គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 4:22-35 Khmer Standard Version (KHSV)

22. ដើម​ឈើ​នោះ​គឺ​ព្រះ‌ករុណា​ផ្ទាល់! បពិត្រ​ព្រះ‌រាជា ទ្រង់​បាន​ចម្រើន​ឡើង និង​មាន​ឫទ្ធិ​អំណាច​ក្រៃ‌លែង ឋានៈ​របស់​ព្រះ‌ករុណា​ខ្ពង់‌ខ្ពស់​រហូត​ដល់​មេឃ។ ព្រះ‌ករុណា​គ្រប់‌គ្រង​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។

23. បន្ទាប់​មក ព្រះ‌ករុណា​ឃើញ​ទេវតា​ដ៏‌វិសុទ្ធ ដែល​ចុះ​ពី​លើ​មេឃ​មក​ពោល​ថា “ចូរ​កាប់​រំលំ​ដើម​ឈើ​នេះ​ចោល​ទៅ ប៉ុន្តែ ត្រូវ​ទុក​គល់ និង​ឫស​នៅ​ក្នុង​ដី ហើយ​យក​ច្រវាក់​ដែក និង​លង្ហិន​មក​ចង​វា​ទុក ចោល​នៅ​ក្នុង​វាល​ស្មៅ ឲ្យ​ជោក​ដោយ​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ ហើយ​ឲ្យ​វា​ស៊ី​ស្មៅ​ដូច​សត្វ​ធាតុ រហូត​ដល់​គម្រប់​ប្រាំ‌ពីរ​ខួប”។

24. បពិត្រ​ព្រះ‌រាជា សុបិន​របស់​ព្រះ‌ករុណា​មាន​ន័យ​បែប​នេះ គឺ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​សម្រេច​ចំពោះ​ព្រះ‌ករុណា​ជា​អម្ចាស់​ដូច​ត​ទៅ:

25. គេ​នឹង​ដេញ​ព្រះ‌ករុណា​ចេញ​ពី​ចំណោម​មនុស្ស ទ្រង់​នឹង​ទៅ​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​យក​ស្មៅ​មក​ថ្វាយ​ព្រះ‌ករុណា​សោយ​ដូច​គោ​ដែរ។ ព្រះ‌កាយ​របស់​ព្រះ‌ករុណា​នឹង​ជោក​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ​រហូត​ដល់​គម្រប់​ប្រាំ‌ពីរ​ខួប គឺ​ទាល់​តែ​ព្រះ‌ករុណា​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក ហើយ​ព្រះ‌អង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

26. រីឯ​បញ្ជា​ឲ្យ​ទុក​គល់​ឈើ និង​ឫស​នោះ​មាន​ន័យ​ថា គេ​នឹង​ថ្វាយ​រាជ​សម្បត្តិ​មក​ព្រះ‌ករុណា​វិញ នៅ​ពេល​ព្រះ‌ករុណា​ទទួល​ស្គាល់​ព្រះ‌ជា‌អម្ចាស់​សួគ៌។

27. ហេតុ​នេះ បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​ប្រោស​មេត្តា​ឲ្យ​ទូលបង្គំ​ថ្វាយ​យោបល់​ចំពោះ​ព្រះ‌ករុណា​ដូច​ត​ទៅ គឺ​សូម​ទ្រង់​លះ‌បង់​អំពើ​បាប និង​កំហុស​ផ្សេងៗ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​សម្តែង​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ចំពោះ​មនុស្ស​ទុគ៌ត​វិញ ធ្វើ​ដូច្នេះ​ព្រះ‌ករុណា​នឹង​បាន​សុខ​ក្សេម‌ក្សាន្ត​ត​ទៅ​មុខ​ទៀត»។

28. ក្រោយ​មក ហេតុ‌ការណ៍​ទាំង​នោះ​កើត​មាន​ដល់​ព្រះចៅ​នេប៊ូ‌ក្នេសា​មែន

29. គឺ​ដប់‌ពីរ​ខែ​កន្លង​មក ពេល​ស្ដេច​កំពុង​តែ​យាង​ក្រសាល​ក្នុង​ព្រះ‌បរម‌រាជ​វាំង​នៅ​ក្រុង​បាប៊ី‌ឡូន

30. ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ី‌ឡូន​មហា‌នគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង ដើម្បី​បង្ហាញ​កិត្តិយស និង​សិរី‌រុងរឿង​របស់​យើង»។

31. ពេល​ស្ដេច​មាន​រាជ‌ឱង្ការ​មិន​ទាន់​ចប់​ផង ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេប៊ូ‌ក្នេសា​អើយ អ្នក​បាត់​បង់​រាជ​សម្បត្តិ​ហើយ ដូច​មាន​សេចក្ដី​ថ្លែង​ទុក​ពី​អ្នក​ស្រាប់។

32. គេ​នឹង​ដេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ រហូត​ដល់​គម្រប់​ប្រាំ‌ពីរ​រយៈ​កាល គឺ​ទាល់​តែ​អ្នក​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​មនុស្ស​លោក ហើយ​ព្រះ‌អង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ»។

33. រំពេច​នោះ ហេតុ‌ការណ៍​ក៏​កើត​ឡើង​ចំពោះ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​មែន។ គេ​ដេញ​ស្ដេច​ចេញ​ពី​ចំណោម​មនុស្ស ទ្រង់​សោយ​ស្មៅ​ដូច​គោ ព្រះ‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម​ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ ព្រះ‌កេសា​របស់​ស្ដេច​ដុះ​ឡើង​ដូច​ស្លាប​ឥន្ទ្រី ហើយ​ក្រចក​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ក្រចក​សត្វ​ស្លាប។

34. «លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​មុខ​ឡើង​ទៅ​លើ​មេឃ ហើយ​យើង​ក៏​ដឹង​ស្មារតី​ឡើង​វិញ។ យើង​ក៏​អរ​ព្រះ‌គុណ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត យើង​សរសើរ និង​លើក​តម្កើង​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា‌និច្ច។ អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

35. មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដូច​ជា​គ្មាន​តម្លៃ​អ្វី​សោះ។ ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ពួក​ទេវតា និង​ចំពោះ​មនុស្ស​លោក តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​កិច្ចការ​របស់​ព្រះ‌អង្គ ដោយ​ពោល​ថា “ម្ដេច​ក៏​ព្រះ‌អង្គ​ធ្វើ​ដូច្នេះ?” បាន​ឡើយ។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 4