ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 3 Khmer Standard Version (KHSV)

ស្ដេច​ចេញ​បញ្ជា​ឲ្យ​ថ្វាយ‌បង្គំ​រូប​បដិមា

1. ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​កសាង​រូប​បដិមា​មួយ​ពី​មាស មាន​កំពស់​ហុក‌សិប​ហត្ថ និង​ទទឹង​ប្រាំ​មួយ​ហត្ថ។ ស្ដេច​ដំឡើង​រូប​នោះ​នៅ​វាល​ទំនាប​ឌូរ៉ា ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន។

2. ព្រះចៅ​នេប៊ូ‌ក្នេសា​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលា‌ការ មន្ត្រី​រក្សា​ព្រះ‌រាជ្យ​ទ្រព្យ ព្រះ‌រាជ​អាជ្ញា ចៅ‌ក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា‌ខេត្ត​នានា​មក​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​រូប​បដិមា​ដែល​ស្ដេច​បាន​កសាង។

3. ពេល​នោះ ពួក​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលា‌ការ មន្ត្រី​រក្សា​ព្រះ‌រាជ្យ​ទ្រព្យ ព្រះ‌រាជ​អាជ្ញា ចៅ‌ក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា‌ខេត្ត​នានា​ក៏​មក​ជួប‌ជុំ​គ្នា ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ​រូប​បដិមា​ដោយ​នាំ​គ្នា​ឈរ​នៅ​មុខ​រូប​ដែល​ស្ដេច​នេប៊ូ‌ក្នេសា​បាន​កសាង​នោះ។

4. មាន​អាមាត្យ​ម្នាក់​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «ប្រជា‌ជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង‌ឡាយ និង​មនុស្ស​គ្រប់​ភាសា​អើយ! ចូរ​ស្ដាប់​រាជ​បញ្ជា!

5. ពេល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង ត្រូវ​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​មាស ដែល​ព្រះ‌ករុណា​នេប៊ូ‌ក្នេសា​បាន​កសាង។

6. អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ អ្នក​នោះ​នឹង​ត្រូវ​បោះ​ភ្លាមៗ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ»។

7. ហេតុ​នេះ ពេល​បាន​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និង​តន្ដ្រី​គ្រប់​យ៉ាង ប្រជា‌ជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង‌ឡាយ និង​មនុស្ស​គ្រប់​ភាសា អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​កសាង។

មិត្ត‌ភក្ដិ​លោក​ដានី‌យ៉ែល​បដិសេធ​ថ្វាយ‌បង្គំ​រូប​បដិមា

8. នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ មាន​ជន‌ជាតិ​ខាល់ដេ​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ប្ដឹង ដើម្បី​ចោទ​ប្រកាន់​ជន‌ជាតិ​យូដា។

9. ពួក​គេ​ទូល​ព្រះចៅ​នេប៊ូ‌ក្នេសា​ថា៖ «បពិត្រ​ព្រះ‌រាជា​សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​អង្វែង​ត​រៀង​ទៅ!

10. បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​បាន​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង​អស់​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស នៅ​ពេល​គេ​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី​គែន និង​តន្ត្រី​គ្រប់​យ៉ាង។

11. តាម​បញ្ជា​នេះ អ្នក​ណា​មិន​អោន​កាយ​ក្រាប​ថ្វាយ​បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។

12. បពិត្រ​ព្រះ‌ករុណា មាន​ជន‌ជាតិ​យូដា​ខ្លះ​ដែល​ទ្រង់​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន គឺ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ពុំ​បាន​គោរព​តាម​រាជ​បញ្ជា​ទេ។ អ្នក​ទាំង​នោះ​មិន​គោរព​បម្រើ​ព្រះ​របស់​ព្រះ‌ករុណា ហើយ​ក៏​មិន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​ព្រះ‌ករុណា​បាន​កសាង​នោះ​ដែរ»។

13. ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ទ្រង់​ខ្ញាល់ ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​នាំ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​មក។ គេ​ក៏​នាំ​លោក​ទាំង​បី​មក​គាល់​ស្ដេច។

14. ព្រះចៅ​នេប៊ូ‌ក្នេសា​មាន​ព្រះ‌រាជ‌ឱង្ការ​ទៅ​កាន់​លោក​ទាំង​បី​ថា៖ «សាដ្រាក់ មែសាក់ និង​អបេឌ-នេកោ អស់​លោក​ពិត​ជា​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ហើយ​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស ដែល​យើង​បាន​កសាង​មែន​ឬ?

15. ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​អស់​លោក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង អស់​លោក​ត្រូវ​តែ​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​អស់​លោក​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ យើង​នឹង​ឲ្យ​គេ​បោះ​អស់​លោក​ភ្លាម ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​អស់​លោក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ!»។

16. លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទូល​ព្រះចៅ​នេប៊ូ‌ក្នេសា​វិញ​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​មិន​បាច់​ឆ្លើយ​នឹង​ព្រះ‌ករុណា​អំពី​រឿង​នេះ​ទេ។

17. បពិត្រ​ព្រះ‌រាជា ព្រះ​ដែល​ទូលបង្គំ​យើង​ខ្ញុំ​គោរព​បម្រើ ពិត​ជា​អាច​រំដោះ​ទូលបង្គំ​យើង​ខ្ញុំ គឺ​ព្រះ‌អង្គ​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ និង​ឲ្យ​យើង​ខ្ញុំ រួច​ពី​ព្រះ‌ហស្ដ​របស់​ព្រះ‌ករុណា​ជា​មិន​ខាន។

