គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 11:7-14 Khmer Standard Version (KHSV)

7. ពេល​នោះ នឹង​មាន​ស្ដេច​មួយ​អង្គ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​របស់​នាង ហើយ​ស្នង​រាជ្យ​ជំនួស​បិតា។ ស្ដេច​នេះ​នឹង​លើក​ទ័ព​ទៅ​វាយ​លុក​បន្ទាយ​របស់​ស្ដេច​ខាង​ជើង ហើយ​មាន​ជ័យ‌ជំនះ។

8. ស្ដេច​នាំ​យក​ជយ‌ភ័ណ្ឌ​ទៅ​ស្រុក​អេស៊ីប គឺ​មាន​រូប​ព្រះ រូប​សំណាក​ផ្សេងៗ ដែល​ធ្វើ​ពី​លោហ‌ធាតុ​ដ៏​ភ្លឺៗ និង​វត្ថុ​ដ៏​មាន​តម្លៃ​ធ្វើ​ពី​ប្រាក់ ពី​មាស​ជា​ដើម។ បន្ទាប់​មក ស្ដេច​នេះ​នឹង​ឈប់​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ស្ដេច​ខាង​ជើង​មួយ​រយៈ។

9. ក្រោយ​មក ស្ដេច​ខាង​ជើង​ក៏​ចេញ​ទៅ​ច្បាំង​នឹង​អាណា‌ចក្រ​របស់​ស្ដេច​ខាង​ត្បូង រួច​វិល​ត្រឡប់​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ។

10. បុត្រ​របស់​ស្ដេច​នោះ​នាំ​គ្នា​លើក​ទ័ព​ទៅ​ច្បាំង ដោយ​ប្រមូល​កង‌ពល​យ៉ាង​ច្រើន​ឥត​ឧបមា។ បុត្រ​មួយ​អង្គ​វាយ​ឆ្លង​ព្រំ‌ដែន​ដូច​ទឹក​ជំនន់​ហូរ​យ៉ាង​ខ្លាំង រួច​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន ទាំង​វាយ​លុក​ក្រុង​មួយ​ដែល​មាន​កំពែង​នៅ​តាម​ផ្លូវ​ផង។

11. ពេល​នោះ ស្ដេច​ខាង​ត្បូង​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ក៏​លើក​ទ័ព​យ៉ាង​ច្រើន​ទៅ​វាយ​លុក​ស្ដេច​ខាង​ជើង ហើយ​កង‌ទ័ព​ដ៏​ច្រើន​របស់​ស្ដេច​ខាង​ជើង ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ខាង​ត្បូង។

12. ដោយ​ឃើញ​ខ្មាំង​យ៉ាង​ច្រើន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្លួន​ដូច្នេះ ស្ដេច​ក៏​មាន​ចិត្ត​អួត​បំប៉ោង ហើយ​ប្រហារ​ជីវិត​ពួក​គេ​រាប់​ម៉ឺន​រាប់​សែន។ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ក៏​ស្ដេច​នៅ​តែ​យក​ជ័យ‌ជំនះ​ពុំ​បាន​ដែរ។

13. ស្ដេច​ខាង​ជើង​វិល​ត្រឡប់​មក​វិញ ទាំង​លើក​ទ័ព​ច្រើន​ជាង​មុន។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្ដេច​ខាង​ជើង​នឹង​លើក​ទ័ព​យ៉ាង​ធំ​ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។

14. នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ស្ដេច​ខាង​ត្បូង ហើយ​មាន​មនុស្ស​ឃោរ‌ឃៅ​ជា​ច្រើន​ក្នុង​ចំណោម​ប្រជា‌ជន​របស់​លោក លើក​គ្នា​បះ‌បោរ ស្រប​តាម​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នោះ តែ​ពួក​គេ​ពុំ​អាច​សម្រេច​គម្រោង‌ការ​របស់​ខ្លួន​បាន​ឡើយ។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 11