភាក្សា​គ្នា​ថា៖ «យើង​ពុំ​អាច​រក​មូល​ហេតុ​ចាប់​កំហុស​លោក​ដានី‌យ៉ែល​បាន​ទេ។ ដូច្នេះ មាន​តែ​រិះ​រក​មូល​ហេតុ​ដែល​ជាប់​ទាក់ទង​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​គាត់»។

6. បន្ទាប់​មក ពួក​មហា‌មន្ត្រី និង​ចៅហ្វាយ​ខេត្ត បាន​លើក​គ្នា​ចូល​ទៅ​គាល់​ព្រះ‌មហា‌ក្សត្រ​ទូល​ថា៖ «បពិត្រ​ព្រះ‌មហា‌ក្សត្រ ដារី‌យូស សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ!

7. មហា‌មន្ត្រី​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ ព្រម​ទាំង​មន្ត្រី​រដ្ឋ‌បាល មេ‌ទ័ព​ក្រុម​ប្រឹក្សា​ព្រះ‌រាជ​បល្ល័ង្ក និង​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​បាន​មូល​មតិ​គ្នា សូម​ឲ្យ​ស្ដេច​ចេញ​រាជ‌ក្រឹត្យ​មួយ ដើម្បី​ប្រកាស​បំរាម​ដូច​ត​ទៅ: “បពិត្រ​ព្រះ‌រាជា ក្នុង​អំឡុង​ពេល​សាម‌សិប​ថ្ងៃ បើ​អ្នក​ណា​ទូល‌អង្វរ​សូម​អ្វី​ពី​ព្រះ​ណា​មួយ ឬ​ពី​មនុស្ស​ណា​ម្នាក់ ក្រៅ​ពី​ព្រះ‌ករុណា អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ”។

8. បពិត្រ​ព្រះ‌រាជា ឥឡូវ​នេះ សូម​ទ្រង់​ឡាយ​ព្រះ‌ហស្ដ​លេខា​បញ្ជាក់​បំរាម​នេះ ដើម្បី​ឲ្យ​បាន​ស្រប​តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស​ដែល​ឥត​ផ្លាស់​ប្ដូរ ឬ​ប្រែ​ក្រឡាស់​បាន​ឡើយ»។

9. ព្រះចៅ​ដារី‌យូស​ក៏​ឡាយ​ព្រះ‌ហស្ដ​លេខា​លើ​រាជ‌ក្រឹត្យ​ប្រកាស​បំរាម​នោះ។

10. កាល​លោក​ដានី‌យ៉ែល​បាន​ជ្រាប​អំពី​រាជ‌ក្រឹត្យ​នេះ លោក​ក៏​ឡើង​ទៅ​លើ​បន្ទប់​មួយ ក្នុង​ផ្ទះ​របស់​លោក​ដែល​មាន​បង្អួច​ចំហ បែរ​ទៅ​រក​ក្រុង​យេរូ‌សាឡឹម។ លោក​លុត​ជង្គង់​អធិស្ឋាន និង​សរសើរ​ព្រះ​របស់​លោក​ដូច​សព្វ​ដង គឺ​ក្នុង​មួយ​ថ្ងៃ​បី​ដង។

11. ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ក៏​លើក​គ្នា​ចូល​មក ឃើញ​លោក​ដានី‌យ៉ែល​កំពុង​តែ​ទូល‌អង្វរ​ព្រះ​របស់​លោក។

12. ពួក​គេ​នាំ​គ្នា​ចូល​ទៅ​គាល់​ស្ដេច ទូល​អំពី​រាជ​បំរាម​នោះ​ថា៖ «បពិត្រ​ព្រះ‌រាជា! តើ​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​លេខា​លើ​បំរាម​ថា ក្នុង​រយៈ​ពេល​សាម‌សិប​ថ្ងៃ បើ​អ្នក​ណា​ទូល‌អង្វរ​ព្រះ ឬ​មនុស្ស ក្រៅ​ពី​ព្រះ‌ករុណា អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ​មែន​ឬ?»។ ព្រះ‌មហា‌ក្សត្រ​ឆ្លើយ​ថា៖ «ត្រូវ​ហើយ! យើង​បាន​សម្រេច​ដូច្នេះ​មែន គឺ​ស្រប​តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ពែរ្ស ដែល​មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ»។

13. ពួក​គេ​ក៏​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជា លោក​ដានី‌យ៉ែល​ជា​អ្នក​ដែល​គេ​ជន្លៀស​មក​ពី​ស្រុក​យូដា ពុំ​បាន​អើពើ​នឹង​ព្រះ‌ករុណា ហើយ​ក៏​មិន​គោរព​តាម​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​ដែរ! គឺ​លោក​នៅ​តែ​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង»។

14. កាល​ស្ដេច​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ទ្រង់​ព្រួយ​ព្រះ‌ហឫទ័យ​ជា​ខ្លាំង។ ព្រះ‌រាជា​ចង់​ដោះ​លែង​លោក​ដានី‌យ៉ែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ទ្រង់​រិះ​រក​មធ្យោ‌បាយ​ដោះ​លែង​លោក​ដានី‌យ៉ែល។