18. ទោះ​បី​ព្រះ‌អង្គ​មិន​រំដោះ​យើង​ខ្ញុំ​ក្ដី សូម​ព្រះ‌ករុណា​ជ្រាប​ឲ្យ​បាន​ច្បាស់​ថា ទូលបង្គំ​យើង​ខ្ញុំ​មិន​ព្រម​គោរព​បម្រើ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា​ឡើយ ហើយ​យើង​ខ្ញុំ​ក៏​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស​ដែល​ព្រះ‌ករុណា​បាន​កសាង​នេះ​ដែរ»។

19. ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ទ្រង់​ខ្ញាល់​នឹង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​យ៉ាង​ខ្លាំង ព្រះ‌ភ័ក្ត្រ​របស់​ស្ដេច​បាន​ផ្លាស់​ប្រែ។ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ដុត​ឡ​ភ្លើង​ឲ្យ​ក្ដៅ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដង

20. រួច​បញ្ជា​ទាហាន​ខ្លះ​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា​ឲ្យ​ចាប់​ចង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។

21. គេ​ចង​លោក​ទាំង​បី ដោយ​ទុក​សម្លៀក‌បំពាក់ ទាំង​ក្នុង​ទាំង​ក្រៅ​ជាប់​នឹង​ខ្លួន និង​ឆ្នួត​ផង រួច​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ

22. ដោយ‌សារ​រាជ​បញ្ជា​ដ៏​តឹង‌តែង គេ​បាន​ដុត​ភ្លើង​យ៉ាង​ក្ដៅ​បំផុត រហូត​ដល់​ធ្វើ​ឲ្យ​ទាហាន​ដែល​ចាប់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ បោះ​ទៅ​ក្នុង​ភ្លើង​នោះ​ត្រូវ​ស្លាប់។

23. ពេល​នោះ លោក​ទាំង​បី គឺ​សាដ្រាក់ មែសាក់ និង​អេបេឌ-‌នេកោ ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។

ព្រះ‌ជាម្ចាស់​សង្គ្រោះ​មិត្ត‌ភក្ដិ​លោក​ដានី‌យ៉ែល​ពី​ភ្លើង

24. ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​រន្ធត់​ព្រះ‌ហឫទ័យ​ជា​ខ្លាំង ទ្រង់​ប្រញាប់‌ប្រញាល់​ក្រោក​ឈរ​ឡើង មាន​រាជ‌ឱង្ការ​ទៅ​កាន់​ក្រុម​ប្រឹក្សា​ថា៖ «តើ​យើង​បាន​បោះ​មនុស្ស​បី​នាក់​ដែល​ជាប់​ចំណង​ទៅ​ក្នុង​ភ្លើង​មែន​ឬ​មិន​មែន?»។ ពួក​គេ​ទូ ល​ព្រះ‌រាជា​ថា៖ «ពិត​មែន​ហើយ ព្រះ‌ករុណា!»។

25. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឃើញ​មនុស្ស​បួន​នាក់ ដែល​គ្មាន​ជាប់​ចំណង​កំពុង​តែ​ដើរ​នៅ​ក្នុង​ភ្លើង ដោយ​ឥត​រលាក​សោះ​ដូច្នេះ? រីឯ​អ្នក​ទី​បួន មាន​ទ្រង់‌ទ្រាយ​ដូច​ទេវតា»។

26. ព្រះចៅ​នេប៊ូ‌ក្នេសា​ចូល​ទៅ​ជិត​ឡ​ភ្លើង មាន​រាជ‌ឱង្ការ​ថា៖ «លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ ចូរ​នាំ​គ្នា​ចេញ​មក!»។ លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​ក៏​នាំ​គ្នា​ចេញ​ពី​ក្នុង​ភ្លើង។

27. ពេល​នោះ ពួក​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត និង​ក្រុម​ប្រឹក្សា​ព្រះ‌មហា‌ក្សត្រ ក៏​រួម​ប្រជុំ​គ្នា ពួក​គេ​ឃើញ​ថា ភ្លើង​ពុំ​មាន​អំណាច​អ្វី​លើ​រូប​កាយ​របស់​បុរស​ទាំង​បី​សោះ សក់​ក្បាល​របស់​អ្នក​ទាំង​បី​ក៏​មិន​ឆេះ ហើយ​សូម្បី​តែ​សម្លៀក‌បំពាក់​របស់​គេ​ពុំ​ខូច​ខាត ឬ​ធុំ​ក្លិន​ឈ្ងៀម​ដែរ។

28. ព្រះចៅ​នេប៊ូ‌ក្នេសា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «សូម​សរសើរ​តម្កើង​ព្រះ​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ដែល​បាន​ចាត់​ទេវតា*​ឲ្យ​មក​រំដោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ លោក​ទាំង​បី​បាន​ទុក​ចិត្ត​លើ​ព្រះ‌អង្គ ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច​ទេ តែ​សុខ​ចិត្ត​បូជា​ជីវិត​ជា​ជាង​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ផ្សេង​ក្រៅ​ពី​ព្រះ​របស់​ខ្លួន!

29. ឥឡូវ​នេះ យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ: មនុស្ស​ទាំង​អស់ ទោះ​បី​មក​ពី​ស្រុក​ណា ជាតិ​សាសន៍​អ្វី ហើយ​និយាយ​ភាសា​អ្វី​ក៏​ដោយ ឲ្យ​តែ​ហ៊ាន​និយាយ​ប្រមាថ​ព្រះ​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ដុត​ឲ្យ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​មនុស្ស​ដូច​ព្រះ‌អង្គ​ទេ»។

30. បន្ទាប់​មក ព្រះ‌រាជា​ប្រោស​ប្រទាន​ឲ្យ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ មាន​បុណ្យ​ស័ក្ដិ​កាន់​តែ​ខ្ពង់‌ខ្ពស់​ឡើង នៅ​ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន។