គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 2:44-49 Khmer Standard Version (KHSV)

44. ក្នុង​រជ្ជកាល​របស់​ស្ដេច​ទាំង​នោះ ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​នឹង​ធ្វើ​ឲ្យ​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ដែល​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់‌គ្រង​របស់​ប្រជា‌ជាតិ​ណា​មួយ​ឡើយ។ រាជា‌ណាចក្រ​មួយ​នេះ​នឹង​កម្ទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​ឲ្យ​វិនាស​សូន្យ ហើយ​រាជា‌ណាចក្រ​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ

45. ដូច​ព្រះ‌ករុណា​បាន​ឃើញ​ថ្ម​ធ្លាក់​ចុះ​ពី​លើ​ភ្នំ ដោយ​ឯក‌ឯង កម្ទេច​ដែក​លង្ហិន​ដី​ឥដ្ឋ និង​មាស​ដែរ។ ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដម​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​របស់​ព្រះ‌ករុណា​ជា​ការ​ពិត និង​មាន​អត្ថ‌ន័យ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត»។

46. ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ក្រាប​ចុះ អោន​ព្រះ‌ភ័ក្ត្រ​ដល់​ដី ថ្វាយ‌បង្គំ​លោក​ដានី‌យ៉ែល ហើយ​បញ្ជា​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប ដើម្បី​គោរព​លោក។

47. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​លោក​ដានី‌យ៉ែល​ថា៖ «ព្រះ​របស់​អស់​លោក​ពិត​ជា​ព្រះ​លើ​ព្រះ​នានា និង​ជា​ព្រះ‌អម្ចាស់​លើ​ព្រះ‌អម្ចាស់​នានា​មែន! មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​សម្តែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង‌ឡាយ ហេតុ​នេះ​ហើយ​បាន​ជា​លោក​រក​ឃើញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ»។

48. បន្ទាប់​មក ព្រះ‌រាជា​បាន​លើក​តម្កើង​លោក​ដានី‌យ៉ែល ព្រម​ទាំង​ប្រទាន​រង្វាន់​ដ៏​មាន​តម្លៃ​យ៉ាង​ច្រើន​ដល់​លោក។ ស្ដេច​ក៏​ប្រទាន​ឲ្យ​លោក​ត្រួត‌ត្រា​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល និង​ឲ្យ​លោក​ធ្វើ​ជា​ប្រមុខ​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​ស្រុក​បាប៊ី‌ឡូន។

49. លោក​ដានី‌យ៉ែល​ទូល‌អង្វរ​ស្ដេច សូម​ទ្រង់​ប្រទាន​ឲ្យ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-‌នេកោ គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន ហើយ​ខ្លួន​លោក​ផ្ទាល់​នៅ​បម្រើ​ព្រះ‌មហា‌ក្សត្រ​ក្នុង​ព្រះ‌បរម​រាជ​វាំង។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 2