គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 4:1-14 Khmer Standard Version (KHSV)

1. «យើង នេប៊ូ‌ក្នេសា ជា​ព្រះ‌មហា‌ក្សត្រ ជូន​ចំពោះ​ប្រជា‌ជន​ទាំង​អស់ ចំពោះ​ប្រជា‌ជាតិ​នានា និង​ចំពោះ​មនុស្ស​គ្រប់​ភាសា​ដែល​រស់​នៅ​លើ​ផែនដី​ទាំង​មូល។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌!

2. យើង​យល់​ឃើញ​ថា គួរ​តែ​រៀប​រាប់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​ដែល​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​សម្តែង​ចំពោះ​យើង។

3. ទី​សម្គាល់​របស់​ព្រះ‌អង្គ​ធំ​ឧត្ដុង្គ‌ឧត្ដម​ណាស់បាដិហារិយ៍​របស់​ព្រះ‌អង្គក៏​ប្រកប​ដោយ​ឫទ្ធិ‌បារមី​ដែរ!ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ជា​រាជ្យ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា‌និច្ចហើយ​ព្រះ‌អង្គ​គ្រង​រាជ្យ​អស់‌កល្បជា​អង្វែង​ត​រៀង​ទៅ។

4. យើង នេប៊ូ‌ក្នេសា កំពុង​តែ​រស់​នៅ​យ៉ាង​សុខ​ស្រួល ក្នុង​ព្រះ‌បរម‌រាជ​វាំង​ជា​មួយ​ក្រុម​គ្រួសារ​របស់​យើង។

5. យើង​បាន​សុបិន​ធ្វើ​ឲ្យ​យើង​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង។ សូម្បី​តែ​នៅ​លើ​ក្រឡា‌បន្ទំ យើង​នៅ​តែ​នឹក​គិត​អំពី​សុបិន​នេះ​ជា‌និច្ច ហើយ​ចិត្ត​យើង​ខ្វាយ​ខ្វល់​ណាស់។

6. យើង​ឲ្យ​គេ​កោះ​ហៅ​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ី‌ឡូន​មក​ជួប​យើង ដើម្បី​កាត់​ស្រាយ​សុបិន​នេះ​ឲ្យ​យើង។

7. ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម ពួក​ហោរា គ្រូ​ទាយ ព្រម​ទាំង​គ្រូ​ធ្មប់​ផ្សេងៗ​បាន​នាំ​គ្នា​មក។ យើង​រៀប​រាប់​ប្រាប់​ពួក​គេ​អំពី​សុបិន​របស់​យើង ប៉ុន្តែ ពួក​គេ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​ប្រាប់​យើង​បាន​ឡើយ។

8. នៅ​ទី​បំផុត លោក​ដានី‌យ៉ែល​ចូល​មក (លោក​ក៏​មាន​នាម​ថា “បេល‌ថិស្សា‌សារ” តាម​នាម​ព្រះ​របស់​យើង​ដែរ) ហើយ​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធនៅ​ក្នុង​ខ្លួន។ យើង​បាន​រៀប​រាប់​ឲ្យ​លោក​ដឹង​ពី​សុបិន​របស់​យើង ដូច​ត​ទៅ:

9. “លោក​បេល‌ថិស្សា‌សារ ជា​ប្រមុខ​លើ​ពួក​គ្រូ​ទាំង​អស់​អើយ យើង​ដឹង​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ខ្លួន ហើយ​លោក​ដឹង​ការ​លាក់​កំបាំង​ទាំង​អស់។ ហេតុ​នេះ សុំ​លោក​កាត់​ស្រាយ​ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន​ឲ្យ​យើង​ដឹង​ផង។

10. នៅ​ពេល​ផ្ទំ យើង​សុបិន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដូច​ត​ទៅ៖នៅ​កណ្ដាល​ផែនដីមាន​ដើម​ឈើ​មួយ​ដើម​យ៉ាង​ខ្ពស់​អស្ចារ្យ

11. ដើម​ឈើ​នេះ​ដុះ​កាន់​តែ​ធំ​ឡើងៗហើយ​មាំ​ទៀត​ផងចុង​របស់​វា​ខ្ពស់​រហូត​ដល់​មេឃសូម្បី​តែ​អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាលនៃ​ផែនដី​ក៏​មើល​ឃើញ​ដើម​ឈើ​នេះ​ដែរ។

12. ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចីមាន​ផ្លែ​យ៉ាង​ច្រើន​បរិបូណ៌សម្រាប់​ចិញ្ចឹម​ជីវិត​មនុស្ស​ទាំង​អស់សត្វ​នានា​នាំ​គ្នា​មក​ជ្រក​កោន​ក្រោម​ម្លប់​របស់​វាបក្សា‌បក្សី​នាំ​គ្នា​មក​ទំ នៅ​តាម​មែក​របស់​វាហើយ​សត្វ​លោក​ទាំង​អស់​ទទួល​អាហារពី​ដើម​ឈើ​នេះ។

13. ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រលឹង​យើង​បាន​ឃើញ​នៅ​ពេល​ផ្ទំ​នោះ គឺ​មាន:ទេវតា*​ដ៏‌វិសុទ្ធ*​មួយ​រូប​ចុះ​ពី​លើ​មេឃ​មក

14. លោក​ស្រែក​យ៉ាង​ខ្លាំងៗ​ថា:ចូរ​រំលំ​ដើម​ឈើ​នេះ និង​កាប់​មែក​វា​ចោល​ទៅចូរ​លះ​ស្លឹក ជម្រុះ​ផ្លែ​របស់​វា​ឲ្យ​ខ្ចាត់‌ខ្ចាយឲ្យ​សត្វ​ទាំង‌ឡាយ​រត់​ចេញ​ពី​ម្លប់​របស់​វាហើយ​ឲ្យ​បក្សា‌បក្សី​ទាំង‌ឡាយហើរ​ចេញ​ពី​មែក​របស់​វា​ដែរ!

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 4