គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 12:4-10 Khmer Standard Version (KHSV)

4. ចំពោះ​លោក​វិញ លោក​ដានី‌យ៉ែល​អើយ សូម​លាក់​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ឲ្យ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ស្វែង​យល់ ហើយ​ចំណេះ​របស់​គេ​នឹង​បាន​ចម្រើន​ឡើង»។

5. ពេល​នោះ ខ្ញុំ ដានី‌យ៉ែល ក្រឡេក​មើល​ទៅ​ឃើញ​បុរស​ពីរ​នាក់​ទៀត​ឈរ​នៅ​មាត់​ទន្លេ ម្នាក់​នៅ​ត្រើយ​ខាង​អាយ ម្នាក់​ទៀត​នៅ​ត្រើយ​ខាង​នាយ។

6. បុរស​ម្នាក់​ពោល​ទៅ​កាន់​ទេវតា​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ដែល​ឈរ​នៅ​លើ​ទឹក​ទន្លេ​នោះ​ថា៖ «តើ​ហេតុ‌ការណ៍​ដ៏​អស្ចារ្យ​នេះ​ត្រូវ​ចប់​នៅ​ពេល​ណា?»។

7. ទេវតា​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​ឈរ​នៅ​លើ​ទឹក​ទន្លេ លើក​ដៃ​ទាំង​ពីរ​ឆ្ពោះ​ទៅ​លើ​មេឃ ហើយ​ខ្ញុំ​ឮ​លោក​ប្រកាស​យ៉ាង​ឱឡា‌រិក ក្នុង​នាម​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា‌និច្ច​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​មាន​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ហើយ​នឹង​ត្រូវ​ចប់​នៅ​ពេល ដែល​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ​លែង​មាន​កម្លាំង​ទ្រាំ‌ទ្រ​ទៀត​បាន»។

8. ខ្ញុំ ដានី‌យ៉ែល បាន​ឮ​ពាក្យ​ទាំង​នេះ តែ​ពុំ​បាន​យល់​អត្ថ‌ន័យ​ទេ ខ្ញុំ​ក៏​សួរ​ថា៖ «លោក​ម្ចាស់​អើយ តើ​ហេតុ‌ការណ៍​ទាំង​នេះ​នឹង​ត្រូវ​ចប់​ដូច​ម្ដេច?»។

9. លោក​តប​មក​ខ្ញុំ​វិញ​ថា៖ «លោក​ដានី‌យ៉ែល​អើយ កុំ​ខ្វល់​ខ្វាយ​ធ្វើ​អ្វី។ សេចក្ដី​ទាំង​នេះ​ត្រូវ​តែ​លាក់​ឲ្យ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។

10. ដោយ‌សារ​ទុក្ខ​លំបាក មនុស្ស​ជា​ច្រើន​នឹង​បាន​ស្អាត​បរិសុទ្ធ និង​សស្គុស។ មនុស្ស​អាក្រក់​មិន​យល់​សេចក្ដី​នេះ​ទេ គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត រីឯ​មនុស្ស​មាន​ប្រាជ្ញា ទើប​យល់។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 12