15. ប៉ុន្តែ នាម៉ឺន​មន្ត្រី​ទាំង​នោះ​លើក​គ្នា​មក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌រាជា! សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស រាជ​បំរាម និង​រាជ‌ក្រឹត្យ​ទាំង​ប៉ុន្មាន ដែល​មាន​ឡាយ​ព្រះ‌ហស្ដ​លេខា​របស់​ព្រះ‌មហា‌ក្សត្រ​មិន​អាច​ប្រែ‌ប្រួល​បាន​ជា​ដាច់​ខាត!»។

16. ព្រះ‌មហា‌ក្សត្រ​បញ្ជា​ឲ្យ​គេ​នាំ​លោក​ដានី‌យ៉ែល​ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ព្រះ​របស់​លោក​នឹង​សង្គ្រោះ​ជីវិត​លោក​ជា​មិន​ខាន ព្រោះ​លោក​បាន​គោរព​បម្រើ​ព្រះ‌អង្គ​ដោយ​ចិត្ត​ព្យាយាម»។

17. គេ​យក​ផ្ទាំង​ថ្ម​មួយ​ផ្ទាំង​មក​សន្ធប់​មាត់​រូង ហើយ​ព្រះ‌មហា‌ក្សត្រ​ប្រថាប់​ត្រា​ព្រះ‌ទម្រង់​លើ​ថ្ម​នោះ ពួក​មន្ត្រី​របស់​ស្ដេច​ក៏​បោះ​ត្រា​ចិញ្ចៀន​របស់​គេ​លើ​ថ្ម​នោះ​ដែរ។ ដូច្នេះ គ្មាន​នរណា​អាច​សង្គ្រោះ​លោក​ដានី‌យ៉ែល​បាន​ឡើយ។

18. បន្ទាប់​មក ព្រះ‌មហា‌ក្សត្រ​យាង​ចូល​រាជ​វាំង​វិញ ទ្រង់​យាង​ចូល​ក្រឡា‌បន្ទំ ដោយ​មិន​ព្រម​សោយ​អ្វី​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ពួក​ស្នំ​ចូល​មក​ជិត​ដែរ។ យប់​នោះ ទ្រង់​ផ្ទំ​មិន​លក់​ទាល់​តែ​សោះ។

19. ព្រះ‌រាជា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​ប្រញាប់‌ប្រញាល់​យាង​ឆ្ពោះ​ទៅ​រូង​តោ។

20. ទ្រង់​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​លោក​ដានី‌យ៉ែល ដោយ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «លោក​ដានី‌យ៉ែល​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អើយ តើ​ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​លោក​ឲ្យ​រួច​ពី​តោ​ឬ​ទេ?»។

21. លោក​ដានី‌យ៉ែល​ទូល​ទៅ​ស្ដេច​វិញ​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ!

22. ព្រះ​របស់​ទូលបង្គំ​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​មក​បិទ​មាត់​តោ ដូច្នេះ វា​មិន​បាន​ធ្វើ​បាប​ទូលបង្គំ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ជ្រាប​ថា ទូលបង្គំ​គ្មាន​ទោសពៃរ៍​អ្វី​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ទេ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះ‌ករុណា​ដែរ»។

23. ពេល​នោះ ព្រះ‌មហា‌ក្សត្រ​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​ក្រៃ‌លែង ទ្រង់​បញ្ជា​ឲ្យ​គេ​យក​លោក​ដានី‌យ៉ែល​ចេញ​ពី​រូង​មក​វិញ គេ​ក៏​យក​លោក​ចេញ​មក​ឃើញ​ថា លោក​គ្មាន​របួស​អ្វី​សោះ ដ្បិត​លោក​មាន​ជំនឿ​លើ​ព្រះ​របស់​លោក។

24. បន្ទាប់​មក ព្រះ‌មហា‌ក្សត្រ​បញ្ជា​ឲ្យ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​លោក​ដានី‌យ៉ែល​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ​ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេច‌ខ្ទី​អស់។

25. ព្រះ‌បាទ​ដារី‌យូស​ចេញ​រាជ‌សារ​មួយ​ប្រកាស​ប្រាប់​ប្រជា‌ជន ប្រជា‌ជាតិ និង​មនុស្ស​គ្រប់​ភាសា ដែល​រស់​នៅ​លើ​ផែនដី​ទាំង​មូល​ថា៖«សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌!

26. យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ គឺ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ទួ‌ទាំង​រាជា‌ណាចក្រ​របស់​យើង ត្រូវ​តែ​គោរព​កោត​ខ្លាច​ព្រះ​របស់​លោក​ដានី‌យ៉ែលដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅហើយ​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​មិន​សាប‌សូន្យ​ឡើយព្រះ‌អង្គ​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។

27. ព្រះ‌អង្គ​សង្គ្រោះ និង​រំដោះ​មនុស្ស​លោកព្រះ‌អង្គ​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ​បាដិហារិយ៍នៅ​លើ​មេឃ និង​នៅ​លើ​ផែនដីគឺ​ព្រះ‌អង្គ​នេះ​ហើយ​ដែល​បាន​សង្គ្រោះលោក​ដានី‌យ៉ែល​ឲ្យ​រួច​ពី​ក្រញាំ​តោ»។

28. លោក​ដានី‌យ៉ែល​បាន​ចម្រុង‌ចម្រើន​រុងរឿង​ឡើង ក្នុង​រជ្ជកាល​ព្រះចៅ​ដារី‌យូស និង​ក្នុង​រជ្ជកាល​ព្រះចៅ​ស៊ីរូស ជា​ជន‌ជាតិ​ពែរ្ស។