គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 5:18-31 Khmer Standard Version (KHSV)

18. បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ប្រទាន​រាជ​សម្បត្តិ ភាព​ឧត្តុង្គ‌ឧត្ដម កិត្តិនាម និង​សិរី‌រុងរឿង​ដល់​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​របស់​ព្រះ‌ករុណា។

19. ព្រោះ​តែ​ភាព​ឧត្តុង្គ‌ឧត្ដម ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នេះ​ហើយ បាន​ជា​ប្រជា‌ជន ប្រជា‌ជាតិ និង​មនុស្ស​គ្រប់​ភាសា​ទាំង​អស់ នាំ​គ្នា​គោរព​កោត​ខ្លាច និង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះចៅ​នេប៊ូ‌ក្នេសា។ ទ្រង់​ប្រហារ​ជីវិត​នរណា​ក៏​បាន ហើយ​ទុក​ជីវិត​ឲ្យ​នរណា​ក៏​បាន ទ្រង់​លើក​នរណា​ឡើង​ក៏​បាន ហើយ​ទម្លាក់​នរណា​ចុះ​ក៏​បាន​ដែរ។

20. ប៉ុន្តែ ព្រះ‌រាជា​មាន​អំនួត មាន​ចិត្ត​រឹង‌រូស​រហូត​ដល់​វាយ‌ឫក​ខ្ពស់ ទ្រង់​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​រាជ​សម្បត្តិ ហើយ​បាត់​បង់​សិរី‌រុងរឿង។

21. គេ​បាន​បណ្តេញ​ព្រះ‌រាជា​ចេញ​ពី​ចំណោម​មនុស្ស ចិត្ត​គំនិត​របស់​ព្រះ‌រាជា​ប្រែ​ទៅ​ជា​មាន​លក្ខណៈ​ដូច​សត្វ​តិរច្ឆាន ទ្រង់​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ទ្រង់​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះ‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ពី​លើ​មេឃ​មក រហូតទល់​ពេល​ព្រះ‌រាជា​ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក​ទាំង​អស់ ហើយ​ព្រះ‌អង្គ​លើក​នរណា​ឲ្យ​សោយ‌រាជ្យ​ក៏​បាន។

22. បពិត្រ​ព្រះ‌ករុណា​បេលសា‌សារ​ជា​ព្រះ‌រាជ​បុត្រ ទោះ​បី​ព្រះ‌ករុណា​ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​បន្ទាប​ខ្លួន​ដែរ

23. ព្រះ‌ករុណា​បាន​ប្រឆាំង​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ ដោយ​បញ្ជា​ឲ្យ​គេ​យក​ពែង​ពី​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ មក​ចាក់​ស្រា​សម្រាប់​ព្រះ‌ករុណា សម្រាប់​នាម៉ឺន​មន្ត្រី សម្រាប់​ពួក​មហេសី និង​ពួក​ស្នំ។ បន្ទាប់​មក ព្រះ‌ករុណា​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ព្រះ‌ករុណា​មិន​បាន​លើក​តម្កើង​ព្រះ​ដែល​ជា​ម្ចាស់​លើ​ព្រះ‌ជន្ម និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ព្រះ‌ករុណា​ឡើយ។

24. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​ចាត់​ម្រាម​ដៃ​ឲ្យ​មក​សរសេរ​អក្សរ​នេះ

25. គឺ “ម៉េណេ ម៉េណេ តេកែល និង​អ៊ូប៉ារ‌ស៊ីន”។

26. ពាក្យ​ទាំង​នេះ​មាន​ន័យ​ដូច​ត​ទៅ: “ម៉េណេ” (ប្រែ​ថា​រាប់) មាន​ន័យ​ថា​ព្រះ‌ជាម្ចាស់​បាន​រាប់​ចំនួន​ថ្ងៃ​នៃ​រាជ្យ​របស់​ព្រះ‌ករុណា ហើយ​ព្រះ‌អង្គ​បាន​បញ្ចប់​រាជ្យ​នេះ​ហើយ។

27. “តេកែល” (ប្រែ​ថា​ថ្លឹង) មាន​ន័យ​ថា ព្រះ‌ជាម្ចាស់​បាន​ថ្លឹង​ព្រះ‌ករុណា​លើ​ជញ្ជីង​រួច​ហើយ ហើយ​ទ្រង់​ទត​ឃើញ​ថា ស្រាល​ពេក។

28. “ពេរេស” (ប្រែ​ថា​ចែក) មាន​ន័យ​ថា ព្រះ‌ជាម្ចាស់​នឹង​ចែក​រាជា‌ណាចក្រ​របស់​ព្រះ‌ករុណា​ជា​ពីរ គឺ​មួយ​ចំណែក​ឲ្យ​ជន‌ជាតិ​មេឌី និង​មួយ​ចំណែក​ទៀត​ឲ្យ​ជន‌ជាតិ​ពែរ្ស»។

29. ពេល​នោះ ព្រះចៅ​បេលសា‌សារ​បញ្ជា​ឲ្យ​គេ​យក​សម្លៀក‌បំពាក់​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស មក​ពាក់​ឲ្យ​លោក​ដានី‌យ៉ែល​ភ្លាម ព្រម​ទាំង​ចេញ​រាជ​ប្រកាស​ថា លោក​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​នៅ​ក្នុង​រាជា‌ណាចក្រ។

30. នៅ​យប់​នោះ ព្រះចៅ​បេលសា‌សារ​ជា​ស្ដេច​របស់​ជន‌ជាតិ​ខាល់ដេ​បាន​ត្រូវ​គេ​ធ្វើ​គុត។

31. ព្រះចៅ​ដារី‌យូស ជា​ជន‌ជាតិ​មេឌី បាន​ឡើង​ស្នង​រាជ្យ ក្នុង​ជន្មាយុ​ហុក‌សិប​ពីរ​ព្រះ‌វស្សា។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 5