គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 3:7-16 Khmer Standard Version (KHSV)

7. ហេតុ​នេះ ពេល​បាន​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និង​តន្ដ្រី​គ្រប់​យ៉ាង ប្រជា‌ជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង‌ឡាយ និង​មនុស្ស​គ្រប់​ភាសា អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​កសាង។

8. នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ មាន​ជន‌ជាតិ​ខាល់ដេ​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ប្ដឹង ដើម្បី​ចោទ​ប្រកាន់​ជន‌ជាតិ​យូដា។

9. ពួក​គេ​ទូល​ព្រះចៅ​នេប៊ូ‌ក្នេសា​ថា៖ «បពិត្រ​ព្រះ‌រាជា​សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​អង្វែង​ត​រៀង​ទៅ!

10. បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​បាន​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង​អស់​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស នៅ​ពេល​គេ​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី​គែន និង​តន្ត្រី​គ្រប់​យ៉ាង។

11. តាម​បញ្ជា​នេះ អ្នក​ណា​មិន​អោន​កាយ​ក្រាប​ថ្វាយ​បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។

12. បពិត្រ​ព្រះ‌ករុណា មាន​ជន‌ជាតិ​យូដា​ខ្លះ​ដែល​ទ្រង់​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន គឺ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ពុំ​បាន​គោរព​តាម​រាជ​បញ្ជា​ទេ។ អ្នក​ទាំង​នោះ​មិន​គោរព​បម្រើ​ព្រះ​របស់​ព្រះ‌ករុណា ហើយ​ក៏​មិន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​ព្រះ‌ករុណា​បាន​កសាង​នោះ​ដែរ»។

13. ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ទ្រង់​ខ្ញាល់ ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​នាំ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​មក។ គេ​ក៏​នាំ​លោក​ទាំង​បី​មក​គាល់​ស្ដេច។

14. ព្រះចៅ​នេប៊ូ‌ក្នេសា​មាន​ព្រះ‌រាជ‌ឱង្ការ​ទៅ​កាន់​លោក​ទាំង​បី​ថា៖ «សាដ្រាក់ មែសាក់ និង​អបេឌ-នេកោ អស់​លោក​ពិត​ជា​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ហើយ​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស ដែល​យើង​បាន​កសាង​មែន​ឬ?

15. ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​អស់​លោក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង អស់​លោក​ត្រូវ​តែ​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​អស់​លោក​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ យើង​នឹង​ឲ្យ​គេ​បោះ​អស់​លោក​ភ្លាម ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​អស់​លោក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ!»។

16. លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទូល​ព្រះចៅ​នេប៊ូ‌ក្នេសា​វិញ​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​មិន​បាច់​ឆ្លើយ​នឹង​ព្រះ‌ករុណា​អំពី​រឿង​នេះ​ទេ។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 3