គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 12:1-8 Khmer Standard Version (KHSV)

1. នៅ​គ្រា​ចុង​ក្រោយ មហា​ទេវតា​មីកែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវតា ហើយ​ជា​អ្នក​ថែ‌រក្សា​ប្រជា‌ជន​របស់​លោក​នឹង​ក្រោក​ឈរ​ឡើង។ គ្រា​នោះ នឹង​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ពេល​កើត​មាន​ប្រជា‌ជាតិ​រហូត​មក​ដល់​ថ្ងៃ​នេះ មនុស្ស​លោក​មិន​ដែល​រង​ទុក្ខ​លំបាក​ដូច្នេះ​ទេ។ ប៉ុន្តែ នៅ​គ្រា​នោះ ក្នុង​ចំណោម​ប្រជា‌ជន​របស់​លោក អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ក្រាំង​ជីវិត​នឹង​ត្រូវ​រួច​ខ្លួន។

2. មាន​មនុស្ស​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ផ្នូរ​នឹង​រស់​ឡើង​វិញ អ្នក​ខ្លះ​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច អ្នក​ខ្លះ​ទៀត​នឹង​ត្រូវ​អាម៉ាស់​មុខ ព្រម​ទាំង​រង​ទុក្ខ​ទោស​អស់‌កល្ប​ជា‌និច្ច​ផង។

3. រីឯ​អស់​អ្នក​ដែល​មាន​ប្រាជ្ញា​វិញ នឹង​ភ្លឺ​ដូច​ផ្ទៃ​មេឃ ហើយ​អស់​អ្នក​ដែល​ជួយ​ណែ‌នាំ​មនុស្ស‌ម្នា​ជា​ច្រើន​ឲ្យ​ប្រព្រឹត្ត​អំពើ​សុចរិត គេ​នឹង​បាន​ភ្លឺ​ដូច​ផ្កាយ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

4. ចំពោះ​លោក​វិញ លោក​ដានី‌យ៉ែល​អើយ សូម​លាក់​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ឲ្យ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ស្វែង​យល់ ហើយ​ចំណេះ​របស់​គេ​នឹង​បាន​ចម្រើន​ឡើង»។

5. ពេល​នោះ ខ្ញុំ ដានី‌យ៉ែល ក្រឡេក​មើល​ទៅ​ឃើញ​បុរស​ពីរ​នាក់​ទៀត​ឈរ​នៅ​មាត់​ទន្លេ ម្នាក់​នៅ​ត្រើយ​ខាង​អាយ ម្នាក់​ទៀត​នៅ​ត្រើយ​ខាង​នាយ។

6. បុរស​ម្នាក់​ពោល​ទៅ​កាន់​ទេវតា​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ដែល​ឈរ​នៅ​លើ​ទឹក​ទន្លេ​នោះ​ថា៖ «តើ​ហេតុ‌ការណ៍​ដ៏​អស្ចារ្យ​នេះ​ត្រូវ​ចប់​នៅ​ពេល​ណា?»។

7. ទេវតា​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​ឈរ​នៅ​លើ​ទឹក​ទន្លេ លើក​ដៃ​ទាំង​ពីរ​ឆ្ពោះ​ទៅ​លើ​មេឃ ហើយ​ខ្ញុំ​ឮ​លោក​ប្រកាស​យ៉ាង​ឱឡា‌រិក ក្នុង​នាម​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា‌និច្ច​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​មាន​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ហើយ​នឹង​ត្រូវ​ចប់​នៅ​ពេល ដែល​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ​លែង​មាន​កម្លាំង​ទ្រាំ‌ទ្រ​ទៀត​បាន»។

8. ខ្ញុំ ដានី‌យ៉ែល បាន​ឮ​ពាក្យ​ទាំង​នេះ តែ​ពុំ​បាន​យល់​អត្ថ‌ន័យ​ទេ ខ្ញុំ​ក៏​សួរ​ថា៖ «លោក​ម្ចាស់​អើយ តើ​ហេតុ‌ការណ៍​ទាំង​នេះ​នឹង​ត្រូវ​ចប់​ដូច​ម្ដេច?»។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 12