21. ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែដ៏បរិបូណ៌ ធ្វើជាអាហារសម្រាប់សត្វលោកទាំងអស់ និងជម្រកដល់សត្វទាំងឡាយ ហើយមានបក្សាបក្សីមកទំនៅតាមមែកទៀតផង។
22. ដើមឈើនោះគឺព្រះករុណាផ្ទាល់! បពិត្រព្រះរាជា ទ្រង់បានចម្រើនឡើង និងមានឫទ្ធិអំណាចក្រៃលែង ឋានៈរបស់ព្រះករុណាខ្ពង់ខ្ពស់រហូតដល់មេឃ។ ព្រះករុណាគ្រប់គ្រងរហូតដល់ទីដាច់ស្រយាលនៃផែនដី។
23. បន្ទាប់មក ព្រះករុណាឃើញទេវតាដ៏វិសុទ្ធ ដែលចុះពីលើមេឃមកពោលថា “ចូរកាប់រំលំដើមឈើនេះចោលទៅ ប៉ុន្តែ ត្រូវទុកគល់ និងឫសនៅក្នុងដី ហើយយកច្រវាក់ដែក និងលង្ហិនមកចងវាទុក ចោលនៅក្នុងវាលស្មៅ ឲ្យជោកដោយទឹកសន្សើមធ្លាក់ពីលើមេឃ ហើយឲ្យវាស៊ីស្មៅដូចសត្វធាតុ រហូតដល់គម្រប់ប្រាំពីរខួប”។
24. បពិត្រព្រះរាជា សុបិនរបស់ព្រះករុណាមានន័យបែបនេះ គឺព្រះដ៏ខ្ពង់ខ្ពស់បំផុតបានសម្រេចចំពោះព្រះករុណាជាអម្ចាស់ដូចតទៅ:
25. គេនឹងដេញព្រះករុណាចេញពីចំណោមមនុស្ស ទ្រង់នឹងទៅនៅជាមួយសត្វព្រៃ ហើយគេនឹងយកស្មៅមកថ្វាយព្រះករុណាសោយដូចគោដែរ។ ព្រះកាយរបស់ព្រះករុណានឹងជោកដោយទឹកសន្សើម ដែលធ្លាក់ចុះពីលើមេឃរហូតដល់គម្រប់ប្រាំពីរខួប គឺទាល់តែព្រះករុណាទទួលស្គាល់ថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោក ហើយព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ។
26. រីឯបញ្ជាឲ្យទុកគល់ឈើ និងឫសនោះមានន័យថា គេនឹងថ្វាយរាជសម្បត្តិមកព្រះករុណាវិញ នៅពេលព្រះករុណាទទួលស្គាល់ព្រះជាអម្ចាស់សួគ៌។
27. ហេតុនេះ បពិត្រព្រះរាជា សូមទ្រង់ប្រោសមេត្តាឲ្យទូលបង្គំថ្វាយយោបល់ចំពោះព្រះករុណាដូចតទៅ គឺសូមទ្រង់លះបង់អំពើបាប និងកំហុសផ្សេងៗ ហើយប្រព្រឹត្តអំពើសុចរិត និងសម្តែងព្រះហឫទ័យអាណិតអាសូរចំពោះមនុស្សទុគ៌តវិញ ធ្វើដូច្នេះព្រះករុណានឹងបានសុខក្សេមក្សាន្តតទៅមុខទៀត»។
28. ក្រោយមក ហេតុការណ៍ទាំងនោះកើតមានដល់ព្រះចៅនេប៊ូក្នេសាមែន
29. គឺដប់ពីរខែកន្លងមក ពេលស្ដេចកំពុងតែយាងក្រសាលក្នុងព្រះបរមរាជវាំងនៅក្រុងបាប៊ីឡូន
30. ទ្រង់មានរាជឱង្ការថា៖ «ដោយសារឫទ្ធិអំណាចរបស់យើង យើងសង់ក្រុងបាប៊ីឡូនមហានគរនេះឡើង ជាដំណាក់របស់យើង ដើម្បីបង្ហាញកិត្តិយស និងសិរីរុងរឿងរបស់យើង»។
31. ពេលស្ដេចមានរាជឱង្ការមិនទាន់ចប់ផង ស្រាប់តែមានឮសំឡេងពីលើមេឃមកថា៖ «នេប៊ូក្នេសាអើយ អ្នកបាត់បង់រាជសម្បត្តិហើយ ដូចមានសេចក្ដីថ្លែងទុកពីអ្នកស្រាប់។
32. គេនឹងដេញអ្នកចេញពីចំណោមមនុស្សលោក ឲ្យទៅរស់នៅជាមួយសត្វព្រៃ ហើយគេនឹងឲ្យអ្នកស៊ីស្មៅដូចគោ រហូតដល់គម្រប់ប្រាំពីររយៈកាល គឺទាល់តែអ្នកទទួលស្គាល់ថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិមនុស្សលោក ហើយព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ»។