គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 3:13-20 Khmer Standard Version (KHSV)

13. ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ទ្រង់​ខ្ញាល់ ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​នាំ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​មក។ គេ​ក៏​នាំ​លោក​ទាំង​បី​មក​គាល់​ស្ដេច។

14. ព្រះចៅ​នេប៊ូ‌ក្នេសា​មាន​ព្រះ‌រាជ‌ឱង្ការ​ទៅ​កាន់​លោក​ទាំង​បី​ថា៖ «សាដ្រាក់ មែសាក់ និង​អបេឌ-នេកោ អស់​លោក​ពិត​ជា​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ហើយ​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស ដែល​យើង​បាន​កសាង​មែន​ឬ?

15. ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​អស់​លោក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង អស់​លោក​ត្រូវ​តែ​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​អស់​លោក​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ យើង​នឹង​ឲ្យ​គេ​បោះ​អស់​លោក​ភ្លាម ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​អស់​លោក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ!»។

16. លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទូល​ព្រះចៅ​នេប៊ូ‌ក្នេសា​វិញ​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​មិន​បាច់​ឆ្លើយ​នឹង​ព្រះ‌ករុណា​អំពី​រឿង​នេះ​ទេ។

17. បពិត្រ​ព្រះ‌រាជា ព្រះ​ដែល​ទូលបង្គំ​យើង​ខ្ញុំ​គោរព​បម្រើ ពិត​ជា​អាច​រំដោះ​ទូលបង្គំ​យើង​ខ្ញុំ គឺ​ព្រះ‌អង្គ​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ និង​ឲ្យ​យើង​ខ្ញុំ រួច​ពី​ព្រះ‌ហស្ដ​របស់​ព្រះ‌ករុណា​ជា​មិន​ខាន។

18. ទោះ​បី​ព្រះ‌អង្គ​មិន​រំដោះ​យើង​ខ្ញុំ​ក្ដី សូម​ព្រះ‌ករុណា​ជ្រាប​ឲ្យ​បាន​ច្បាស់​ថា ទូលបង្គំ​យើង​ខ្ញុំ​មិន​ព្រម​គោរព​បម្រើ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា​ឡើយ ហើយ​យើង​ខ្ញុំ​ក៏​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស​ដែល​ព្រះ‌ករុណា​បាន​កសាង​នេះ​ដែរ»។

19. ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ទ្រង់​ខ្ញាល់​នឹង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​យ៉ាង​ខ្លាំង ព្រះ‌ភ័ក្ត្រ​របស់​ស្ដេច​បាន​ផ្លាស់​ប្រែ។ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ដុត​ឡ​ភ្លើង​ឲ្យ​ក្ដៅ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដង

20. រួច​បញ្ជា​ទាហាន​ខ្លះ​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា​ឲ្យ​ចាប់​ចង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 3