គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 5:12-23 Khmer Standard Version (KHSV)

12. ព្រោះ​ឃើញ​ថា បុរស​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញា​វាង‌វៃ​ដ៏​អស្ចារ្យ មាន​ចំណេះ​ជ្រៅ‌ជ្រះ ប៉ិន‌ប្រសប់​ខាង​រិះគិត​ពិចារណា ហើយ​ចេះ​កាត់​ស្រាយ​សុបិន កាត់​ប្រស្នា និង​ដោះ​ស្រាយ​បញ្ហា​ដ៏​ស្មុគ‌ស្មាញ​បាន​ផង។ លោក​នោះ​គឺ​ដានី‌យ៉ែល ដែល​ព្រះ‌បិតា​របស់​ព្រះ‌ករុណា​ប្រទាន​នាម​ថា បេល‌ថិស្សា‌សារ ដូច្នេះ សូម​ឲ្យ​គេ​ហៅ​លោក​ដានី‌យ៉ែល​នោះ​មក លោក​នឹង​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌ករុណា​ជា​មិន​ខាន»។

13. គេ​អញ្ជើញ​លោក​ដានី‌យ៉ែល​ចូល​គាល់​ព្រះ‌រាជា ហើយ​ទ្រង់​មាន​រាជ‌ឱង្ការ​មក​លោក​ថា៖ «តើ​លោក​ឈ្មោះ​ដានី‌យ៉ែល ជា​អ្នក​ដែល​ព្រះ‌បិតា​របស់​យើង​បាន​ជន្លៀស​យក​មក​ពី​ស្រុក​យូដា​មែន​ឬ?

14. យើង​បាន​ឮ​គេ​និយាយ​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន និង​ដឹង​ការ​លាក់​កំបាំង ហើយ​មាន​តម្រិះ​ប្រាជ្ញា​ដ៏​វាង‌វៃ​អស្ចារ្យ។

15. គេ​ទើប​នឹង​នាំ​ពួក​អ្នក​ប្រាជ្ញ និង​គ្រូ​ហោរា មក​ជួប​យើង​ដើម្បី​អាន​អក្សរ និង​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង តែ​អ្នក​ទាំង​នោះ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​ឡើយ។

16. យើង​ក៏​បាន​ឮ​គេ​និយាយ​ទៀត​ថា លោក​អាច​កាត់​ស្រាយ​អត្ថ‌ន័យ និង​ដោះ​ស្រាយ​បញ្ហា​ស្មុគ‌ស្មាញ​បាន​ទៀត​ផង។ ឥឡូវ​នេះ ប្រសិន​បើ​លោក​អាច​អាន​អក្សរ​នេះ​បាន ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិយស ព្រម​ទាំង​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី នៅ​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។

17. ពេល​នោះ លោក​ដានី‌យ៉ែល​ទូល​ព្រះ‌រាជា​វិញ​ថា៖ «សូម​ព្រះ‌ករុណា​ទុក​កិត្តិយស​នេះ សម្រាប់​អ្នក​ដទៃ​ចុះ រីឯ​ទូលបង្គំ ទូលបង្គំ​សូម​អាន អក្សរ​នេះ ព្រម​ទាំង​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌ករុណា​ជ្រាប។

18. បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ប្រទាន​រាជ​សម្បត្តិ ភាព​ឧត្តុង្គ‌ឧត្ដម កិត្តិនាម និង​សិរី‌រុងរឿង​ដល់​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​របស់​ព្រះ‌ករុណា។

19. ព្រោះ​តែ​ភាព​ឧត្តុង្គ‌ឧត្ដម ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នេះ​ហើយ បាន​ជា​ប្រជា‌ជន ប្រជា‌ជាតិ និង​មនុស្ស​គ្រប់​ភាសា​ទាំង​អស់ នាំ​គ្នា​គោរព​កោត​ខ្លាច និង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះចៅ​នេប៊ូ‌ក្នេសា។ ទ្រង់​ប្រហារ​ជីវិត​នរណា​ក៏​បាន ហើយ​ទុក​ជីវិត​ឲ្យ​នរណា​ក៏​បាន ទ្រង់​លើក​នរណា​ឡើង​ក៏​បាន ហើយ​ទម្លាក់​នរណា​ចុះ​ក៏​បាន​ដែរ។

20. ប៉ុន្តែ ព្រះ‌រាជា​មាន​អំនួត មាន​ចិត្ត​រឹង‌រូស​រហូត​ដល់​វាយ‌ឫក​ខ្ពស់ ទ្រង់​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​រាជ​សម្បត្តិ ហើយ​បាត់​បង់​សិរី‌រុងរឿង។

21. គេ​បាន​បណ្តេញ​ព្រះ‌រាជា​ចេញ​ពី​ចំណោម​មនុស្ស ចិត្ត​គំនិត​របស់​ព្រះ‌រាជា​ប្រែ​ទៅ​ជា​មាន​លក្ខណៈ​ដូច​សត្វ​តិរច្ឆាន ទ្រង់​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ទ្រង់​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះ‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ពី​លើ​មេឃ​មក រហូតទល់​ពេល​ព្រះ‌រាជា​ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក​ទាំង​អស់ ហើយ​ព្រះ‌អង្គ​លើក​នរណា​ឲ្យ​សោយ‌រាជ្យ​ក៏​បាន។

22. បពិត្រ​ព្រះ‌ករុណា​បេលសា‌សារ​ជា​ព្រះ‌រាជ​បុត្រ ទោះ​បី​ព្រះ‌ករុណា​ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​បន្ទាប​ខ្លួន​ដែរ

23. ព្រះ‌ករុណា​បាន​ប្រឆាំង​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ ដោយ​បញ្ជា​ឲ្យ​គេ​យក​ពែង​ពី​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ មក​ចាក់​ស្រា​សម្រាប់​ព្រះ‌ករុណា សម្រាប់​នាម៉ឺន​មន្ត្រី សម្រាប់​ពួក​មហេសី និង​ពួក​ស្នំ។ បន្ទាប់​មក ព្រះ‌ករុណា​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ព្រះ‌ករុណា​មិន​បាន​លើក​តម្កើង​ព្រះ​ដែល​ជា​ម្ចាស់​លើ​ព្រះ‌ជន្ម និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ព្រះ‌ករុណា​ឡើយ។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 5