គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 5:1-18 Khmer Standard Version (KHSV)

1. ព្រះចៅ​បេលសា‌សារ​បាន​ចាត់​ឲ្យ​គេ​រៀប​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ជូន​នាម៉ឺន​មន្ត្រី ចំនួន​មួយ​ពាន់​នាក់ ហើយ​ទ្រង់​បាន​សោយ​ស្រា​ជា​ច្រើន​នៅ​មុខ​នាម៉ឺន​មន្ត្រី​ទាំង​នោះ។

2. ក្រោយ​ពី​ក្រេប​ស្រា​រួច​ហើយ ព្រះចៅ​បេលសា‌សារ​បញ្ជា​ឲ្យ​គេ​យក​ពែង​មាស និង​ពែង​ប្រាក់​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​បិតា បាន​រឹប​អូស​មក​ពី​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​មាន​បំណង​យក​ពែង​ទាំង​នោះ​មក​ដាក់​ស្រា សម្រាប់​ទ្រង់​ផ្ទាល់ សម្រាប់​ពួក​មហេសី សម្រាប់​ពួក​ស្នំ ព្រម​ទាំង​នាម៉ឺន​មន្ត្រី​របស់​ស្ដេច។

3. ពេល​នោះ គេ​ក៏​យក​ពែង​មាស​ដែល​បាន​រឹប​យក​ពី​ព្រះ‌វិហារ គឺ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ទាំង​ស្ដេច ទាំង​នាម៉ឺន​មន្ត្រី ទាំង​ពួក​មហេសី និង​ស្រី​ស្នំ បាន​ប្រើ​ពែង​ទាំង​នោះ​សម្រាប់​សេព​សុរា។

4. កាល​សេព‌សុរា​រួច​ហើយ គេ​នាំ​គ្នា​សរសើរ​តម្កើង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។

5. ពេល​នោះ ស្រាប់​តែ​មាន​ម្រាម​ដៃ​មនុស្ស​លេច​ចេញ​មក ហើយ​សរសេរ​លើ​ជញ្ជាំង​ព្រះ‌បរម‌រាជ​វាំង គឺ​នៅ​ទល់​មុខ​ជើង​ចង្កៀង។ កាល​ព្រះ‌រាជា​ទត​ឃើញ​ម្រាម​ដៃ​ដែល​កំពុង​តែ​សរសេរ​នោះ

6. ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ប្រែ​ជា​ស្លេក‌ស្លាំង ទ្រង់​រំជួល​ព្រះ‌ហឫទ័យ មាន​ព្រះ‌កាយ​ពល​ទន់​ខ្សោយ និង​ព្រះ‌បាទា​ញាប់‌ញ័រ។

7. ស្ដេច​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ បញ្ជា​ឲ្យ​គេ​ហៅ​ពួក​ហោរា ពួក​គ្រូ​ទាយ និង​ពួក​គ្រូ​ធ្មប់​មក រួច​ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ប្រាជ្ញ​នៃ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​អាច​អាន​អក្សរ​នោះ ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង​បាន យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស ជូន​ជា​កិត្តិយស ហើយ​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។

8. ពេល​នោះ អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​នាំ​គ្នា​ចូល​មក តែ​គ្មាន​នរណា​ម្នាក់​អាច​អាន​អក្សរ​នោះ និង​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌រាជា​បាន​ឡើយ

9. ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះចៅ​បេលសា‌សារ​រឹត​តែ​ខ្វល់‌ខ្វាយ និង​ភ័យ​ញាប់‌ញ័រ​ថែម​ទៀត ហើយ​នាម៉ឺន​មន្ត្រី​របស់​ស្ដេច​ក៏​ទាល់​គំនិត​ដែរ។

10. ពេល​ព្រះ‌មហា‌ក្សត្រិ‌យានី​ឮ​រាជ‌ឱង្ការ​របស់​ស្ដេច និង​ឮ​ពាក្យ​របស់​ពួក​នាម៉ឺន​មន្ត្រី ព្រះ‌នាង​ក៏​យាង​ចូល​មក​ក្នុង​សាល​ជប់‌លៀង ហើយ​មាន​រាជ‌សវនីយ៍​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ​អើយ! សូម​ព្រះ‌ករុណា​កុំ​ខ្វល់‌ខ្វាយ និង​ភ័យ​ញាប់‌ញ័រ​ដូច្នេះ​ឡើយ!

