គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 2:37-48 Khmer Standard Version (KHSV)

37. បពិត្រ​ព្រះ‌រាជា ទ្រង់​ជា​ព្រះ‌មហា‌ក្សត្រ​លើ​ព្រះ‌មហា‌ក្សត្រ​នានា ដ្បិត​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​បាន​ប្រទាន​រាជ​សម្បត្តិ ឫទ្ធា‌នុភាព ចេស្ដា និង​សិរី‌រុងរឿង មក​ព្រះ‌ករុណា។

38. ព្រះ‌អង្គ​បាន​ប្រទាន​មនុស្ស​លោក សត្វ​ព្រៃ និង​បក្សា‌បក្សី​នៅ​លើ​មេឃ មក​ក្នុង​ព្រះ‌ហស្ដ​ព្រះ‌ករុណា ឲ្យ​ព្រះ‌ករុណា​គ្រប់‌គ្រង​លើ​ទាំង​អស់ ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ព្រះ‌ករុណា​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។

39. បន្ទាប់​ពី​ព្រះ‌ករុណា​នឹង​មាន​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ប៉ុន្តែ ខ្សោយ​ជាង​រាជា‌ណាចក្រ​របស់​ព្រះ‌ករុណា។ ក្រោយ​មក មាន​រាជា‌ណាចក្រ​ទី​បី គឺ​លង្ហិន​គ្រប់‌គ្រង​លើ​ពិភព​លោក​ទាំង​មូល។

40. លុះ​ក្រោយ​មក​ទៀត មាន​រាជា‌ណាចក្រ​ទី​បួន​រឹង‌មាំ​ដូច​ដែក។ ដែក​កម្ទេច ហើយ​បំបាក់​អ្វីៗ​ទាំង​អស់​យ៉ាង​ណា រាជា‌ណាចក្រ​នោះ​នឹង​កម្ទេច ហើយ​បំបែក​អ្វីៗ​ទាំង​អស់​យ៉ាង​នោះ​ដែរ។

41. ព្រះ‌ករុណា​បាន​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​អំពី​ដី​ឥដ្ឋ​របស់​ជាង​ស្មូន និង​មួយ​ផ្នែក​ទៀត​ធ្វើ​អំពី​ដែក គឺ​សំដៅ​ទៅ​លើ​រាជា‌ណាចក្រ​នោះ​ដែល​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ ប៉ុន្តែ រាជា‌ណាចក្រ​នោះ​មាន​មួយ​ផ្នែក​រឹង‌មាំ​ដូច​ដែក ដ្បិត​ព្រះ‌ករុណា​បាន​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ។

42. ម្រាម​ជើង​របស់​រូប​បដិមា​មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ បាន​សេចក្ដី​ថា រាជា‌ណាចក្រ​នោះ​នឹង​មាន​ឫទ្ធិ​អំណាច​មួយ​ផ្នែក ហើយ​ក៏​ខ្សោយ​មួយ​ផ្នែក​ដែរ។

43. ព្រះ‌ករុណា​ទត​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ ព្រោះ​រាជា‌ណាចក្រ​នោះ​ត‌ភ្ជាប់​គ្នា ដោយ‌សារ​ចំណង​ស្ពាន‌មេត្រី​របស់​មនុស្ស តែ​គេ​មិន​រលាយ​ចូល​គ្នា​ទេ គឺ​ដូច​ដែក និង​ដី​ឥដ្ឋ ពុំ​អាច​រលាយ​ចូល​គ្នា​បាន​ឡើយ។

44. ក្នុង​រជ្ជកាល​របស់​ស្ដេច​ទាំង​នោះ ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​នឹង​ធ្វើ​ឲ្យ​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ដែល​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់‌គ្រង​របស់​ប្រជា‌ជាតិ​ណា​មួយ​ឡើយ។ រាជា‌ណាចក្រ​មួយ​នេះ​នឹង​កម្ទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​ឲ្យ​វិនាស​សូន្យ ហើយ​រាជា‌ណាចក្រ​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ

45. ដូច​ព្រះ‌ករុណា​បាន​ឃើញ​ថ្ម​ធ្លាក់​ចុះ​ពី​លើ​ភ្នំ ដោយ​ឯក‌ឯង កម្ទេច​ដែក​លង្ហិន​ដី​ឥដ្ឋ និង​មាស​ដែរ។ ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដម​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​របស់​ព្រះ‌ករុណា​ជា​ការ​ពិត និង​មាន​អត្ថ‌ន័យ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត»។

46. ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ក្រាប​ចុះ អោន​ព្រះ‌ភ័ក្ត្រ​ដល់​ដី ថ្វាយ‌បង្គំ​លោក​ដានី‌យ៉ែល ហើយ​បញ្ជា​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប ដើម្បី​គោរព​លោក។

47. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​លោក​ដានី‌យ៉ែល​ថា៖ «ព្រះ​របស់​អស់​លោក​ពិត​ជា​ព្រះ​លើ​ព្រះ​នានា និង​ជា​ព្រះ‌អម្ចាស់​លើ​ព្រះ‌អម្ចាស់​នានា​មែន! មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​សម្តែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង‌ឡាយ ហេតុ​នេះ​ហើយ​បាន​ជា​លោក​រក​ឃើញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ»។

48. បន្ទាប់​មក ព្រះ‌រាជា​បាន​លើក​តម្កើង​លោក​ដានី‌យ៉ែល ព្រម​ទាំង​ប្រទាន​រង្វាន់​ដ៏​មាន​តម្លៃ​យ៉ាង​ច្រើន​ដល់​លោក។ ស្ដេច​ក៏​ប្រទាន​ឲ្យ​លោក​ត្រួត‌ត្រា​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល និង​ឲ្យ​លោក​ធ្វើ​ជា​ប្រមុខ​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​ស្រុក​បាប៊ី‌ឡូន។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 2