គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 4:11-22 Khmer Standard Version (KHSV)

11. ដើម​ឈើ​នេះ​ដុះ​កាន់​តែ​ធំ​ឡើងៗហើយ​មាំ​ទៀត​ផងចុង​របស់​វា​ខ្ពស់​រហូត​ដល់​មេឃសូម្បី​តែ​អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាលនៃ​ផែនដី​ក៏​មើល​ឃើញ​ដើម​ឈើ​នេះ​ដែរ។

12. ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចីមាន​ផ្លែ​យ៉ាង​ច្រើន​បរិបូណ៌សម្រាប់​ចិញ្ចឹម​ជីវិត​មនុស្ស​ទាំង​អស់សត្វ​នានា​នាំ​គ្នា​មក​ជ្រក​កោន​ក្រោម​ម្លប់​របស់​វាបក្សា‌បក្សី​នាំ​គ្នា​មក​ទំ នៅ​តាម​មែក​របស់​វាហើយ​សត្វ​លោក​ទាំង​អស់​ទទួល​អាហារពី​ដើម​ឈើ​នេះ។

13. ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រលឹង​យើង​បាន​ឃើញ​នៅ​ពេល​ផ្ទំ​នោះ គឺ​មាន:ទេវតា*​ដ៏‌វិសុទ្ធ*​មួយ​រូប​ចុះ​ពី​លើ​មេឃ​មក

14. លោក​ស្រែក​យ៉ាង​ខ្លាំងៗ​ថា:ចូរ​រំលំ​ដើម​ឈើ​នេះ និង​កាប់​មែក​វា​ចោល​ទៅចូរ​លះ​ស្លឹក ជម្រុះ​ផ្លែ​របស់​វា​ឲ្យ​ខ្ចាត់‌ខ្ចាយឲ្យ​សត្វ​ទាំង‌ឡាយ​រត់​ចេញ​ពី​ម្លប់​របស់​វាហើយ​ឲ្យ​បក្សា‌បក្សី​ទាំង‌ឡាយហើរ​ចេញ​ពី​មែក​របស់​វា​ដែរ!

15. ប៉ុន្តែ ត្រូវ​ទុក​គល់ និង​ឫស​នៅ​ក្នុង​ដីហើយ​យក​ច្រវាក់​ដែក និង​លង្ហិន​មក​ចង​វាទុក​ចោល​ក្នុង​វាល​ស្មៅឲ្យ​ជោក​ទឹក​សន្សើម​ដែល​ធ្លាក់​ពី​លើ​មេឃហើយ​ឲ្យ​វា​ស៊ី​ស្មៅ​ដូច​សត្វ​ធាតុ។

16. ដើម​ឈើ​នោះ​នឹង​លែង​មាន​ចិត្ត​ជា​មនុស្សទៀត​ហើយ តែ​មាន​ចិត្ត​ជា​សត្វរហូត​ដល់​គម្រប់​ប្រាំ‌ពីរ​ខួប។

17. នេះ​ជា​ការ​សម្រេច​របស់​ទេវតាជា​បញ្ជា​របស់​ពួក​អ្នក​ដ៏‌វិសុទ្ធដើម្បី​មនុស្ស​ទាំង​អស់​ដឹង​ថាព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យរបស់​មនុស្ស​លោកព្រះ‌អង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បានស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​លើក​អ្នក​ដែល​ទន់‌ទាប​ជាង​គេឲ្យ​ឡើង​គ្រង​រាជ្យ​ក៏​បាន។

18. នេះ​ជា​សុបិន​ដែល​យើង ស្ដេច​នេប៊ូ‌ក្នេសា បាន​និមិត្ត​ឃើញ។ ឥឡូវ​នេះ សុំ​លោក​បេល‌ថិស្សា‌សារ​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង​បាន​ដឹង​ផង ដ្បិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​នគរ​របស់​យើង គ្មាន​នរណា​អាច​កាត់​ស្រាយ​បាន​ទេ គឺ​មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ទើប​កាត់​ស្រាយ​បាន ព្រោះ​លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ខ្លួន”»។

19. ពេល​នោះ លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សាសារ​ក៏​តក់‌ស្លុត​អស់​មួយ​សន្ទុះ ដ្បិត​ការ​លាក់​កំបាំង​ដែល​លោក​ដឹង​នៅ​ក្នុង​ចិត្ត​គំនិត នាំ​ឲ្យ​លោក​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​សា​ជា​ថ្មី​ថា៖ «លោក​បេល‌ថិស្សា‌សារ​អើយ សូម​កុំ​ភ័យ​រន្ធត់ ព្រោះ​តែ​សុបិន​នេះ និង​អត្ថ‌ន័យ​របស់​វា​អី!»។ លោក​បេល‌ថិស្សា‌សារ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា ហើយ​ឲ្យ​ន័យ​របស់​វា​ធ្លាក់​ទៅ​លើ​បច្ចា‌មិត្ត​របស់​ព្រះ‌ករុណា​វិញ!

20. ព្រះ‌ករុណា​បាន​ឃើញ​ដើម​ឈើ​ដែល​ដុះ​កាន់​តែ​ធំ​ឡើង មាំ‌មួន និង​មាន​ចុង​ខ្ពស់​ដល់​មេឃ ហើយ​អស់​អ្នក​នៅ​តាម​ទី​ដាច់​ស្រយាល​នៃ​ផែនដី​ក៏​មើល​ឃើញ​ដែរ។

21. ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​ដ៏​បរិបូណ៌ ធ្វើ​ជា​អាហារ​សម្រាប់​សត្វ​លោក​ទាំង​អស់ និង​ជម្រក​ដល់​សត្វ​ទាំង‌ឡាយ ហើយ​មាន​បក្សា‌បក្សី​មក​ទំ​នៅ​តាម​មែក​ទៀត​ផង។

22. ដើម​ឈើ​នោះ​គឺ​ព្រះ‌ករុណា​ផ្ទាល់! បពិត្រ​ព្រះ‌រាជា ទ្រង់​បាន​ចម្រើន​ឡើង និង​មាន​ឫទ្ធិ​អំណាច​ក្រៃ‌លែង ឋានៈ​របស់​ព្រះ‌ករុណា​ខ្ពង់‌ខ្ពស់​រហូត​ដល់​មេឃ។ ព្រះ‌ករុណា​គ្រប់‌គ្រង​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 4