គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 4:31-37 Khmer Standard Version (KHSV)

31. ពេល​ស្ដេច​មាន​រាជ‌ឱង្ការ​មិន​ទាន់​ចប់​ផង ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេប៊ូ‌ក្នេសា​អើយ អ្នក​បាត់​បង់​រាជ​សម្បត្តិ​ហើយ ដូច​មាន​សេចក្ដី​ថ្លែង​ទុក​ពី​អ្នក​ស្រាប់។

32. គេ​នឹង​ដេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ រហូត​ដល់​គម្រប់​ប្រាំ‌ពីរ​រយៈ​កាល គឺ​ទាល់​តែ​អ្នក​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​មនុស្ស​លោក ហើយ​ព្រះ‌អង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ»។

33. រំពេច​នោះ ហេតុ‌ការណ៍​ក៏​កើត​ឡើង​ចំពោះ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​មែន។ គេ​ដេញ​ស្ដេច​ចេញ​ពី​ចំណោម​មនុស្ស ទ្រង់​សោយ​ស្មៅ​ដូច​គោ ព្រះ‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម​ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ ព្រះ‌កេសា​របស់​ស្ដេច​ដុះ​ឡើង​ដូច​ស្លាប​ឥន្ទ្រី ហើយ​ក្រចក​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ក្រចក​សត្វ​ស្លាប។

34. «លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​មុខ​ឡើង​ទៅ​លើ​មេឃ ហើយ​យើង​ក៏​ដឹង​ស្មារតី​ឡើង​វិញ។ យើង​ក៏​អរ​ព្រះ‌គុណ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត យើង​សរសើរ និង​លើក​តម្កើង​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា‌និច្ច។ អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

35. មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដូច​ជា​គ្មាន​តម្លៃ​អ្វី​សោះ។ ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ពួក​ទេវតា និង​ចំពោះ​មនុស្ស​លោក តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​កិច្ចការ​របស់​ព្រះ‌អង្គ ដោយ​ពោល​ថា “ម្ដេច​ក៏​ព្រះ‌អង្គ​ធ្វើ​ដូច្នេះ?” បាន​ឡើយ។

36. នៅ​គ្រា​នោះ យើង​បាន​ដឹង​ស្មារតី​ឡើង​វិញ គេ​ក៏​បាន​ប្រគល់​កិត្តិយស​រាជ​សម្បត្តិ​សិរី‌រុងរឿង និង​ភាព​ថ្កុំ‌ថ្កើង​មក​យើង​វិញ ហើយ​ក្រុម​ប្រឹក្សា និង​នាម៉ឺន​មន្ត្រី​របស់​យើង​ក៏​បាន​សុំ​ឲ្យ​យើង​វិល​មក​កាន់​កាប់​អំណាច គេ​លើក​យើង​ឲ្យ​គ្រង​រាជ្យ​ឡើង​វិញ ហើយ​យើង​ក៏​បាន​ថ្កុំ‌ថ្កើង​កាន់​តែ​ខ្លាំង​ឡើង។

37. ឥឡូវ​នេះ យើង​នេប៊ូ‌ក្នេសា សូម​សរសើរ កោត​ស្ញប់‌ស្ញែង និង​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌មហា‌ក្សត្រ​នៃ​ស្ថាន​បរម‌សុខ ដ្បិត​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត ហើយ​ព្រះ‌អង្គ​អាច​បន្ទាប​អស់​អ្នក​ដែល​វាយ‌ឫក​ខ្ពស់»។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 4