11. ក្នុង​រាជា‌ណាចក្រ​របស់​ព្រះ‌អង្គ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ខ្លួន។ កាល​ពី​ជំនាន់​ព្រះ‌បិតា​របស់​ព្រះ‌ករុណា គេ​បាន​ឃើញ​ថា លោក​នោះ​ដឹង​ការ​លាក់​កំបាំង មាន​តម្រិះ និង​ប្រាជ្ញា ដូច​ទេវតា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​របស់​ព្រះ‌ករុណា បាន​តែង‌តាំង​លោក​ឲ្យ​ធ្វើ​ជា​ប្រមុខ​លើ​ពួក​គ្រូ គ្រូ​ហោរា គ្រូ​ទាយ និង​គ្រូ​ធ្មប់​ទាំង​អស់។ ព្រះ‌មហា‌ក្សត្រ​ដែល​ជា​ព្រះ‌បិតា​របស់​ព្រះ‌ករុណា បាន​តែង‌តាំង​លោក​ដូច្នេះ

12. ព្រោះ​ឃើញ​ថា បុរស​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញា​វាង‌វៃ​ដ៏​អស្ចារ្យ មាន​ចំណេះ​ជ្រៅ‌ជ្រះ ប៉ិន‌ប្រសប់​ខាង​រិះគិត​ពិចារណា ហើយ​ចេះ​កាត់​ស្រាយ​សុបិន កាត់​ប្រស្នា និង​ដោះ​ស្រាយ​បញ្ហា​ដ៏​ស្មុគ‌ស្មាញ​បាន​ផង។ លោក​នោះ​គឺ​ដានី‌យ៉ែល ដែល​ព្រះ‌បិតា​របស់​ព្រះ‌ករុណា​ប្រទាន​នាម​ថា បេល‌ថិស្សា‌សារ ដូច្នេះ សូម​ឲ្យ​គេ​ហៅ​លោក​ដានី‌យ៉ែល​នោះ​មក លោក​នឹង​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌ករុណា​ជា​មិន​ខាន»។

13. គេ​អញ្ជើញ​លោក​ដានី‌យ៉ែល​ចូល​គាល់​ព្រះ‌រាជា ហើយ​ទ្រង់​មាន​រាជ‌ឱង្ការ​មក​លោក​ថា៖ «តើ​លោក​ឈ្មោះ​ដានី‌យ៉ែល ជា​អ្នក​ដែល​ព្រះ‌បិតា​របស់​យើង​បាន​ជន្លៀស​យក​មក​ពី​ស្រុក​យូដា​មែន​ឬ?

14. យើង​បាន​ឮ​គេ​និយាយ​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន និង​ដឹង​ការ​លាក់​កំបាំង ហើយ​មាន​តម្រិះ​ប្រាជ្ញា​ដ៏​វាង‌វៃ​អស្ចារ្យ។

15. គេ​ទើប​នឹង​នាំ​ពួក​អ្នក​ប្រាជ្ញ និង​គ្រូ​ហោរា មក​ជួប​យើង​ដើម្បី​អាន​អក្សរ និង​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង តែ​អ្នក​ទាំង​នោះ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​ឡើយ។

16. យើង​ក៏​បាន​ឮ​គេ​និយាយ​ទៀត​ថា លោក​អាច​កាត់​ស្រាយ​អត្ថ‌ន័យ និង​ដោះ​ស្រាយ​បញ្ហា​ស្មុគ‌ស្មាញ​បាន​ទៀត​ផង។ ឥឡូវ​នេះ ប្រសិន​បើ​លោក​អាច​អាន​អក្សរ​នេះ​បាន ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិយស ព្រម​ទាំង​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី នៅ​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។

17. ពេល​នោះ លោក​ដានី‌យ៉ែល​ទូល​ព្រះ‌រាជា​វិញ​ថា៖ «សូម​ព្រះ‌ករុណា​ទុក​កិត្តិយស​នេះ សម្រាប់​អ្នក​ដទៃ​ចុះ រីឯ​ទូលបង្គំ ទូលបង្គំ​សូម​អាន អក្សរ​នេះ ព្រម​ទាំង​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌ករុណា​ជ្រាប។

18. បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ប្រទាន​រាជ​សម្បត្តិ ភាព​ឧត្តុង្គ‌ឧត្ដម កិត្តិនាម និង​សិរី‌រុងរឿង​ដល់​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ព្រះ‌បិតា​របស់​ព្រះ‌ករុណា។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 5